ប្រទេស​បារាំង ​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី លោក Emmanuel Macron កាលពី​ថ្ងៃ​សៅរ៍ បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី​ការ​​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ សម្រាប់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ដែលមាន​ព្រំដែន​ជាប់​ប្រទេស​រុស្ស៊ី​។ នេះ​បើ​យោងតាម​ទី​​ភ្នាក់ងារ​ព័ត៌មាន AFP​។​

AFP បាន​រាយការណ៍ ដោយ​យោងតាម​វិមាន Elysee របស់​ប្រ​ធានា​ធិបតី​បារាំង​ថា​៖ «​ជម្រើស​អធិប​​តេ​យ្យ​ភាព ដោយ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​នេះ នឹង​ពង្រឹង​សន្តិសុខ​របស់​ពួកគេ ក្នុងការ​ប្រឈម​នឹង​ការ​​គំរាមកំហែង ដែលមាន​ស្រាប់​នៅក្នុង​តំបន់​ភ្លាមៗ ហើយនឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ជំហរ​រួម និង​សន្តិ​​សុខ​អឺរ៉ុប​របស់​យើង​»​។​

​កាលពី​ថ្ងៃទី ​៣ ខែសីហា សភា​ជាន់​​ទាបបារាំង បានផ្តល់​សច្ចាប័ន​លើ​ពិធីសារ​ស្តីពី​ការចូល​ជា​សមាជិក​របស់​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ទៅកាន់​អង្គការ​ណា​តូ​។ ការសុំ​ចូល​ជា​សមាជិក​នេះ ត្រូវតែ​ទទួលបាន​ការ​​ផ្តល់​សច្ចាប័ន​ដោយ​សមាជិក​ទាំង​​អស់នៃ​ប្លុក​នេះ​។ រហូតមកដល់​​ពេលនេះ មាន​ប្រទេស​ជាង ​២០ ក្នុងចំណោម​ប្រទេស​ទាំង​ ៣០ ដែល​បង្កើតជា​សម្ព័ន្ធភាព​យោធា​នេះ បានសម្រេច​អនុម័ត​រួចហើយ​។​

​នៅ​ថ្ងៃទី​ ១៨ ខែឧសភា ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បានដាក់​ពាក្យ​ចូល​ជា​សមាជិក​របស់​ណា​តូ ប៉ុន្តែ​តួ​ក​គី រាំង​​ស្ទះ​ការចូល​ជា​សមាជិក​នេះ​ភ្លាមៗ ដោយ​ទាមទារ​ឱ្យ​ប្រទេស​ណ័​រ​ឌិ​ក​ទាំង ​២ ប្រកាសថា អង្គការ​ឃើ​ដ​ជា​ភេរ​វករ ធ្វើ​បត្យាប័ន​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ភេរវកម្ម ឬ​ចូលរួម​ក្នុងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ កាលពី​ឆ្នាំ​ ២០១៦ ទៅ​ក្រុង​អង់កា​រ៉ា ព្រមទាំង​លុបចោល​ការហាមឃាត់​នូវ​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​តួ​ក​គី​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​អះអាងថា ជាង ១​ ខែក្រោយ​មក រដ្ឋ​មន្ត្រី​ការបរទេស​តួ​ក​គី ស៊ុយអែត និង​ហ្វាំ​ង​ឡង់ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ ដែល​លុបបំបាត់​ឧបសគ្គ​ចំពោះ​ការចូល​ជា​សមាជិក​នេះ​។​

​ប្រទេស​សមាជិក​អង្គការ​ណា​តូ​ចាស់​ចំនួន​ ៧ ដែល​មិនទាន់​ផ្តល់​សច្ចាប័ន រួមមាន​ព័រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ សា​.​ឆែក ស្លូ​វ៉ា​គី ហុង​គ្រី ក្រិ​ក និង​តួ​ក​គី ចំណែក​អាមេរិក​ក្លាយជា​ប្រទេស​ទី​២៣ ដែល​អនុម័ត​លើ​ការផ្តល់​សច្ចាប័ន​នេះ​។ នេះ​បើតាម Atlantic Council៕