
ប្រធានសភាអាមេរិក លោកស្រី ប៉េឡូស៊ី (ឆ្វេង) និងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen គ្រវីដៃដាក់អ្នកសារព័ត៌មាន នៅការិយាល័យប្រធានាធិបតី ក្នុងក្រុងតៃប៉ិ កាលពីថ្ងៃទី ៣ ខែសីហា។ AFP
សហរដ្ឋអាមេរិកគ្រោងនឹងធ្វើ «ការល្បាតតាមជើងទឹក និងដែនសមុទ្រ» ថ្មី នៅច្រកសមុទ្រតៃវ៉ាន់ក្នុងជំហាន ដែលឆ្លុះបញ្ចាំងពីការឆ្លើយតបរបស់ក្រុងវ៉ាស៊ីនតោន ចំពោះសមយុទ្ធយោធាចិន ក្នុងតំបន់ ខណៈភាពតានតឹង ជុំវិញទស្សនកិច្ចប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី កំពុងបន្ត។
លោក Kurt Campbell អ្នកសម្របសម្រួលរបស់សេតវិមាន សម្រាប់បញ្ហាអាស៊ីប៉ាស៊ីហ្វិក និងជាទីប្រឹក្សារបស់ប្រធានាធិបតី លោក ចូ បៃដិន និយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ទោះបីជាមានភាពតានតឹងក៏ដោយ ក៏កងកម្លាំងសហរដ្ឋអាមេរិក «នឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិការ នៅកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត ស្របតាមការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍»។
លោក Campbell និយាយថា សកម្មភាពល្បាតនោះនឹង «រួមបញ្ចូលទាំងការបញ្ជូនតាមផ្លូវអាកាស និងដែនសមុទ្រ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ»។
មន្ត្រីដដែល មិនបានបញ្ជាក់ពីប្រភេទនៃការដាក់ពង្រាយប្រភេទណា ដែលនឹងត្រូវធ្វើឡើង ដើម្បីគាំទ្រដល់ប្រតិបត្តិការនេះទេ ដោយនិយាយថា លោកមិនមាន «មតិយោបល់អំពីលក្ខណៈនៃការល្បាត ឬពេលវេលាល្បាតរបស់យើងតាមច្រកសមុទ្រតៃវ៉ាន់ឡើយ»។
លោក Campbell បន្តថា ក្រុងវ៉ាស៊ីនតោនគ្រោងនឹងប្រកាស «ផែនទីបង្ហាញផ្លូវដ៏មានមហិច្ឆតា» សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយកោះតៃវ៉ាន់ បន្ទាប់ពីមានភាពតានតឹងខ្លាំងជាមួយចិន ក្នុងមួយរយៈចុងក្រោយនេះ។
ការប្រកាសរបស់លោក Campbell ធ្វើឡើង បន្ទាប់ពីចិនធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន នៅជុំវិញកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ ក្នុងអំឡុងពេល និងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី។
ចិនដែលចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីមួយរបស់ខ្លួន បានចោទប្រកាន់សហរដ្ឋអាមេរិកថា ធ្វើការប្រឆាំងនឹងគោលនយោបាយ «ចិនតែ ១» និងបង្កឱ្យមានអសន្តិសុខក្នុងតំបន់។ ប៉ុន្តែតៃវ៉ាន់ចោទចិនថា យកទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ដើម្បីជាលេសចាប់ផ្តើមសមយុទ្ធ ដែលជា «ការហាត់សមសម្រាប់ការឈ្លានពាន»។
ជាមួយគ្នានោះ លោក Campbell និយាយថា ទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី គឺស្របគ្នាតាមគោលនយោបាយដែលក្រុងវ៉ាស៊ីនតោនមានស្រាប់ ប៉ុន្តែចិនចេញ «ប្រតិកម្មជ្រុលហួស»។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោកបានបន្ថែមថា ទីក្រុងប៉េកាំងប្រើលេស ដើម្បី «ចាប់ផ្តើមយុទ្ធនាការដាក់សម្ពាធកាន់តែខ្លាំងប្រឆាំងកោះតៃវ៉ាន់ ដើម្បីព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដែលបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់។ សកម្មភាពរបស់ចិន នៅតែបន្តបង្កហេតុ អស្ថិរភាព និងមិនធ្លាប់មានពីមុន»។
ជាការឆ្លើយតបទៅនឹងសមយុទ្ធរបស់ចិន អាមេរិកកំពុងអះអាងឡើងវិញនូវការចូលរួមរបស់ខ្លួនក្នុងតំបន់ ខណៈបញ្ជាក់ឡើងវិញនូវគោលនយោបាយរបស់ខ្លួន ដែលទទួលស្គាល់ការទូតចិន ព្រមទាំងរក្សាទំនាក់ទំនងជាមួយកោះតៃវ៉ាន់។
លោក Campbell បញ្ជាក់ថា៖ «យើងនឹងធានាថា វត្តមាន ឥរិយាបថ និងប្រតិបត្តិការរបស់យើង អាចគ្រប់គ្រងទង្វើបង្កហេតុ និងអស្ថិរភាពរបស់ចិន តាមទស្សនៈទៅរកការដឹកនាំស្ថានការណ៍ នៅប៉ាស៊ីហ្វិកខាងលិច ឱ្យឆ្ពោះទៅរកស្ថិរភាពកាន់តែខ្លាំង»។
ទន្ទឹមនឹងនោះ សេតវិមានបានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះ USS Ronald Reagan ឱ្យស្ថិតនៅក្នុងតំបន់ជិតកោះតៃវ៉ាន់ ដើម្បី «តាមដានស្ថានភាព» ហើយបានធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាជាមួយជប៉ុន កាលពីថ្ងៃអង្គារ នៅជិតកោះអូគីណាវ៉ា ដែលមីស៊ីលរបស់ចិនធ្លាក់ចូលក្នុងអំឡុងសមយុទ្ធបាញ់គ្រាប់ពិត។
ការរំពឹងពីការល្បាតនៅច្រកសមុទ្រតៃវ៉ាន់របស់អាមេរិក ត្រូវបានលើកឡើងដោយ លោក Colin Kahl អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកគោលនយោបាយអាមេរិក ៤ ថ្ងៃ មុនការប្រកាសរបស់លោក Campbell ដោយបន្ថែមពីលើការសង្ខេបមួយរបស់លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក សម្រាប់ការទំនាក់ទំនងយុទ្ធសាស្ត្រ កាលពីថ្ងៃទី ៤ ខែនេះ។
កាសែតរដ្ឋចិន Global Times ចុះផ្សាយកាលពីកណ្ដាលសប្ដាហ៍មុនអំពីការណ៍នេះ ដោយស្រង់សម្ដីលោក Song Zhongping អ្នកជំនាញខាងយោធាចិន ដែលថា ប្រសិនបើនាវាចម្បាំងអាមេរិករំកិលខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ធម្មតា កងទ័ពរំដោះប្រជាជនចិន (PLA) អាចឃ្លាំមើលយ៉ាងកៀកកិត ដោយគ្មានសកម្មភាព ប៉ុន្តែនឹងឆ្លើយតប ប្រសិនបើអាមេរិកធ្វើសកម្មភាពគំរាមកំហែងណា ១។
Global Times ដកស្រង់សម្ដីអ្នកជំនាញម្នាក់ទៀត ដែលនិយាយដោយមិនបញ្ចេញឈ្មោះថា៖ «អាមេរិកនឹងមិនបោះបង់ចោល «កូនបំណុល» គឺកោះតៃវ៉ាន់ ដែលខ្លួនកំពុងប្រើ ដើម្បីបញ្ឆេះវិបត្តិក្នុងតំបន់ជុំវិញប្រទេសចិន ដើម្បីសម្រេចបានគោលដៅបំផ្លាញបរិយាកាសអភិវឌ្ឍន៍ទាំងខាងក្នុង និងខាងក្រៅរបស់ចិន»។
លោក Andrew Leung អ្នកវិភាគអំពីចិន ប្រាប់បណ្ដាញព័ត៌មាន Al Jazeera ថា សកម្មភាពរបស់អាមេរិកលើកោះតៃវ៉ាន់ កំពុងប្រឆាំងគោលនយោបាយផ្លូវការ «ចិនតែ ១» របស់ខ្លួន ដោយការបញ្ជូនមន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់កោះនេះ។ លោក Leung និយាយថា ដំណើរទស្សនកិច្ចបែបនេះផ្តល់ឱ្យតៃវ៉ាន់បង្កើនទំហំការទូត ដើម្បីទទួលយកតួនាទីឯករាជ្យ ដូចជាប្រទេសដាច់ចេញពីចិន។
បន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ក្រុងប៉េកាំង បានលុបចោលនូវគំនិតផ្តួចផ្តើមការទូតជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងក្រុងវ៉ាស៊ីនតោន រួមទាំងកិច្ចពិភាក្សា «យោធាទល់នឹងយោធា» និងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុជាដើម។ នៅក្នុងឯកសារគោលនយោបាយចុងក្រោយរបស់ខ្លួន ដែលចេញផ្សាយនៅសប្តាហ៍មុននេះ ក្រុងប៉េកាំងនិយាយជាថ្មីថា ខ្លួននឹងប្រើប្រាស់កម្លាំងប្រឆាំងនឹងតៃវ៉ាន់ ប្រសិនបើខ្លួនមិនអាចគ្រប់គ្រងកោះនេះ «ដោយមធ្យោបាយសន្តិភាព» ទេ។
កងទ័ពរំដោះប្រជាជនចិនបានប្រកាសថា សមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួនត្រូវបានបញ្ចប់ កាលពីថ្ងៃពុធ ប៉ុន្តែសន្យាថានឹងបន្ត «ការល្បាតត្រៀមប្រយុទ្ធជាប្រចាំ» នៅក្នុងតំបន់ ដោយបង្កើនលទ្ធភាពនៃប្រតិបត្តិការយោធាចិនជាញឹកញាប់នៅជិតកោះតៃវ៉ាន់។
១ ថ្ងៃបន្ទាប់នោះ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និយាយថា ការគំរាមកំហែងនៃកងកម្លាំងចិន គ្មានការថយចុះទេ។ លោកស្រីថា តៃវ៉ាន់នឹងមិនបង្កើន ឬបង្កជម្លោះឡើយ ប៉ុន្តែ «នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសន្តិសុខជាតិ ហើយប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាព»៕
ហួន ឌីណា
វីដេអូ៖