ប្រធានា​ធិបតី​រុស្ស៊ី ​លោក ​វ្ល៉ាឌីមៀរ​ ពូទីន ​​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ទី​ក្រុង​ម៉ូស្គូ​ឱ្យ​តម្លៃ​លើ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នៅ​អាមេរិក​ឡាទីន​ អាស៊ី ​និង​អាហ្រ្វិក ​ហើយ​ថា រុស្ស៊ី​​ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុង​ការ​លក់​​អាវុធទំនើប​ «ដែលល្អ​អស្ចារ្យ​​ជាងរបស់​​គូ​ប្រជែងបរទេស​»​​ ​​​ដល់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​។​

​លោក​ ពូទីន​ ​និយាយ​​ក្នុង​ពិធី​បើក​វេទិកា​«​កង​ទ័ព​-២០២២»​ ​នៅ​ជិត​ទីក្រុង​ម៉ូស្គូ​ថា​៖ «[យើង] បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ផ្តល់​ជូន​សម្ព័ន្ធ​មិត្ត​របស់​យើង​នូវ​ប្រភេទ​អាវុធ​ទំនើប​បំផុត​ ចាប់​ពី​អាវុធ​ធុន​តូច​ រហូត​ដល់​រថពាស​ដែក ​និង​កាំភ្លើង​ធំ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ ក៏​ដូច​ជា ដ្រូន​»។ ​

ការ​ថ្លែង​បែប​​របស់​លោក ពូទីន​ ធ្វើ​ឡើង ខណៈ​​ដែល​រុស្ស៊ីរង​ការ​វាយ​បក​វិញ​ ក្នុង​​ការ​​ប្រយុទ្ធ​របស់​ខ្លួន​នៅ​តំបន់​ដុនបាស​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ទទួល​បាន​ជំនួយ​សព្វាវុធ​ទំនើប​ៗ​ពី​លោក​ខាង​លិច​ ​ ​ដែល​​​​​​​បិទ​ការ​នាំ​ចេញទៅ​រុស្ស៊ី​នូវ​​​បច្ចេកវិទ្យា​ជាន់​ខ្ពស់ ​ ​​បម្រើ​ឱ្យ​ផលិតកម្ម​លើ​វិស័យ​យោធា​របស់​ប្រទេស​នេះ​។

​​​លោក​ ពូទីន​ បាន​បន្ត​​ថា​ សឹង​តែ​​​ទាំង​អស់នៃ​អាវុធ​ដែល​​​នឹង​ផ្គត់​ផ្គង់​ឱ្យ​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​ «ត្រូវ​បាន​ប្រើ​លើស​ ​ពី​​ម្តង​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​​ជាក់​ស្ដែង​ផ្សេង​ៗ»។ ​លោក​ថា​៖​ «​យើង​​​និយាយ​អំពី​អាវុធ​ និងគ្រឿង​​យន្ត​​ ដែល​មាន​ភាពច្បាស់​លាស់​​ខ្ពស់​និង​អំពី​ប្រព័ន្ធ​ប្រយុទ្ធ​ ដោយ​​ផ្អែក​លើ​គោលការណ៍​រូបវន្ត​ថ្មី​។ ​​​​អាវុធទាំង​នោះ​ភាគ​ច្រើន​ដើរ​មុន​របស់​ពួក​ដៃ​គូ​ប្រជែង​បរទេសរាប់​ឆ្នាំ​ ខ្លះ​រហូត​ដល់​ទសវត្សរ៍​​​​ ហើយ​​បើ​និយាយ​ពី​លក្ខណៈ​មធ្យោបាយ ​​​និង​​បច្ចេក​ទេស ​​គឺទំនើប​​អស្ចារ្យជាង​មុន​​»។

យ៉ាង​ណាមិញ​ អ្នក​វិភាគ​យោធា​លោក​ខាង​លិច បាន​​និយាយ​ថា ​ប្រតិបត្តិការ​ខ្សោយ​​​របស់​​កង​​ទ័ព​​រុស្ស៊ី​​និង​សព្វាវុធ​ អាច​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អាវុធ​របស់​ប្រទេស​នេះ​ មិន​សូវ​ទាក់​ទាញ​ដល់​អ្នក​ទិញ ​ដែល​មាន​សក្តានុពល​ ដូច​ជា​​ឥណ្ឌា ​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​បច្ចេក​វិទ្យា​ចាស់​ៗ​របស់​រុស្ស៊ី​។

នៅ​ពេល​នេះ​ អ៊ុយក្រែន​​ប្រើ​ប្រាស់​សព្វា​វុធ​ដែល​ផ្គត់​ផ្គង់​ដោយ​សហរដ្ឋ​អាមេរិក​ ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ជា​ពិសេស​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​កាំភ្លើង​ធំ​ជាន់​​ខ្ពស់​ (HIMARS) ដែល​ធ្វើ​​ឱ្យ​ការវាយលុក​​របស់​រុស្ស៊ី ​ត្រូវ​រុល​បក​ក្រោយ ​​ខណៈ​​ខាត​​បង់​កងកម្លាំង​ និង​សព្វាវុធ​យ៉ាង​មហាសាល​។ យ៉ាង​ណា​ក៏​ដោយ​ លោក​ ពូទីន​ ​​និយាយ​​​ថា​ កង​​កម្លាំង​​រុស្ស៊ី​ និង​ពួក​ប្រូកស៊ី​របស់​ខ្លួន​​ក្នុង​​តំបន់​ដុនបាស​ កំពុង​ប្រព្រឹត្ត​ទៅ​តាម​ដំណើរ​ការ​របស់​ខ្លួន​។ ​

ការ​លើក​ឡើង​ចុង​ក្រោយ​របស់​លោក​ ពូទីន​ ធ្វើ​ឡើង​ក្នុង​វោហារ​មួយ​ ដែល​ត្រូវ​បាន​គេ​និយាយ​ថា​​ ស្រប​គ្នា​ទៅ​នឹង​អ្វី​ដែល​រុស្ស៊ី​ធ្លាប់​និយាយ​ក្រោយ​ការ​ឈ្លាន​ពាន​អ៊ុយក្រែនថា​​ ​​រុស្ស៊ី​មាន​​សក្តានុពលក្នុង​ការ​សហការ​ជាមួយ​សម្ព័ន្ធ​មិត្ត​ដូច​ជា​ចិន ​ឥណ្ឌា​ អ៊ីរ៉ង់​ និង​ប្រទេស​ដទៃ​ទៀត​ ដើម្បី​កសាង​អន្តរជាតិ​ថ្មី​មួយ​ ដោយ​គ្មាន​ការ​ក្អេង​ក្អាង​របស់​សហរដ្ឋ​អាមេរិក​។ ​

​​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ រុស្ស៊ី​ជាប់​ចំណាត់​ថ្នាក់​លេខ​២​លើ​ការ​ផ្គត់​ផ្គត់ទីផ្សារ​​អាវុធជិត​ ១/៥ របស់​​​ពិភព​លោក​ ​ដែល​រក​​ចំណូល​ពី​វិស័យ​នេះ​រហូត​ដល់​ ១៥ ប៊ីលាន​ដុល្លារ​ ក្នុង ១ ឆ្នាំ​។ ​យោង​តាម​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សន្តិភាព​អន្តរជាតិ​Stockholm ចន្លោះ​​ពី​ឆ្នាំ​ ២០១៧-២០២១​ ប្រទេស​នេះ​លក់​អាវុធ​ប្រហែល​ ៧៣ ភាគរយ​​ទៅ​ឱ្យ​​ប្រទេស​ចំនួន​ ៤​ គឺ​ឥណ្ឌា ​ចិន​ អេហ្ស៊ីប ​និង​អាល់ហ្ស៊េរី​៕

ហួន ឌីណា

វីដេអូ៖