
នាវាស្រាវជ្រាវ និងអង្កេតរបស់ចិន ឈ្មោះ Yuan Wang 5 មកដល់កំពង់ផែ Hambantota របស់ស្រីលង្កា នៅថ្ងៃទី ១៦ ខែសីហា។ AFP
ប្រទេសមហាយក្ស ២ នៅអាស៊ី បង្ហាញការមិនពេញចិត្ត ចំពោះគ្នា និងគ្នាជាសាធារណៈ ក្នុងរយៈពេលថ្មីៗនេះ ជុំវិញស្ថានការណ៍អន្តរជាតិមួយចំនួន ដែលកំពុងវិវឌ្ឍក្តៅគគុក បើទោះបីជារូបភាពខ្លះបង្ហាញថា ប្រទេសទាំង ២ រួមដៃគ្នា ដើម្បីទប់ឥទ្ធិពលពីខាងក្រៅក្ដី។
មហាយក្សចិន ដែលនៅតំបន់អាស៊ីខាងកើត និងមានសេដ្ឋកិច្ចលំដាប់លេខ ២ ក្នុងពិភពលោក និងមហាយក្សឥណ្ឌា នៅតំបន់អាស៊ីខាងត្បូង ដែលប្រទេសទាំង ២ ស្ថិតក្នុងប្លុក BRICS ដូចគ្នា មានជំហរស្របគ្នា ក្នុងការមិនដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលលើកទ័ពលុកលុយអ៊ុយក្រែន តែបញ្ហាកោះតៃវ៉ាន់ ដែលបាននិងកំពុងវិវឌ្ឍយ៉ាងក្តៅគគុកនោះ ឆ្លុះបញ្ចាំងឱ្យឃើញពីអរិភាពកាន់តែខ្លាំងលើនយោបាយការបរទេសរបស់ឥណ្ឌា និងចិន។
ឥណ្ឌា និងចិន សុទ្ធសឹងជាប្រទេសមហាអំណាច ដោយផ្អែកលើចំនួនប្រជាជន និងកត្តារីកចម្រើនសេដ្ឋកិច្ច ប៉ុន្តែប្រទេស ភូមិផងរបងជាមួយគ្នានេះ មានប្រវត្តិមិនទុកចិត្តគ្នា លើជម្លោះព្រំដែន និងកត្តាជាច្រើនទៀត។
បើយោងតាមបណ្ដាញសារព័ត៌មាន BLOOMBERG រដ្ឋាភិបាលក្រុងប៉េកាំង ចង់ឱ្យឥណ្ឌាបញ្ជាក់ឡើងវិញគោលនយោបាយ «ចិនតែ ១» ជាសាធារណៈ ប៉ុន្តែឥណ្ឌាវិញ នៅតែបង្ហាញជំហរ «រង់ចាំមើល» ដោយមិនបានបង្ហាញសារអ្វី ជុំវិញកោះតៃវ៉ាន់ ដែលលោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភាអាមេរិក បានទៅទស្សនកិច្ចដ៏ចម្រូងចម្រាសបំផុត ក្នុងរយៈពេលចុងក្រោយនេះ ដោយសាររដ្ឋាភិបាលចិនដីគោក បានចាត់ទុកដំណើរនោះថា ជាការបង្កហេតុ។
រដ្ឋាភិបាលចិន បានស្វែងរកការគាំទ្រក្នុងតំបន់ បន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ដែលបានបង្កឱ្យមានការធ្វើសមយុទ្ធយោធាដ៏ធំ ដោយយោធាចិន នៅជុំវិញកោះតៃវ៉ាន់នេះ។ បើយោងតាម Bloomberg លោក Sun Weidong ឯកអគ្គរដ្ឋទូតចិនប្រចាំឥណ្ឌា បានអះអាងថា ប្រទេសជាង ១៧០ លើសកលលោក និងអង្គការអន្តរជាតិមួយចំនួន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះគោលការណ៍ «ចិនតែ ១» ដែលទទួលស្គាល់ថា កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យនេះ ជាខេត្ត ១ ចំណុះឱ្យចិនដីគោក។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ពេលសភាពការណ៍កំពុងតែតានតឹងឡើងៗ និងមានប្រតិបត្តិកម្ម ជុំវិញពិភពលោក ដោយសារទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ដែលបណ្តាលរដ្ឋាភិបាលចិនខឹងសម្បាយ៉ាងខ្លាំង ហើយប្រទេសនានា បានសម្តែងជាសាធារណៈអំពីការគាំទ្រលើគោលការណ៍ចិនតែ ១ ប្រទេសឥណ្ឌា ឯណោះវិញ បែរជានៅតែស្ងាត់ស្ងៀមដដែល។ លោក Weidong បានលើកឡើងថា៖ «យើងសង្ឃឹមថា ភាគីឥណ្ឌាអាចនិយាយឡើងវិញ យ៉ាងបើកចំហនូវគោលនយោបាយចិនតែ ១ ដូចប្រទេសជាច្រើនទៀត»។
លោកនិយាយក្នុងសេចក្តីអត្ថាធិប្បាយសង្ខេបរបស់លោក នៅឯសន្និសីទសារព័ត៌មាន នាទីក្រុងញូវដែលី កាលពីថ្ងៃសៅរ៍ ទី ១៣ ខែសីហាថា៖ «គោលការណ៍ចិនតែ ១ គឺជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន និងឥណ្ឌា»។
ឥណ្ឌាធ្វើតាមគោលនយោបាយ «ចិនតែ ១» និងទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងតែប៉ុណ្ណោះ ប៉ុន្តែមិនបានលើកឡើងនៅក្នុងឯកសារទ្វេភាគី ឬក្នុងសេចក្តីថ្លែងការណ៍សាធារណៈអស់រយៈពេលជាយូរហើយ។ នេះជាការកត់សម្គាល់របស់បណ្តាញព័ត៌មានខាងលើ។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ឥណ្ឌាបានបង្ហាញពីការមិនពេញចិត្ត ចំពោះការចូលចតនាវាចារកម្មរបស់ចិន «Yuan Wang 5» ទៅកាន់កំពង់ផែនៃស្រីលង្កា ដែលរដ្ឋាភិបាលប្រទេសនេះ បានប្រគល់សិទ្ធិសម្បទានវិនិយោគ រហូតដល់ ៩៩ ឆ្នាំ ដោយឥណ្ឌាបារម្ភពីការស៊ើបការណ៍ទីតាំងយោធារបស់ខ្លួន នៅសមុទ្រឥណ្ឌាពីចិន។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP មន្ត្រីបាននិយាយថា រដ្ឋាភិបាលស្រីលង្កា បានផ្តល់ការអនុញ្ញាត កាលពីថ្ងៃសៅរ៍ សម្រាប់នាវាស្រាវជ្រាវរបស់ចិន ដើម្បីចូលចតនៅកោះនេះ ទោះប្រទេសជិតខាងឥណ្ឌាបារម្ភថា កប៉ាល់នោះ អាចជាឈ្លបយកការណ៍លើការដំឡើងយោធារបស់ក្រុងញូវដែលីក៏ដោយ។
នាវា Yuan Wang 5 របស់ចិន ត្រូវបានពិពណ៌នាថា ជានាវាស្រាវជ្រាវ និងអង្កេតដោយបណ្តាញដឹកជញ្ជូន និងវិភាគអន្តរជាតិ តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា វាគឺជានាវាចារកម្មប្រើមុខងារ ២។ ក្រុងញូវដែលីមានការសង្ស័យ ចំពោះការកើនឡើងវត្តមានរបស់ក្រុងប៉េកាំង ក្នុងមហាសមុទ្រឥណ្ឌា និងឥទ្ធិពល នៅស្រីលង្កា ដោយឃើញពីទំនាក់ទំនងរឹងមាំរបស់ប្រទេសទាំង ២។
ទោះមានការរិះគន់លើឥណ្ឌា ដែលមិនព្រមដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី តាមប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប៉ុន្តែឥណ្ឌាត្រូវបានគេមើលឃើញថា ជាអ្នកការពារបស្ចិមប្រទេស ក្នុងកិច្ចប្រជុំប្លុក BRICS កាលពីខែមិថុនា ជាកិច្ចប្រជុំ ដែលត្រូវបានរំពឹងថា មេដឹកនាំចិន និងរុស្ស៊ី នឹងប្រើវេទិកាអន្តរជាតិនោះ សម្រាប់វាយបកលើអាមេរិក ស្របពេលចិនមានជម្លោះវោហារស័ព្ទខ្លាំង ជាមួយប្រទេសមហាអំណាចទី១ របស់ពិភភពលោកនេះ។
BLOOMBERG បានដកស្រង់សម្ដីពីមន្ត្រីឥណ្ឌា ដែលយល់ដឹងពីបញ្ហានេះ ដោយនិយាយថា ឥណ្ឌាត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានការប្រឆាំងកិច្ចខិតខំប្រឹងប្រែង ដែលបានរំពឹងទុក ដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដើម្បីយកកិច្ចប្រជុំ BRICS នៅឆ្នាំនេះ ជាវេទិកា ១ ដើម្បីបង្ហាញពីការប្រឹងប្រែងរបស់លោក ក្នុងការកសាងជម្រើស ១ ចំពោះសណ្តាប់ធ្នាប់ពិភពលោក ដែលដឹកនាំដោយអាមេរិក។
ដូចរំពឹងទុក តាមរយៈសេចក្តីថ្លែងការណ៍របស់ BRICS កាលពីថ្ងៃទី ២៣ ខែមិថុនា ចំនួន ៧៥ ចំណុច មិនបានលើកពីចំណុចណា ដែលវាយប្រហារលោកសេរីនៅបស្ចិមប្រទេស ដែលនាំមុខដោយអាមេរិកឡើយ ដោយគ្រាន់តែលើកឡើងពីអ្វី ដែល BRICS នឹងត្រូវធ្វើប៉ុណ្ណោះ។
ក្រោយចិនបង្ហាញភាពតានតឹងកាន់តែខ្លាំងជាមួយកោះតៃវ៉ាន់ ឥណ្ឌាក៏បានប្រកាសពីផែនការ ក្នុងការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលគេស្គាល់ថា «Yudh Abhyas» ឬ «War Practice» (ការហ្វឹកហាត់ធ្វើសង្គ្រាម) ជាមួយសហរដ្ឋអាមេរិក នៅតំបន់ Auli ក្នុងរដ្ឋ Uttarakhand របស់ឥណ្ឌា ជាប់ព្រំដែនចិន ដោយមានចម្ងាយមិនដល់ ១០០ គ.ម។ នេះបើតាម CNN។
កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នា នៅតាមបណ្ដោយព្រំដែន រវាងប្រទេសទាំង ២ ក្នុងឆ្នាំ ២០២០ ដោយបណ្តាលឱ្យកងទ័ពទាំងសងខាងបានស្លាប់ ដែលជាហេតុការណ៍អាក្រក់បំផុត រយៈពេល ៤ ទសវត្សរ៍។ សម្រាប់បញ្ហាថ្មីៗចុងក្រោយ ឥណ្ឌាបង្ហាញកង្វល់ ចំពោះនាវាស៊ើបការណ៍របស់ចិន ដែលចូលចតនៅកំពង់ផែរបស់ស្រីលង្កា។
ភាពមិនច្បាស់លាស់ និងការស្ទាក់ស្ទើររបស់ឥណ្ឌា គឺផ្ទុយពីប្រទេសក្នុងតំបន់ និងក្រុមប្រទេស G7 ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និងអាល្លឺម៉ង់ ដែលឱ្យដឹង ក្នុងខែនេះថា មិនមានការផ្លាស់ប្តូរ ក្នុងគោលនយោបាយ «ចិនតែ ១» ឬលើតៃវ៉ាន់នោះទេ៕
វីដេអូ៖