គណៈ​កម្មាធិការ​រៀបចំ​ការបោះឆ្នោត​កេនយ៉ា ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា អនុ​ប្រធានា​ធិបតី​នៃ​ប្រទេស​កេនយ៉ា លោក វីលៀម រូតូ (William Ruto) ត្រូវ​បាន​ជ្រើសរើស​ឱ្យក្លាយ​ជា​ប្រធានា​ធិបតី​បន្ទាប់​របស់​ប្រទេស​អាហ្វ្រិក​មួយ​នេះ។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន CNN​។

លោក រូតូ ទទួល​បាន​សំឡេង​ឆ្នោត ៥០,៤៩% ដោយ​ផ្តួល​មេដឹកនាំ​ប្រឆាំង​ជើងចាស់ និង​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក Raila Odinga ដែល​កំពុង​ប្រកួត​ប្រជែង​ការបោះឆ្នោត​លើក​ទី​៥ របស់​លោក​។

លោក រូតូ នឹង​ក្លាយជា​ប្រធានា​ធិបតី​ទី៥ របស់​កេនយ៉ា រាប់​ចាប់​តាំងពី​ទទួល​បាន​ឯករាជ្យ​។ គណ​បក្ស​ចម្រុះ Kenya First របស់លោក បាន​ឈ្នះ​អាសនៈ​ភាគ​ច្រើន នៅក្នុង​ព្រឹទ្ធសភា​កេនយ៉ា​។

ការប្រកាស​លទ្ធផល​ឆ្នោត ត្រូវ​បាន​ពន្យា​រពេល ២ ​ម៉ោង បន្ទាប់​ពី​មានការ​បដិសេធ​​លទ្ធផល​ឆ្នោត ពី​មន្ត្រី ៤ ​នាក់ ​របស់​គណៈ​កម្មា​ធិការ​រៀបចំ​ការ​បោះឆ្នោត​។ មន្ត្រី​ដែល​ប្រឆាំង បានធ្វើ​សន្និ​សីទ​កាសែត​របស់​ខ្លួន នៅ​កន្លែង ​១ ​ផ្សេង​ទៀត​ជំទាស់​នឹង​លទ្ធផល​ផ្លូវការ​។ អនុប្រធាន​របស់​គណៈ​កម្មាធិការ​លោកស្រី Juliana Cherera ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មិន​យល់ស្រប​នឹង​លទ្ធផល​នេះ ប៉ុន្តែ​មិន​បាន​ផ្តល់​ភ័ស្តុតាង​នៃ​ភាព​មិន​ប្រក្រតី​នោះទេ​។

ទន្ទឹម​នឹងនោះ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ គូ​ប្រជែង​របស់​លោក ​រូតូ គឺ​បក្ស​ចម្រុះ​របស់​លោក Odinga ក៏​បាន​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត​ផងដែរ មុន​ការ​ប្រកាស​ជា​ផ្លូវការ ដោយ​ថា វា​មិនទាន់​បាន​ផ្ទៀងផ្ទាត់​នោះ​ទេ​។ ទន្ទឹម​នឹង​ភាព​ចម្រូងចម្រាស​នេះ បាតុកម្ម​តវ៉ា​ពី​អ្នក​គាំទ្រ​លោក Odinga ក៏​ផ្ទុះឡើង​នៅក្នុង​ប្រទេស​នេះ​ផងដែរ ដោយ​បាតុករ​និយាយ​ថា ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ស្មើភាព​គ្នា ខណៈ​បាតុករ​ខ្លះ​ទាមទារ​ឱ្យ​បោះឆ្នោត​ជាថ្មី​ជាដើម​។

ទោះ​ជា​យ៉ាងណា លោក​ រូតូ បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រជាជន​កេនយ៉ា ដែល​បាន​បោះឆ្នោត​ជូន ហើយ​និយាយ​ថា៖ «ក្នុងការ​បោះឆ្នោត​នេះ មិនមាន​អ្នក​ចាញ់​ទេ​។ ប្រជាជន​កេនយ៉ា គឺ​ជា​អ្នក​ឈ្នះ​ដ៏​ធំ​បំផុត​»​។

លោក​បន្ត​ថា​៖ «ខ្ញុំ​នឹង​ដំណើរ​ការ​រដ្ឋា​ភិបាល​ប្រកប​ដោយ​តម្លាភាព បើកចំហ និង​ប្រជាធិប​តេយ្យ ហើយ​ខ្ញុំ​នឹង​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រឆាំង។ វិសាល​ភាព ដែល​ពួកគេ​ផ្តល់​ការត្រួត​ពិនិត្យ លើ​រដ្ឋបាល​របស់​ខ្ញុំ​»។

លោក ​រូតូ ដែល​ជា​អតីត​គ្រូ​បង្រៀន​បញ្ចប់​ការសិក្សា​ថ្នាក់​បណ្ឌិត ផ្នែក​បរិស្ថាន​វិទ្យា​រុក្ខជាតិ ពី​សាកល​វិទ្យាល័យ​ Nairobi ធ្លាប់​បាន​សន្យា​ផ្តល់​អាទិភាព​លើ​សេដ្ឋកិច្ច​របស់​ប្រទេស និង​លើកស្ទួយ​ប្រជា​ពលរដ្ឋ​សាមញ្ញ បើ​លោក​ក្លាយជា​ប្រធានា​ធិបតី​។

លោក​នឹងត្រូវ​រង​សម្ពាធ ដើម្បីឱ្យ​រក​ដំណោះស្រាយ ចំពោះ​បញ្ហា​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​របស់​កេនយ៉ា រួមទាំង​ការកើន​ឡើង​នៃ​បំណុល តម្លៃ​អាហារ និង​ប្រេង​ឥន្ធនៈ​ខ្ពស់ ហើយ​និងភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​៕

ហួន ឌី​ណា