មេដឹកនាំ​រុស្ស៊ីដែល​ត្រូវការ​មិត្ត​បរទេស​ជា​ចាំបាច់ ក្នុង​បរិបទ​ដែល​ខ្លួន កំពុង​ប្រឈម​នឹង​ការ​​ដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​ពី​ប្រទេស​លោកខាងលិច ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដោយសារតែ​ការ​លុកលុយ​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន បាន​អបអរសាទរ​សម​ភាគី​ឥណ្ឌា​របស់លោក គឺ​លោកស្រី​ប្រធានាធិបតី Draupadi Murma និង​នាយក​រដ្ឋ​​មន្ត្រី Narendra Modi អំឡុង​ការ​ប្រារព្ធ​ខួប​លើក​ទី​៧៥​ ឆ្នាំ ​នៃ​ទិវា​ឯករាជ្យ​ជាតិ​ឥណ្ឌា​។​

​តាម​ការចេញផ្សាយ​រប​ស់​ទី​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន អបអរសាទរ​សមភា​គី​ឥណ្ឌា​របស់លោក លោកស្រី Draupadi Murma និង​លោក Narendra Modi ក្នុង​ខួប​លើក​ទី​៧៥ នៃ​ការទទួល​​បាន​ឯករាជ្យ​របស់​ជាតិ​។​

​វិមាន​ក្រឹម​ឡាំង បាន​បង្ហោះ​សារ​នៅលើ​គេហទំព័រ​របស់ខ្លួន ដោយ​រៀបរាប់ថា​៖ «​រយៈពេល​ជាច្រើន​ទសវត្សរ៍ ចាប់តាំងពី​ប្រទេស​របស់​អ្នកទទួលបាន​ឯករាជ្យ វា​សម្រេចបាន​នូវ​ការ​​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នូវ​វឌ្ឍនភាព ក្នុង​វិស័យ​ជាច្រើន រួមទាំង​សេដ្ឋកិច្ច សង្គមកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ ប្រទេស​ឥណ្ឌា ឈរលើ​ភាព​​ត្រឹមត្រូវ រីករាយ​គួរ​ជាទី​កត់​សម្គាល់​លើ​ឆាក​អន្តរជាតិ ដើរតួនាទី​ជា​អ្នក​ស្ថាបនា ក្នុងការ​-​ដោះស្រាយ​បញ្ហា​បន្ទាន់ ក្នុង​របៀបវារៈ​អន្តរជាតិ​»​។​

​លោក ពូ​ទីន បន្តថា​៖ «​ទំនាក់​​ទំនង​រុស្ស៊ី​-​ឥណ្ឌា កំពុង​អភិវឌ្ឍ​ក្នុង​ស្មារតី​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​មាន​កិត្តិយស​។ ទីក្រុង​ម៉ូស្គូ និង​ញូ​វ​ដេលី កំពុង​សហការ​ដោយ​ជោគជ័យ​លើ​វិស័យ​ផ្សេងៗ និង​ធ្វើ​អន្តរ​កម្ម​ដោយ​ប្រសិទ្ធ​ភាពជា​ផ្នែក​នៃ UN (​អង្គការ​សហ​​ប្រជាជាតិ​), BRICS (​ប្លុក​ប្រទេស​សេដ្ឋកិច្ច​លូតលាស់​), SCO (​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​) និង​រចនាសម្ព័ន្ធ​ពហុភាគី​ដទៃទៀត​។ ខ្ញុំ​ប្រាកដថា ការរួម​គ្នា​របស់​យើង កិច្ច​ប្រឹងប្រែង នឹង​ធានាបាន​នូវ​ការ​អភិវឌ្ឍ បន្ត​នៃ​សំណុំ​ទាំង​មូលនៃ​ទំនាក់ទំនង​រុស្ស៊ី​-​ឥណ្ឌា ប្រកប​​ដោយ​ផ្លែផ្កា ដែលជា​ប្រយោជន៍​នៃ​ប្រទេស​យើង​ទាំង​ ២ និង​ការ​​ពង្រឹង​សន្តិសុខ និង​ស្ថិរភាព ក្នុង​តំបន់ និង​សកលលោក​»​។​

ក្រោយ​ឯករាជ្យ នាយក​រដ្ឋ​​មន្ត្រី​ទី​១ ​លោក Jawaharlal Nehru លើក​ទង់ជាតិ​ ៣ ​ពណ៌ នៅ​បន្ទាយ​ក្រហម ដែល​ក្លាយជា​និមិត្តរូប​នៃ​ការដក​អាណា​​និគម​របស់​អង់គ្លេស កាលពី​ថ្ងៃទី​ ១៥ ខែ សីហា ឆ្នាំ ​១៩៤៧​។​

​ឥណ្ឌា​ជា​ប្រទេស ​១ ដែល​មិន​ត្រឹមតែ​មិន​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទិញ​ឥន្ធនៈ និង​ផលិតផល​ជាច្រើន​ពី​រុស្ស៊ី​ទៀតផង​៕