​កាលពី​សប្ដាហ៍​មុន ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) របស់​អង្គការ​សហ​​ប្រជាជាតិ (UN) បានធ្វើការ​ព្រមាន​អំពី​ការបាញ់​ផ្លោង នៅ​បរិវេណ​នៃ​រោងចក្រ​ថាមពល​​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ៊ី (Zaporizhzhia) របស់​អ៊ុយ​ក្រែ​ន ដែល​គ្រប់គ្រង​ដោយ​កងទ័ព​​រុស្ស៊ី ដោយ​និយាយថា ស្ថាន​​ភាពបច្ចុប្បន្ន មាន​ហានិភ័យ​ខ្ពស់ ហើយ​អាច​នាំឱ្យ​កើត​ «​គ្រោះ​​មហន្តរាយ​នុយក្លេអ៊ែរ​»​។​

​ការបាញ់​ផ្លោង កើត​ឡើងជា​​បន្តបន្ទាប់​គ្នា តាំង​ចុង​សប្ដាហ៍​​មុន​នៃ​ដើមខែ​នេះ ខណៈ​ភាគី​ជម្លោះ​ទាំងសងខាង បាន​ចោទ​គ្នា​ទៅវិញទៅមក​ថា​ ជា​ «​ភេរវ​ករ​នុយក្លេអ៊ែរ​» ស្រប​ពេលដែល​ទីភ្នាក់ងារ IAEA ស្នើ​សុំចូល​ត្រួត​ពិនិត្យមើល​ការខូចខាត ដោយសារតែ​ការបាញ់​ផ្លោង​។​

​ខណៈ​ក្រុង​ម៉ូស្គូ​ចោទ​ក្រុង​កៀវ​ថា ធ្វើការ​វាយប្រហារ ហើយ​ទម្លាក់កំហុស​លើ​ខ្លួន មន្ត្រី​លោក​​ខាងលិច និង​អ៊ុយ​ក្រែ​ននិយាយថា រុស្ស៊ី​កំពុង​ប្រើប្រាស់​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត នៅ​អឺរ៉ុប​នេះ ធ្វើជា​បន្ទាយ ដើម្បី​ការពារ​កងទ័ព​របស់​ខ្លួន ដោយ​គិតថា អ៊ុយ​ក្រែ​ន នឹងមិន​បាញ់​តបត​វិញ ហើយ​ប្រថុយ​នឹង​វិបត្តិ​ទេ​។​

​ទន្ទឹមនឹង​ការព្រមាន​របស់​អ្នកឃ្លាំមើល​នុយក្លេអ៊ែរ អភិ​​បាល​ក្រុង​ហ្សា​ប៉ូ​រី​ស​ហ៊ី និយាយកាលពី​ថ្ងៃអាទិត្យ​ថា មហន្តរាយ​ពី​រោងចក្រ​ហ្សា​ប៉ូ​រី​ស​ហ៊ី ដែល​ផ្គត់ផ្គង់​តម្រូវការ​ថាមពល​រប​ស់អ៊ុយ​ក្រែ​ន​ជាង ២០% «​កំពុង​កើន​ឡើងជា​រៀងរាល់ថ្ងៃ​»​។​

​រោងចក្រ​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​​រី​ស​ហ៊ី ស្ថិតនៅតាម​បណ្ដោយ​ទន្លេ​នី​ប្រូ ឬ​នី​ប៉ឺ (Dnipro/ Dnieper) ក្នុង​ក្រុង​ហ្សា​ប៉ូ​រី​ស​ហ៊ី នៅ​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន ជាប់​តំបន់​ដុន​បាស ដែល​រុស្ស៊ី​ធ្វើ​ការឈ្លានពាន​ក្រោម​ពាក្យ​ថា «​រំដោះប្រជាជន​» របស់ខ្លួន ដែល​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​។​

​ទោះ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​កងទ័ព​រុស្ស៊ី នៅ​ដើមខែ​​មីនា​ក្ដី ក៏​រោងចក្រ​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ចំនួន ​៦ នេះ នៅតែ​ដំណើរ​ការធម្មតា ដោយមាន​បុគ្គលិក​ជនជាតិ​​អ៊ុយ​ក្រែ​ន​ចូលធ្វើការ​រាល់ថ្ងៃ​។ គិត​ត្រឹម​ចុងខែ​កក្កដា មានតែ​រ៉េ​អា​ក់ទ័រ​ចំនួន​ ២ ប៉ុណ្ណោះ ដែល​កំពុង​ប្រតិបត្តិការ​។​

​ហានិភ័យ​ណា​ ១ កើតឡើង​នៅ​រោងចក្រ​ហ្សា​ប៉ូ​រី​ស​ហ៊ី ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​មហន្តរាយ​នៃ​រោងចក្រ​នុយក្លេអ៊ែរ​ឈើ​ណូ​ប៊ី​ល (Chernobyl) ក្នុង​ឆ្នាំ ​១៩៨៦ ដែល​អ៊ុយ​ក្រែ​ន ស្ថិតក្នុង​សហ​​ភាព​សូ​វៀត​។ មហន្តរាយពេល​​នោះ ធ្វើឱ្យ​លេច​សាយភាយ​សារធាតុ​វិទ្យុសកម្ម​ពាសពេញ​អឺរ៉ុប និង​ត្រូវ​ជម្លៀស​ប្រជាជន​ប្រមាណ​ជាង ៣៥​ ម៉ឺន​នាក់​។​

​រោងចក្រ​ហ្សា​ប៉ូ​រី​ស​ហ៊ី នៅ​ចម្ងាយ​តែ​ជាង ៥០០​ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រោងចក្រ​ឈើ​ណូ​​ប៊ី​ល​។ ខណៈ​ការវាយប្រហារ​លើ​រោងចក្រ​នេះ ធ្វើ​ឡើងជា​បន្ត​បន្ទាប់​គ្នា នៅ​សប្ដាហ៍​មុន លោក Rafael Mariano Grossi អគ្គ​នាយក IAEA ពិពណ៌នា​ស្ថាន​​ការណ៍​នេះ​ថា «​ទៅ​ហួស​ពី​ការ​​គ្រប់គ្រង​»​។ លោក​និយាយថា​៖ «​រាល់​គោលការណ៍​សុវត្ថិភាព​នុយក្លេអ៊ែរ ត្រូវបាន​រំលោភ​​បំពាន​។ អ្វីដែល​ជាប់​ពាក់ព័ន្ធ គឺ​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​បំផុត​»​។​

​ទន្ទឹមនឹង​ការព្រមាន ក៏មាន​សំណួរ​ចោទ​សួរថា នឹងមាន​អ្វី​កើតឡើង បើ​ប្រតិបត្តិការ​យោធា​ណា​ ១ ធ្វើឱ្យ​រោងចក្រ​ផ្ទុះឡើង លោក Ross Peel អ្នកគ្រប់គ្រង​ផ្នែក​ស្រាវជ្រាវ និង​ចំណេះដឹង​សម្រាប់​មជ្ឈមណ្ឌល​សិក្សា​វិទ្យាសាស្ត្រ និង​សន្តិសុខ នៅ​មហាវិទ្យាល័យ King''s College London និយាយប្រាប់​បណ្ដាញ​ព័ត៌មាន Al Jazeera សប្ដាហ៍​មុន​ថា​៖ «​អ្វីដែល​យើង​មាន បូក​នឹង​ផ្នែក​យោធា គឺ​ពិបាក​ណាស់​។ បើ​កត្តា​មហន្ត​រាយ​ជាច្រើន​រួម​ចូលគ្នា​នោះ ការផ្ទុះ​អាច​នឹង​កើតឡើង​»​។

​មានការ​បារម្ភ​ពី​ការបាញ់​​ផ្លោង ជុំវិញ និង​ក្នុង​បរិវេណ​នៃ​រោងចក្រ ដែលមាន​សក្តានុពល ក្នុងការ​បំផ្លាញ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ រួមទាំង​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ផងដែរ ជាពិសេស​ការ​កាត់ផ្ដាច់​ប្រព័ន្ធ​អគ្គិសនី​រោងចក្រ ដែល​សំខាន់​សម្រាប់​ប្រព័ន្ធ​ទឹក​ត្រជាក់​។​

​អ្នកជំនាញ​ម្នាក់ទៀត គឺ​លោក​ MV Ramana សាស្ត្រាចារ្យនៅ​សាលា​គោលនយោបាយ​សាធារណៈ និង​កិច្ចការ​សកល​របស់​សាកលវិទ្យាល័យ British Columbia បាន​និយាយថា​៖ «​រ៉េ​អា​ក់ទ័រ (​ដែល​ត្រូវការ​) ធ្វើឱ្យ​វា​ត្រជាក់​ជានិច្ច តាមរយៈ​ទឹក​​ត្រជាក់​ហូរ​កាត់​»។ លោក​បន្តថា​៖ «​ប្រសិនបើ​រំហូរ​ទឹក​នោះ ត្រូវបាន​កាត់ផ្តាច់ កាត់បន្ថយ ឬ​កាត់ចេញ​ជា​លក្ខណៈ​មួយចំនួន នោះ​រ៉េ​អា​ក់ទ័រ អាច​បាត់បង់​ភាព​ត្រជាក់ ឥន្ធនៈ​នឹង​ចាប់ផ្តើម​រលាយ​។ វា​នឹង​បង្កើត​សម្ពាធ​ខ្ពស់ ហើយនឹង​ផ្ទុះឡើង​»​។​

​បន្ទាប់ពី​ការផ្ទុះ​ភ្លាមៗ គេ​ទំនងជា​អាច​ឃើញ​ការជម្លៀស​មនុស្ស​ចេញ​ទ្រង់ទ្រាយ​ធំ ដែល​បណ្តាលមកពី​ពពក​វិទ្យុសកម្ម​។ លោក Ramana ថា​៖ «​វា​នឹងមាន​ពពក តែ​អ្នកនឹង​មិនអាច​ឃើញ​វា​ទេ​។ យើង​អាច​តាមដាន​ពពក​នោះ ដោយសារតែ​ឧ​ប​​ករ​ណ៍​វាស់​កម្រិត​វិទ្យុសកម្ម​»​។​

​លើសពីនេះ ក៏មាន​ផល​ប៉ះ​​ពាល់​ផ្សេងៗ​ទៀត ដូចជា​ជំងឺ​​មហារីក បន្ទាប់ពី​យូរ​ឆ្នាំ​មក​។ លោក Ross បន្ថែមថា​៖ «​អ្នក​ដែល​ប៉ះពាល់​ខ្លាំង នឹង​នៅតែ​រង​ការពុល​ពី​វិទ្យុសកម្ម​ស្រួចស្រាល់ ហើយ​ជាសះស្បើយ​។ សម្រាប់​មនុស្ស​ដែល​ប៉ះពាល់​នឹង​កម្រិត​វិទ្យុសកម្ម​ទាប អាចមាន​ជំងឺ​​មហារីក​កាន់តែ​ច្រើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​បន្តបន្ទាប់ ឬ​រាប់​ទសវត្សរ៍​ក្រោយ​»​។​

​ទន្ទឹមនឹង​ការបារម្ភ​ពី​ការផ្ទុះ​ស្នូល​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ អ្នក​​ជំនាញ​ផ្សេងទៀត មាន​កង្វល់​កាន់តែខ្លាំង​អំពី​ការខូចខាត​ដល់​ប្រព័ន្ធ ដែល​ធ្វើឱ្យ​អាង​ស្តុក​ប្រេង​ប្រើ​រួច និង​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ចុះ​ត្រជាក់​។ បើ​លែងមាន​ភាព​​ត្រជាក់ វា​អាច​នាំឱ្យ​មានការ​កើនឡើង​កម្ដៅ ដែល​មិនអាច​គ្រប់គ្រង ការ​រលាយ និង​ភ្លើង​ដែល​អាច​បញ្ចេញ និង​សាយ​​ភាយ​វិទ្យុសកម្ម​។​

​លោកស្រី Amelie Stoetzel និស្សិត​បណ្ឌិត​ផ្នែក​សិក្សា​ពី​សង្គ្រាម នៅ​មហាវិទ្យាល័យ King''s College London និយាយថា​៖ «​មិន​ថា ការផ្ទុះ ឬ​យ៉ាងណា យើង​ភាគច្រើន​ព្រួយ​​បារម្ភ​ពី​ការបញ្ចេញ​សារធាតុ​វិទ្យុសកម្ម​។ ការបញ្ចេញ​វិទ្យុ​​សកម្ម ទោះ​ក្នុងករណី​ណាក៏ដោយ នឹងមាន​មហន្តរាយ​»​។​

​លោកស្រី Stoetzel បន្តថា សារធាតុ​វិទ្យុសកម្ម នឹង​អាច​ទៅគ្រប់​ទីកន្លែង ដែល​អាស្រ័យ​លើ​លក្ខខណ្ឌ​អាកាសធាតុ ដែល​មិនអាច​ទស្សន៍ទាយ​បាន​។ រោងចក្រ​ហ្សា​ប៉ូ​រី​ស​ហ៊ី​ស្ថិតនៅ​កណ្តាល​ទ្វីប​។ មិន​ថា ខ្យល់​បក់​ទៅ​ទិស​ណា ក៏​មនុស្ស​នឹងរង​ផលប៉ះពាល់​ដែរ​»​។ លោកស្រី​បន្ថែមថា​៖ «​ភាពប្រាកដប្រជា​តែ ១ ​គត់ ដែល​យើង​មាន គឺថា សកម្មភាព​យោធានៅ​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នេះ បង្ក​ហានិភ័យ​។ មិន​ថា វា​នឹង​ក្លាយទៅជា​យ៉ាងណា គឺ​ពិបាក​នឹង​ទាយ​ទុក​ណាស់​»​។​

​អ្នកវិភាគ​ទាំងអស់​ព្រម​គ្នា​ថា ទោះ​មាន​ករណី​ផ្ទុះ ឬក៏​អគ្គិភ័យ ការ​ធ្លាយ​វិទ្យុសកម្ម អាច​នាំឱ្យមាន ​«​គ្រោះមហន្តរាយ​រយៈ​​ពេល​វែង​»​។ នៅ​មិនទាន់មាន​សញ្ញា​ណា​ ១ ជុំវិញ​ការ​លេច​​ចេញ​វិទ្យុសកម្ម​ពី​រោងចក្រ​ទេ ខណៈ​រដ្ឋាភិបាល​លោក​ខាង​​លិច​អំពាវនាវ​ឱ្យ​រុស្ស៊ី​ប្រគល់​រោងចក្រ​ឱ្យ​អ៊ុយ​ក្រែ​ន​វិញ​៕

​ហួន ឌី​ណា​

វីដេអូ៖