ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទី​ក្រុងវ៉ាស៊ីន​តោន បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅលើ​ Telegram កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ដែល​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដោយ​មិន​គិត​ពី​សន្តិសុខ​និង​ផល​ប្រយោជន៍​របស់​ប្រទេស​ដទៃ​ដែល​នាំឱ្យ​មាន​​ការ​កើន​ឡើង​នៃ​ហានិភ័យ​នុយក្លេអ៊ែរ។

ប្រទេសរុស្ស៊ី​ ប្រឈម​មុខ​នឹង​ប្រទេស​អាមេរិក​កាន់​តែ​​ខ្លាំង​ឡើង​ជាអន្តរជាតិ​ នៅពេល​ដែល​ខ្លួន​​បាន​​លើក​ទ័ព​​ចូល​លុក​លុយ​ប្រទេស​អ៊ុយ​ក្រែន​ ដោយ​យក​លេស​​ពី​ការ​ប៉ុនប៉ង​ចូល​អង្គការ​សន្ធិ សញ្ញា​អាត្លង់ទិក​ខាងជើង ​(NATO) ខណៈ​ប្រទេស​អាមេរិក​ជួយ​ជ្រុមជ្រែង​សព្វាវុធ​នានា​ដល់​អ៊ុយក្រែន។​

​តាម​កា​រ​ចេញ​ផ្សាយ​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​ TASS ​អ្នកការទូតរុស្ស៊ី​​បាន​ព្រមានថា៖ ​«ថ្ងៃនេះ​ សហ​រដ្ឋ​អាមេរិក​នៅតែ​បន្តធ្វើ​សកម្មភាព​ដោយ​មិនគិត​ពីសន្តិសុខ​ និង​ផលប្រយោជន៍​របស់​ប្រទេស​ដទៃ​ ដែលរួម​ចំណែក​ដល់​ការ​កើនឡើង​នៃ​ហានិភ័យ​នុយក្លេអ៊ែរ។​ ជំហាន​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ចូល​ពាក់ព័ន្ធ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​បែប​កូន​កាត់ (​hybrid)​ ជាមួយ​រុស្ស៊ី​ក្នុង​បរិបទ​នៃ​វិបត្តិ​អ៊ុយក្រែន​នាំ​មក​ជាមួយ​ការ​កើន​ឡើង​ដែលមិន​អាចទាយទុកជាមុនបាន និង​ការប៉ះ​ទង្គិច​យោធា​ដោយផ្ទាល់​នៃ​មហា​អំណាច​នុយក្លេអ៊ែរ»​។

ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អាមេរិក​បាន​អះអាង​ថា ​ការ​ដកខ្លួន​ជា​ឯកតោ​ភាគី​របស់​ភាគី​សហរដ្ឋ​អាមេរិក​ចេញ​ពី​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ជា​អន្តរជាតិ​ (INF) និង​ប្រកាស​ដក​ខ្លួន​ពី​សន្ធិសញ្ញា​ផ្សេងៗទៀត ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​នេះ​ប្រឈម​មុខ​កាន់តែ​ខ្លាំង។​

​TASS ដែល​បាន​ដក​ស្រង់​ខ្លឹមសារ​របស់​សេចក្តីថ្លែងការណ៍​ទូត​រុស្ស៊ី​ដូច​ដែល​បាន​អះអាង​ថា៖​ «ប្រទេស​របស់​យើង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​ស្មោះត្រង់​ក្នុង​ឋានៈ​ជា​រដ្ឋអាវុធ​នុយក្លេ​អ៊ែរ ​និង​ខិត​ខំប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នុយក្លេអ៊ែរ»។​

ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក ​អង់តូនីញ៉ូ ​ហ្គុយតឺរេស ​បាន​ថ្លែង​ពី​ក្តី​ព្រួយបារម្ភ​ពី​ជម្លោះ​នុយក្លេអ៊ែរ​រវាង​ប្រទេស​មហាអំណាច​ក្នុង​ពេល​ដែល​លោក​ចូលរួម​​រំឭក​ខួប​ ៧៧ ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​នៅ​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី ​៦ ​ខែ​សីហា៕​

វីដេអូ៖