ក្រសួងការ​បរទេស​អ៊ីរ៉ង់​បាន​និយាយថា ​កិច្ច​ចរចា​ទីក្រុង​វីយែនកាលពី​ដើម​ខែ​នេះ​ ដើម្បី​ស្តារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥ ​របស់​ខ្លួន​ ទទួល​បាន​លទ្ធផល​វិជ្ជមាន ​ប៉ុន្តែ​មិន​បាន​បំពេញ​តាម​អ្វី​ដែល​ទីក្រុង​តេអេ​រ៉ង់​ច​ង់​បាន​នោះ​ទេ​។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ លោក​ Nasser Kanani​ បាន​ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «​កា​ររីកចម្រើន​គួរ​ឱ្យ​ចាប់អា​រម្មណ៍​ត្រូវ​បាន​ធ្វើឡើង​ក្នុង​អំឡុង​កិច្ចចរចា​ ៣-៤​ ថ្ងៃ​ ដែល​សម្រប​សម្រួល​ដោយ​សហ​ភាពអឺរ៉ុប (EU)​ នៅក្នុ​ង​រដ្ឋ​ធានី​វីយែន»​។ ​

លោកបាន​លើក​ឡើង​ថា៖​ «​កា​ររីក​ចម្រើន​​នេះ​ មិន​ទាន់​បាន​បំំពេញ​តាម​ទាមទារ​តាម​ផ្លូវ​ច្បាប់​របស់​ទីក្រុង​តេ​អេ​រ៉ង់​ឱ្យ​បាន​ពេញលេញ​នោះទេ ​ហើយ​យើង​មាន​ក្តី​រំពឹង​ផ្សេង​ទៀត​ចេញ​ពី​ភាគី​ដទៃ​ទៀត​ដែល​យើង​ចាំ​បាច់​គេ​ត្រូវ​គេផ្តល់ឱ្យ»។

លោក​ Kanan បាន​បន្ត​ទៀតថា ​កិច្ច​ព្រមព្រៀង​មួយ​ នឹង​អាច​ត្រូវ​សម្រេច​បាន​នៅ​ពេល​អនាគត​ឱ្យតែ​ភាគី​ដទៃ​ទៀត​ជា​ពិសេស​អាមេរិក​ពិចារណា​លើ​ខ្សែ​បន្ទាត់​ក្រហម​របស់​អ៊ីរ៉ង់​ហើយ​ធានា​ថា ​ប្រទេស​នេះ​ ទទួល​បា​ន​ផលប្រយោជន៍​ដូច​ដែល​ខ្លួន​បាន​កិច្ច​សន្យា​ នៅ​ក្រោម​ផែនការ​សកម្ម​ភាព​ទូលំ​ទូលាយ​រួម​ (JCPOA) ​ខណៈ​កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នោះ​។​

អ្នក​នាំពាក្យ​រូប​នេះ ​បាន​បន្ថែម​ទៀត​ថា ​កិច្ច​ពិភាក្សា​ផ្ទៃ​ក្នុង​ កំពុង​បន្ត​ធ្វើ​នៅ​ទីក្រុង​តេ​អេរ៉ង់​ក្នុង​កម្រិត​ខ្ពស់​បំផុត ​ហើយ​ការ​ទំនាក់​ទំនង​ត្រូវ​បន្ត​ជា​មួយ​នឹង​ប្លុក​អឺរ៉ុប។​

ក្រោយ​ពី​កិច្ច​ចរចា​ជុំ​ថ្មី​បំផុត​ដែល​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី ​៨ ខែ​សីហា EU​ ផ្សព្វផ្សាយ​នូ​វអ្វី​ដែល​ខ្លួន​បានហៅ​ថា ជា​លក្ខខណ្ឌ​ចុង​ក្រោយ​ និង​បាន​ស្នើ​ដល់​ភាគី​ទាំង​អស់ ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​ដ៏​ចាំបាច់ ​ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​មួយ​។

ទីក្រុង​វ៉ាស៊ីនតោន ​បាន​យល់​ស្រប​តាមលក្ខខណ្ឌ​នោះ​ ប៉ុន្តែ​ទីក្រុង​តេអេរ៉ង់ បាន​បង្ហាញ​ថា ​ខ្លួន​មាន​ការ​ពិចារណា​ផ្សេង​ទៀត​។

រដ្ឋមន្ត្រីការ​បរទេស​អ៊ីរ៉ង់​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ថា នឹង​នាំយក​គំនិត​ចុង​ក្រោយ​របស់​ខ្លួន​ទៅលើ​លក្ខខណ្ឌ​របស់​អឺរ៉ុប​ទៅ​ដល់​ប្លុកនេះ​ត្រឹម​ថ្ងៃ​នេះ (​ថ្ងៃ​ចន្ទ​)។

លោក​ Hossein Amirabdollahian ​បាន​បញ្ជាក់​ថា៖​ «​យើង​មាន​កិច្ច​ព្រមព្រៀង​ល្អ ​រឹង​មាំ ​និង​ប្រកប​ដោយ​និរន្ត​ភាព​ ប៉ុន្តែ​ប្រសិន​បើ​ភាគី​ផ្សេង​និយាយ​ដល់​ផែនការ​ B យើង​ក៏​មាន​ផែនការ​ B ដែរ​ ដោយ​បាន​បន្ថែម​ថា​ អ៊ីរ៉ង់​កំពុង​រង់ចាំ​ភាព​បត់បែន​របស់​អាមេរិក​ទៅ​លើ​ការ​ចេញ​ការ​ធានាទទួល​ខុសត្រូវ​នានា​»។ ​

លោក​ Hossein Amirabdollahian ​​ត្រូវ​បាន​ដកស្រង់សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ​IRNA ថា​ ភាគី​អាមេរិក​បាន​ទទួល​យក​ការ​ទាមទារ​ ២​ ចំណុច​ពីអ៊ីរ៉ង់​ ដោយ​មិន​បាន​បញ្ជាក់​ថា​តើ​ការ​ទាមទារ​ទាំងនោះ​ ជា​អ្វី​នោះទេ។

ចំណុច​សំខាន់​នៅ​ពេលនេះ​ ទំនង​ជា​ការ​ស៊ើប​អង្កេត​ទៅលើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដោយ​ទីភ្នាក់ងារ​ថាមពល​អាតូ​មិក​អន្តរជាតិ ​​(IAEA​) ដែល​ទី​ក្រុង​តេអេរ៉ង់​ចង់​បិទ​រហូត​ មុន​នឹង​ JCPOA ​ត្រូវ​បាន​គេ​ស្តារ​ឡើង​វិញ៕

វីដេអូ៖