រដ្ឋា​ភិបាល​ហ្វាំងឡង់ ឱ្យ​ដឹង​ថា ខ្លួន​នឹង​កំណត់​ចំនួន​ទិដ្ឋាការ ដែល​ចេញ​ឱ្យ​ជនជាតិ​រុស្ស៊ី ចាប់ពី​ថ្ងៃទី​ ១ ខែ​កញ្ញា ចំពេល​មាន​ការ​មិន​សប្បាយ​ចិត្ត​កើន​ឡើង ចំពោះ​ទេសចរ​រុស្ស៊ី ក្នុងអំឡុង​សង្គ្រាម​នៅ​អ៊ុយក្រែន​។

រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វាំងឡង់ លោក Pekka Haavisto និយាយ កាល​ពី​ថ្ងៃ​អង្គារ នៅ​ទី​ក្រុង​ហែលស៊ិនគី​ថា​៖ «ទិដ្ឋាការ​ទេសចរណ៍ នឹង​មិន​បញ្ឈប់​ទាំងស្រុង​នោះទេ ប៉ុន្តែ​ចំនួន​នេះ នឹង​ត្រូវ​បាន​កាត់​បន្ថយ ក្នុង​ចំនួន​យ៉ាង​ច្រើន ដោយ​នឹង​កាត់​បន្ថយ​ការ​ណាត់​ជួប​សុំ​ទិដ្ឋាការ ប្រចាំ​ថ្ងៃ​ពី ១ ០០០ មក​ត្រឹម ៥០០ ក្នុង ១ ថ្ងៃ ហើយ​ផ្ដល់​តែ ១០០​ ប៉ុណ្ណោះ សម្រាប់​អ្នក​ទេសចរ​»​។

លោក Haavisto និយាយ​ថា ការ​សម្រេច​ចិត្ត​នេះ ធ្វើឡើង​នៅពេល​ដែល​រំហូរ​នៃ​ភ្ញៀវ​ទេសចរ​រុស្ស៊ី បាន​ចាប់ផ្តើម​ប្រើប្រាស់​ប្រទេស​ហ្វាំងឡង់ និង​អាកាស​យានដ្ឋាន Helsinki-Vantaa របស់ខ្លួន​ជា​ច្រក ទៅ​កាន់​គោលដៅ​វិស្សមកាល​អឺរ៉ុប ក្រោយ​រុស្ស៊ី​ដែល​កំពុង​ឈ្លានពាន​អ៊ុយក្រែន បាន​លុប​ចោលការ​រឹត​បន្ដឹង​ទប់​ស្កាត់​ជំងឺ​កូវីដ តាម​ព្រំដែន កាល​ពី​ខែ​មុន​។

លោក​ Haavisto បន្តថា ប្រភេទ​ទិដ្ឋាការ​ផ្សេងទៀត ដែល​ប្រើ​ដើម្បី​ទៅ​សួរ​សុខទុក្ខ​សាច់ញាតិ ទំនាក់​ទំនង​គ្រួសារ ការងារ ការសិក្សា នឹងត្រូវ​បានផ្តល់​អាទិភាព និង​ពេល​វេលា​បន្ថែម​ទៀត​»។

ការ​ប្រកាស​របស់​ហ្វាំងឡង់ ធ្វើ​ឡើង​ចំពេល​មានការ​ស្នើសុំ​របស់​អ៊ុយក្រែន​ឱ្យ​លោក​ខាងលិច​បិទ​ព្រំដែន​មិនឱ្យ​ជនជាតិ​រុស្ស៊ី​ធ្វើដំណើរ​ចូល​ប្រទេស​។ ការ​ចង់បាន​នេះ ត្រូវ​បាន​បន្ទរ​ដោយ​នាយក​រដ្ឋ​មន្ត្រី​ហ្វាំងឡង់​ លោកស្រី Sanna Marin ដែល​និយាយ​ថា​៖ «វា​មិន​ត្រូវ​ទេ ដែល​ពលរដ្ឋ​រុស្ស៊ី អាច​ចូល​អឺរ៉ុប ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ ខណៈ​រុស្ស៊ី​កំពុង​សម្លាប់​មនុស្ស​នៅ​អ៊ុយក្រែន​»។

កាល​ពី​សប្ដាហ៍​មុន អេស្តូនី ដែល​នៅ​តំបន់​ក្បែរ​ហ្វាំងឡង់ បានប្រកាសថា ហាម​ឃាត់​ជនជាតិ​រុស្ស៊ី​ដែល​មាន​ទិដ្ឋាការ​ចេញ ដោយ​អេស្តូនី មិន​ឱ្យចូល​ប្រទេស​របស់​ខ្លួន ក្នុង​ហេតុផល​ស្រដៀង​គ្នា​ទៅនឹង​ហ្វាំងឡង់៕

ហួន ឌី​ណា