រយៈពេល ៣ ​សប្តាហ៍​កន្លងផុត​ទៅ បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​ចតុ​ភាគី​លើ​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​កក្កដា យ៉ាងហោច​ណាស់​នាវា ១៤ ​គ្រឿង ដែល​ដឹក​គ្រាប់​ធញ្ញជាតិ​សំខាន់ៗ មាន​ស្រូវ​សាឡី ពោត ជាដើម ដោយ​មាន​បរិមាណ​ជិត ៥០ ​ម៉ឺន​តោន បាន​ចាក​ចេញ​ពី​កំពង់​ផែ​ចំនួន ៣​ ពី​ប្រទេស​អ៊ុយក្រែន ខណៈ​ដែល​សង្គ្រាម​ក្នុង​ប្រទេស​នេះ កំពុង​បន្ត​ឆាបឆេះ​យ៉ាងខ្លាំង ដោយសារ​ការ​ប្រើប្រាស់​អាវុធ​កាន់តែ​ទំនើប​។

ប៉ុន្តែ​ជា​រឿង​ដែល​គួរឱ្យ​សោកស្តាយ គឺ​ថា ក្នុងចំណោម​នាវា​ដឹក​ធញ្ញជាតិ​ទាំងនោះ មិនត្រូវ​បាន​ដឹក​ទៅកាន់​ប្រទេស​ដែល​ប្រឈម​ការខ្វះខាត​ស្បៀងអាហារ​ធ្ងន់ធ្ងរ​នោះទេ ដោយ​ភាគច្រើន​នាំចេញ​ទៅកាន់​ប្រទេស​អ្នកមាន ដែល​បញ្ជា​ទិញ​ក្នុងតម្លៃ​ខ្ពស់ ក្រោមរូបភាព​នៃ «កិច្ចសន្យា​ពាណិជ្ជកម្ម» ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត New York Times (NYT) ដែល​មាន​មូលដ្ឋាន នៅ​សហ​រដ្ឋ​អាមេរិក​។

កាសែត NYT បាន​ចុះ​ផ្សាយ​ថា​៖ «រហូត​មកដល់​ពេលនេះ គ្មាន​នាវា​ណា ក្នុង​ចំណោម​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ ១៤​ គ្រឿង ដែល​បាន​ចាក​ចេញពី​អ៊ុយក្រែន កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ដែល​ប្រឈម​នឹង​ការ​ខ្វះខាត​ស្បៀង​អាហារ​នោះទេ ដោយសារតែ​ពួកគេ កំពុង​ដឹក​គ្រាប់​ធញ្ញជាតិ ដែល​បាន​ទិញ ក្រោម​កិច្ចសន្យា​ពាណិជ្ជកម្ម​»។

បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​តួកគី Anadolu Agency កាល​ពី​សប្តាហ៍​មុន កប៉ាល់​ឈ្មោះ Rojen ដែល​បំពាក់​ទង់ជាតិ​ម៉ាល់ត៍ (Malta) ដឹក​ពោត ១៣ ០០០​ តោន​ពី​កំពង់​ផែ Chornomorsk របស់​អ៊ុយក្រែន ធ្វើដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស​។ តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល​នេះ កប៉ាល់​ដឹក​គ្រាប់​ធញ្ញជាតិ Polarnet ដែល​មាន​ទង់ជាតិ​តួកគី កប៉ាល់ Navi-star ជាមួយ​នឹង​ទង់ជាតិ​អៀរឡង់ កប៉ាល់ Osprey S ដោត​ទង់ជាតិ​លីបេរីយ៉ា បាន​ចូល​ដឹក​គ្រាប់​ធញ្ញជាតិ​ជា​បន្តបន្ទាប់​ទៅកាន់​កំពង់​ផែ ៣ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង មាន​ដូចជា កំពង់​ផែ Odesa, Chornomorsk និង​កំពង់ផែ Yuzhny នៃ​ប្រទេស​អ៊ុយក្រែន​។

ដោយសារ​ការដឹក​ទំនិញ​ភាគច្រើន​ធ្វើឡើង ក្រោម​រូបភាព​នៃ​កិច្ចសន្យា​ពាណិជ្ជ​កម្ម អង្គការ​សហ​ប្រជាជាតិ (UN) បាន​ជួល​កប៉ាល់​ដឹក​ទំនិញ​ឈ្មោះ​ថា «Brave Commander» សម្រាប់​ដឹក​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន ដោយផ្ទាល់​ទៅកាន់​ប្រទេស ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយ​កង្វះ​ខាត​នេះ​។

យោងតាម​ការចេញ​ផ្សាយ​របស់ New York Times វា​គឺជា​កប៉ាល់​ដំបូង​គេ ដែល​ត្រូវបាន​ជួល​ឱ្យ​ដឹក​គ្រាប់​ធញ្ញជាតិ​ទៅកាន់​ប្រទេស​ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​កង្វះ​ស្បៀងអាហារ ចាប់តាំង​ពី​កិច្ច​ព្រមព្រៀង រវាង​អ៊ុយក្រែន និង​រុស្ស៊ី បាន​អនុញ្ញាត​ឱ្យ​ការ​ដឹក​ជញ្ជូន​បន្ត​ឡើងវិញ​។

មន្ត្រី UN បាន​និយាយ​ថា កប៉ាល់​ទី​ ១ ដែល​ត្រូវ​បាន​ជួល​ឱ្យ​ដឹក​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន ដោយផ្ទាល់​ទៅ​កាន់​ផ្នែក ដែល​រងគ្រោះ​ដោយ​ទុរភិក្ស​នៃ​តំបន់ «Horn of Africa» (តំបន់​ស្នែង​អាហ្វ្រិក) ចាប់តាំង​ពី​ការ​លុកលុយ​របស់​រុស្ស៊ី បាន​បញ្ឈប់​ការ​នាំចេញ​អាហារ កាលពី ៦ ​ខែ មុន​នឹង​មកដល់​អ៊ុយក្រែន នៅ​ថ្ងៃ​សុក្រ​។

នាវា​ផ្ទុក​ទំនិញ​ជា​ច្រើន​គ្រឿង ដែល​ជួល​ដោយ UN នេះ​ត្រូវ បាន​គេ​រំពឹងថា នឹង​ចូល​ចត​នៅ​កំពង់ផែ Yuzhny នា​ភាគ​ខាងត្បូង​អ៊ុយក្រែន ជា​កន្លែង​ដែល នឹង​ផ្ទុក ដោយ​គ្រាប់​ធញ្ញជាតិ ដែល​ទិញ​ដោយ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក (WFP) របស់ UN ហើយ​ចែកចាយ​ទៅ «ប្រទេស​ដែល​រង​ផល ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត ដោយ​ស្បៀងអាហារ​ពិភពលោក ។ នេះ​បើ​យោង តាម លោក Steve Taravella អ្នកនាំ ពាក្យ WFP ដែល​បាន​និយាយ​ប្រាប់​កាសែត NYT​។

UN និង​រដ្ឋាភិបាល​តួកគី បាន​សម្រប សម្រួល​ដោយ​ជោគជ័យ ក្នុង​ការនាំ​ភាគី​ជម្លោះ​អ៊ុយក្រែន និង​រុស្ស៊ី ចូល​តុ​ចរចា និង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ កាល​ពី​ថ្ងៃ​ ២២ ខែ​កក្កដា ពី​អ៊ុយក្រែន ដែល​ជាប់គាំង​ក្នុង​ឃ្លាំង​សន្និធិ រហូត​ដល់​ជាង ២២​ លាន​តោន ចាប់តាំង​ពី​រុស្ស៊ី​ចូល​លុកលុយ​អ៊ុយក្រែន​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​នេះ​។ អគ្គ​លេខា​ធិការ UN លោក​អង់តូនី​ញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាន​និយាយ​ថា កិច្ចព្រមព្រៀង​នោះ នឹង​ជួយ​សម្រាល​ការខ្វះខាត​ស្បៀង​អាហារ​ជា​សកល ដោយ​ហៅ​វា​ថា ជា «សញ្ញា​នៃ​ការ​សង្គ្រោះ​»​។

កប៉ាល់ Brave Commander ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ UN នឹង​ដឹក​គ្រាប់​ធញ្ញជាតិ ២៣ ០០០​ តោន​ទៅកាន់​ប្រទេស​ជីប៊ូទី (Djibouti) នៅ​តំបន់​អាហ្វ្រិកខាងកើត ដែល​កំពុង​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​ដ៏​ខ្លាំង នៅ​តំបន់ «Horn of Africa» ជា​កន្លែង ដែល​គ្រោះរាំងស្ងួត​រយៈពេល ៤​ ឆ្នាំ បានធ្វើឱ្យ​មនុស្ស​នៅ​តំបន់​រងគ្រោះ​នោះ​ប្រមាណ ១៨ ​លាន​នាក់ ប្រឈម​នឹង​ភាព​អត់​ឃ្លាន​យ៉ាង​ខ្លាំង​ក្លា​។

លោក Oleksandr Kubrakov រដ្ឋ​មន្ត្រី​ក្រសួង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អ៊ុយក្រែន បានប្រកាស​នៅលើ​បណ្ដាញ​សង្គម​ធ្វីតធើរ ពី​ការ​មកដល់​របស់​កប៉ាល់ Brave Commander កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដោយ​និយាយ​ថា គ្រាប់​ធញ្ញជាតិ​នឹង​ទៅដល់​ប្រទេស​អេត្យូពី។ ដោយ​ឡែក លោក Taravella បាន​និយាយ​ថា ទំនិញ​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន ក៏​នឹង​ទៅ​ប្រទេស​កេនយ៉ា និង​សូម៉ាលី​ផងដែរ​។

មន្ត្រី UN និយាយ​ថា ពាណិជ្ជ​កម្ម ដើរ​តួនាទី ក្នុងការ​ធ្វើឱ្យ​ទីផ្សារ​មាន​ស្ថិរភាព ទោះបី​ជា​វា​មិន​ទៅ​ដោយ​ផ្ទាល់​ទៅកាន់​ប្រទេស ដែល​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ​ក្តី​។

តាម NYT លោក Stephane Dujarric អ្នក​នាំពាក្យ​ការិយា​ល័យ​អគ្គ​លេខា​ធិការ UN បាន​ថ្លែង​ថា ការ​បើក​កំពង់ផែ​របស់​អ៊ុយក្រែន បាន​ជំរុញ​ឱ្យ​តម្លៃ​ស្បៀង​អាហារ​ពិភព​លោក​ធ្លាក់ចុះ ដែល​នៅ​ទី​បំផុត នឹង​ជួយ​ប្រទេស ដែល​ប្រឈម​នឹង​អសន្តិ​សុខ​ស្បៀង​។

លោក​បាន​និយាយ​ថា​៖ «ជំហាន​ដំបូង​កំពុង​យក​កប៉ាល់​ទាំងនេះ​ចេញ​ពី​កំពង់ផែ​អ៊ុយក្រែន ព្រោះ​វា​ត្រូវ​បាន​ទុក​នៅ​ទីនោះ​ជា​យូរ​មក​ហើយ​។ កប៉ាល់​ផ្សេងទៀត នឹង​ចូលមក ដោយមាន​កិច្ចសន្យា​ពាណិជ្ជកម្ម​។ កប៉ាល់​ដឹកទំនិញ​ខ្លះ នឹង​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​កប៉ាល់​ផ្សេង​ទៀត នឹង​ទៅកាន់​គោលដៅ​ផ្សេង​ទៀត​»។

តាម​សេចកី្ត​រាយ​ការណ៍​របស់ NYT កប៉ាល់​ទី​ ១ ដែល​បាន​ចាក​ចេញពី​កំពង់ផែ Odesa ប្រទេស​អ៊ុយក្រែន កាលពី​សប្តាហ៍​មុន ដែល​ផ្ទុក​ដោយ​គ្រាប់​ធញ្ញជាតិ​ត្រូវបាន​ធ្វើដំណើរ​ទៅកាន់​លីបង់ ជា​ប្រទេស​ដែល​មាន​អត្រា​អតិ​ផរណា​អាហារ​ខ្ពស់​បំផុត​។ ប៉ុន្តែ​លីបង់ បាន​និយាយ​ថា ខ្លួន​លែង​ចង់​បាន​គ្រាប់​ធញ្ញជាតិ​ទៀត​ហើយ ព្រោះ​វាយឺត​ពេល​ពេក។ ឥឡូវនេះ​វា​នឹងត្រូវ​បាន​លក់​បន្ត​។

តម្លៃ​ស្រូវ​សាឡី​បាន​ធ្លាក់ចុះ នៅមុន​ពេល​មាន​កិច្ច​ព្រមព្រៀង ដែល​សម្រប​សម្រួល ដោយ UN ហើយ​និន្នាការ​នោះ​បាន​បន្ត​ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង ត្រូវ​បាន​ចុះហត្ថលេខា​។ កិច្ចសន្យា នាពេល​ខាង​មុខ ដែល​ត្រូវ​បាន​យោង​ជា​ទូទៅ ក្នុង​ការ​ជួញដូរ នៅ​ទីក្រុង​ស៊ីកាហ្គោ កំពុង​ជួញដូរ​ប្រហែល ៨,១០​ ដុល្លារ ក្នុង​បរិមាណ​ស្រូវ​សាឡី ២៧​ គីឡូក្រាម កាលពី​ថ្ងៃ​ពុធ ដែលជា​ការធ្លាក់ចុះ​ដ៏​ធំ​ ១ ពី​កម្រិត​ខ្ពស់​បំផុត​ជាង ១៤ ​ដុល្លារ ក្នុង​ខែ​មីនា បន្ទាប់ពី​រុស្ស៊ី បាន​លុកលុយ​អ៊ុយក្រែន​ជា​លើក​ដំបូង​។

ឥឡូវនេះ តម្លៃ​ស្រូវ​សាឡី បាន​ធ្លាក់ចុះ​មកវិញ​ជិត ប្រហាក់ប្រហែល​ទៅនឹង​តម្លៃ​មុនពេល​ចាប់ផ្តើម​សង្គ្រាម ហើយ​វា​អាច​បន្ត​ប្រែប្រួល​តទៅ​ទៀត​។

កិច្ច​ព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ រួមជាមួយ​នឹង​ការថយចុះ​នៃ​តម្រូវការ​ពី​ប្រទេស​មួយ​ចំនួន ដោយសារ​​តម្លៃ​ខ្ពស់ និង​ការកើនឡើង​នៃ​ការផ្គត់ផ្គង់​ពី​ការប្រមូល​ផល​រដូវរងា បាន​ជួយ​សម្រាល​សម្ពាធ​តម្លៃ​។ ប៉ុន្តែ​មានការ​បារម្ភ​អំពី​ថា តើ​កិច្ចព្រមព្រៀង​នេះ នឹងមាន​រយៈពេល​យូរ​ប៉ុនណា បើ​ប្រទេស​ទាំង​ ២ បង្កើន​ឥទ្ធិពល​របស់​សង្គ្រាម​ខ្លាំង​ឡើងៗ​បែបនេះ ហើយ​អាកាស​ធាតុ​ក្តៅ​ស្ងួត ដែល​ធ្វើ​ឱ្យ​ទិន្នផល​ដំណាំ​ធ្លាក់​ទាប កំពុង​ក្លាយ​ជា​រឿង​បង្កើន​សម្ពាធ​បន្ថែម​ផង​ដែរ​៕