លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី​ការ​ថែទាំ​សុខភាព ពន្ធ និង​អាកាស​​ធាតុ កាលពី​ថ្ងៃ​អង្គារ នៅ​សេត​​វិមាន ដែល​នេះ​ជា​ជ័យជម្នះ​ដ៏​សំខាន់​ ១ សម្រាប់​រដ្ឋបាល​របស់​លោក និង​គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ ដែល​ត្រៀមខ្លួន សម្រាប់​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ នា​ខែវិច្ឆិកា​ខាងមុខ​។​

​លោក បៃ​ដិ​ន និយាយ​ក្នុង​ពិធី​ចុះហត្ថលេខា​ថា​៖ «​ក្នុងពេល​​វេលា​ជា​ប្រវត្តិសាស្ត្រ​នេះ គណ​បក្ស​ប្រជាធិបតេយ្យ បាន​ឈរ​ខាង​ប្រជាជន​អាមេរិក ខណៈ​រាល់​សមាជិក​នៃ​បក្ស​សា​ធា​​រណ​រដ្ឋ​ក្នុង​សភា បាន​បោះឆ្នោត​ប្រឆាំងនឹង​ច្បាប់​នេះ​»​។​

​ហត្ថលេខា​របស់លោក បៃ​ដិ​ន សម្រេចបាន​នូវ​របៀបវារៈ​ច្បាប់​សំខាន់ៗ​មួយចំនួន​របស់លោក លើ​ការវិនិយោគក្នុងការ​ប្រយុទ្ធ​ប្រឆាំង​បម្រែបម្រួល​អាកាស​​ធាតុ និង​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​សំខាន់ៗ ចំពោះ​គោ​លន​យោ​​បាយ ក្នុង​វិស័យ​សុខាភិបាល ដូចជា​បញ្ចុះតម្លៃ​ថ្នាំ​ជាដើម​។ ច្បាប់​នេះ​នឹង​កាត់បន្ថយ​ឱនភាព ដោយ​យកពន្ធ​អប្បបរមា ១៥% លើ​សាជីវកម្ម​ធំៗ និង​ពន្ធ ១% លើ​ការទិញ​ភាគហ៊ុន​មកវិញ​។

​ច្បាប់​ដដែលនឹង​រៃ​ប្រា​ក់ជាង $៧០០ ​ប៊ី​លាន ក្នុង​ប្រាក់​​ចំណូល​របស់​រដ្ឋាភិបាល​រយៈ​​ពេល ១០​ ឆ្នាំ ហើយ​ចំណាយ​ជាង $៤៣០ ​ប៊ី​លាន ដើម្បី​កាត់​​បន្ថយ​ការ​បំ​ភាយ​កាបូន និង​ពង្រីក​ការឧបត្ថម្ភ​ធន សម្រាប់​ការធានារ៉ាប់រង​សុខាភិបាល ក្រោម​ច្បាប់​ថែទាំ ដែលមាន​តម្លៃ​សមរម្យ ហើយ​ប្រើប្រាស់​ប្រាក់​ចំណូល​ថ្មី ដែល​នៅសល់ ដើម្បី​កាត់បន្ថយ​ឱនភាព​។​

​អ្នកប្រជាធិបតេយ្យនិយាយថា ច្បាប់​នឹង​ជួយ​ប្រយុទ្ធប្រឆាំង​អតិផរណា ដោយ​កាត់បន្ថយ​ឱនភាព​តាម​សហព័ន្ធ​។ ភ្នាក់ងារ​វាយតម្លៃ និង​អ្នកសេដ្ឋកិច្ច​ឯក​រាជ្យ​យល់ស្រប​នឹង​ការលើកឡើង​នេះ តែ​ថា លទ្ធផល​ត្រូវ​ប្រើពេល​ច្រើន​ឆ្នាំ​។ ចំណែក​បក្ស​សា​ធា​រណ​រដ្ឋ​វិញ រិះគន់​ច្បាប់​នេះ​ថា នឹងមាន​ផលប៉ះពាល់​ផ្ទុយ​ពី​អ្នក​ប្រជាធិបតេយ្យលើកឡើង​៕

​ហួន ឌី​ណា​