
ស្ត្រីម្នាក់ និងកុមារប៉ាឡេស្ទីន ដើរកណ្ដាលគំនរបាក់បែក ក្នុងអគារ ១ នៅហ្គាហ្សា កាលពីថ្ងៃទី ១៤ ខែសីហា។ AFP
មន្ត្រីការពារជាតិអ៊ីស្រាអែលជាច្រើនរូប បានអះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើកន្លែងកប់ខ្មោច ១ នៅតំបន់ហ្គាហ្សា បានបណ្តាលឱ្យក្មេងប៉ាឡេស្ទីន ៥ នាក់បានស្លាប់ ក្នុងអំឡុងការវាយប្រហាររបស់ខ្លួន កាលពីដើមខែសីហានេះ។ នេះបើតាមរបាយការណ៍ថ្មី ១ ដែលផ្ទុយពីសេចក្តីថ្លែងការណ៍មុនៗ ដែលមន្ត្រីយោធាជាន់ខ្ពស់ បានធ្វើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ប្រភពយោធាជាច្រើនបានប្រាប់សារព័ត៌មាន Haaretz ថា ការស៊ើបអង្កេត ១ របស់កងទ័ពទៅលើហេតុការណ៍ កាលពីថ្ងៃទី ៧ ខែសីហា បានសន្និដ្ឋានថា ក្មេង ៥ នាក់បានស្លាប់ ដោយការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើកន្លែងកប់សាកសព Al-Faluja នៅក្បែរជំរំជនភៀសខ្លួន Jabalia ក្នុងតំបន់ហ្គាហ្សាភាគខាងជើង។
ក្រោយការវាយប្រហារ ដែលកើតឡើង រយៈពេល ៣ ថ្ងៃរបស់អ៊ីស្រាអែលទៅលើភូមិ ១ ដែលត្រូវគេឡោមព័ទ្ធពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែសីហា មន្ត្រីអ៊ីស្រាអែលជាច្រើនរូបបានប្រាប់ Haaretz ថា ការស្លាប់ទាំងនោះ ទំនងជាបណ្តាលមកពីរ៉ុក្កែតរបស់ក្រុមជីហាដ។
យោធាមិនបានស្តីបន្ទោសជាសាធារណៈ ចំពោះការវាយប្រហារនោះទេ ហើយក៏មិនឆ្លើយតបនឹងការស្នើរបស់សារព័ត៌មាន Al Jazeera ឱ្យធ្វើការអធិប្បាយអំពីរបាយការណ៍ថ្មីនេះឡើយ។
កងទ័ពអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានរកឃើញ និងបិទផ្លូវរូងដី ១ ដែលធ្លាយដល់តំបន់ហ្គាហ្សា និងដែលត្រូវបានជីកដោយក្រុមមេដឹកនាំចលនាហាម៉ាសប៉ាឡេស្ទីន ហើយបញ្ជាក់ថា ក្រុមជីវពលចង់ប្រើប្រាស់ផ្លូវរូងក្រោមដី ដើម្បីចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ និងចាប់ទាហានអ៊ីស្រាអែល ឬជនស៊ីវិល ជាមធ្យោបាយចរចា ដើម្បីដោះលែងអ្នកទោស។
ចំណែកក្រុមហាម៉ាស បានឆ្លើយតបថា ក្រុមអ្នកតស៊ូប៉ាឡេស្ទីន មានសិទ្ធិប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនប្រឆាំងនឹងភាពក្រអឺតក្រទម និងអំពើឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល។
ព័ត៌មាននេះកើតឡើង ១ សប្តាហ៍ក្រោយពីជម្លោះ ៣ ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមជីវពលជីហាដអ៊ិស្លាម នៅតំបន់ហ្គាហ្សា បានបញ្ចប់ដោយមានបទឈប់បាញ់ ១ ដែលសម្របសម្រួល ដោយអេហ្ស៊ីប។
ពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិច ៤៩ នាក់ ក្នុងនោះមានជនសកម្មប្រយុទ្ធជីហាដអ៊ិស្លាមជាច្រើននាក់ និងក្មេង ១៧ នាក់ បានស្លាប់ក្នុងអំពើហិង្សានោះ ខណៈ ៣ នាក់ផ្សេងទៀត រងរបួសដោយអំបែងគ្រាប់បែករបស់អ៊ីស្រាអែល៕
វីដេអូ៖