
យន្តហោះគ្មានមនុស្សបើកប្រភេទ TB2 របស់តួកគី។ រូបថត AFP
ក្រុមហ៊ុន Baykar របស់ប្រទេសតួកគី ដែលផ្តល់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដល់អ៊ុយក្រែន និយាយថា បច្ចុប្បន្នខ្លួនមានសមត្ថភាពផលិតយន្តហោះគ្មានមនុស្សបើកចំនួន ២០ គ្រឿង ក្នុង ១ ខែ និងការបញ្ជាទិញរយៈពេល ៣ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ Bloomberg។
សារព័ត៌មានដែលមានមូលដ្ឋាននៅអាមេរិកនេះបានផ្សាយថា លោក Haluk Bayraktar នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយក្នុងបទសម្ភាសជាមួយ Ukrainian Come Back Alive Foundation នាថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា៖ «យន្តហោះគ្មានមនុស្សបើក TB2 និង Akinci កំពុងផលិតជាបន្តបន្ទាប់ យើងមានការកុម្ម៉ង់សម្រាប់ដ្រូនប្រភេទទាំង ២។ សម្រាប់ Bayraktar TB2 យើងមានកិច្ចសន្យានាំចេញទៅ ២២ ប្រទេសផ្សេងគ្នា»។
ក្រុមហ៊ុន Baykar ដែលធ្លាប់បដិសេធសំណើប្រធានាធិបតីរុស្ស៊ី ក្នុងការបង្កើតរោងចក្រនៅរុស្ស៊ី និងដែលកំពុងធ្វើការលើគម្រោងយន្តហោះចម្បាំងគ្មានមនុស្សបើកហៅថា Bayraktar Kizilelma ចង់បង្កើនសមត្ថភាពផលិតរបស់ខ្លួនបន្ថែមទៀត ហើយសង្ឃឹមថា នឹងសម្រេចបានរោងចក្រនៅអ៊ុយក្រែន។
លោក Bayraktar ដែលជាប្អូនប្រុសរបស់កូនប្រសាររបស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា ក្រុមហ៊ុនចង់ប្រមូលផ្តុំដ្រូន TB2 និង Akinci ក៏ដូចជាយន្តហោះចម្បាំង Kizilelma នៅអ៊ុយក្រែន។
លោកនិយាយថា ការសាងសង់កន្លែងស្រាវជ្រាវ និងមជ្ឈមណ្ឌលផលិតកម្មទំនើប កំពុងដំណើរការរួចហើយ ដោយបន្ថែមថា៖ «យើងមើលឃើញអ៊ុយក្រែនជាដៃគូយុទ្ធសាស្ត្ររបស់យើង។ យើងក៏ចង់ធ្វើឱ្យអ៊ុយក្រែនជាមូលដ្ឋានផលិតកម្មផងដែរ»។
តួកគីបានរក្សាភាពជិតស្និទ្ធជាមួយអ៊ុយក្រែន និងរុស្ស៊ី នៅឆ្នាំនេះ ខណៈប្រទេសនេះសម្លឹងរកការសម្រុះសម្រួលជាជាងជ្រើសរើសភាគីនៅក្នុងសង្គ្រាម បន្ទាប់ពីការលុកលុយពីប្រទេសរបស់លោក វ្ល៉ាឌីមៀរ ពូទីន លើអ៊ុយក្រែនកាលពីដើមខែកុម្ភៈ។
លោក ពូទីន នៅក្នុងជំនួប កាលពីខែមុននៅអ៊ីរ៉ង់ ធ្លាប់បានស្នើប្រធានាធិបតីតួកគីឱ្យនាំយកក្រុមហ៊ុនផលិតដ្រូនទៅបើករោងចក្រនៅរុស្ស៊ី ប៉ុន្តែត្រូវក្រុមហ៊ុននេះបដិសេធ៕