១ ឆ្នាំ បន្ទាប់ពីចូលកាន់កាប់រដ្ឋធានីកាប៊ុល ក្រោយកងទ័ពបរទេស ដែលដឹកនាំដោយសហរដ្ឋអាមេរិកដកចេញពីអាហ្វហ្គានីស្ថាន ក្រុមមេដឹកនាំតាលីបង់ នៅតែត្រដាបត្រដួស ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយស្ថានភាពនៃវិបត្តិមនុស្សធម៌ដ៏អាក្រក់។
ការងារជាច្រើនជំពូក នៅតែបន្សល់ទុក ហើយដោះស្រាយមិនចេញ ខណៈអាហ្វហ្គានីស្ថាន ត្រូវបានផ្ដាច់ឱ្យនៅឯកោ ទាំងគ្មានរដ្ឋាភិបាលណា ១ លើលោក ទទួលស្គាល់ពីភាពស្របច្បាប់នៃរដ្ឋាភិបាលអ៊ិស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាន (IEA) របស់តាលីបង់ឡើយ។
ភាពឯកោការទូត នៅមានបន្ត ដោយលោកខាងលិច រួមទាំងអាមេរិក បានទាមទារឱ្យពួកតាលីបង់ បន្ធូរបន្ថយការរឹតត្បិតសិទ្ធិសេរីភាពរបស់ស្ត្រី និងបង្កើតរដ្ឋាភិបាល ដែលមានលក្ខខណ្ឌចម្រុះ ដើម្បីបានការទទួលស្គាល់។ តែមន្ត្រីតាលីបង់និយាយថា ក្រុងវ៉ាស៊ីនតោនកំពុងរំលោភលើកិច្ចព្រមព្រៀងទីក្រុងដូហា ឆ្នាំ ២០២០ ដោយបដិសេធរដ្ឋាភិបាលរបស់ខ្លួន។
កាលពីចុងខែមុន អាមេរិកបានបើកការវាយប្រហារដោយដ្រូននៅកាប៊ុល ដោយសម្លាប់មេដឹកនាំក្រុមអាល់កៃដា លោក Ayman al-Zawahiri។ ដោយមានការវាយប្រហារជាច្រើនផ្សេងទៀតពីពួក ISIS-K នៅអាហ្វហ្គានីស្ថាន រដ្ឋាភិបាលលោកខាងលិច បានចោទក្រុមតាលីបង់ ពីការមិនប្ដេជ្ញាលើកិច្ចព្រមព្រៀងក្រុងដូហា ដែលតម្រូវឱ្យក្រុមមិនផ្ដល់ជម្រកសុវត្ថិភាពដល់ពួកអាល់កៃដា ឬក្រុមប្រដាប់អាវុធផ្សេងទៀត នៅអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការដកទ័ពរបស់អាមេរិក។
ការមិនសម្រេចបានតាមកិច្ចព្រមព្រៀងឆ្នាំ ២០២០ បូករួមនឹងបញ្ហាសិទ្ធិមនុស្ស ជាពិសេស គឺជាចំណុចស្នូល ដែលធ្វើឱ្យអាហ្វហ្គានីស្ថានពិបាកនឹងទទួលបានប្រាក់បម្រុងទុកបរទេស និងមូលនិធិផ្សេងៗទៀតរាប់ប៊ីលានដុល្លារ ដែលត្រូវបង្កកដោយលោកខាងលិច។
យ៉ាងណាក្ដី អ្នកវិភាគមួយចំនួន មើលឃើញថា រដ្ឋាភិបាលតាលីបង់ ងាកសម្លឹងមើលទៅបណ្ដារដ្ឋាភិបាលក្បែរខ្លួន ដែលមិនសូវខ្វាយខ្វល់ពីបញ្ហាសិទ្ធិមនុស្ស ជាពិសេសកុម្មុយនីស្តចិន និងរុស្ស៊ី ដើម្បីសុំការគាំទ្រផ្សេងៗជាថ្នូរនឹងផលប្រយោជន៍សន្តិសុខជាតិ និងភូមិសាស្ត្រនយោបាយរៀងខ្លួន។
ក្នុងបទសម្ភាស ១ ជាមួយបណ្ដាញព័ត៌មាន Al Jazeera មេដឹកនាំជាន់ខ្ពស់តាលីបង់ លោក Anas Haqqani បាននិយាយថា៖ «ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ យើងបាននាំមកការវិវឌ្ឍដ៏ធំធេង និងច្រើន ដែលសំខាន់ ក្នុងចំណោមនោះ គឺសេរីភាព និងឯករាជភាព នៅពេលយើងកម្ចាត់បរទេស ពីការកាន់កាប់ ដោយអយុត្តិធម៌ និងគាបសង្កត់។ នេះជាអ្វីដែលប្រជាជនចង់បាន ហើយវាជាប្រភពមោទនភាព សម្រាប់យើង និងក៏ជាពរជ័យផងដែរ»។
លោក Haqqani បន្តថា ក្រុមតាលីបង់ មិនបានបំពានណា ១ លើកិច្ចព្រមព្រៀងក្រុងដូហានោះទេ ហើយ «យើងប្រាថ្នាចង់ទទួលបានទំនាក់ទំនងល្អ និងមិត្តភាពជាមួយប្រទេសទាំងអស់ ទោះមានបញ្ហាប្រឈម ដោយសារខ្វះការទទួលស្គាល់ការគ្រប់គ្រងរបស់យើងពីសហគមន៍អន្តរជាតិក្ដី»។
លោក Ibraheem Bahiss អ្នកវិភាគរបស់ស្ថាប័នស្រាវជ្រាវវិបត្តិអន្តរជាតិ ដែលផ្ដោតលើបញ្ហាអាហ្វហ្គានីស្ថាននិយាយថា ការភ្ជាប់ចំណងទាក់ទង រវាងលោកខាងលិច និងអាហ្វហ្គានីស្ថាន ទំនងជានឹងថមថយ ក្រោយការសម្លាប់មេដឹកនាំអាល់កៃដា លោក Al-Zawahiri ប៉ុន្តែ «រហូតមកដល់ពេលនេះ គេមិនច្បាស់ថា តើបញ្ហានេះ នឹងប៉ះពាល់ដល់ការចូលរួម ក្នុងតំបន់ជាមួយរដ្ឋាភិបាលក្រៅផ្លូវការរបស់តាលីបង់ ឬទេ»។
លោក Bahiss ប្រាប់ Al Jazeera ថា៖ «អាល់កៃដាមិនមែនជាតួអង្គសំខាន់ សម្រាប់ប្រទេសក្នុងតំបន់ជាច្រើនទេ ហើយវាអាចទៅរួច ដែលរដ្ឋាភិបាលទាំងនោះ អាចបន្តការចូលរួមរបស់ពួកគេ បើទោះមានការអភិវឌ្ឍបែបនេះក៏ដោយ»។
ការរំលោភសិទ្ធិមនុស្សធ្វើឱ្យឱកាស ដែលលោកខាងលិចទទួលស្គាល់ក្រុមតាលីបង់ ឬបន្ធូរបន្ថយទណ្ឌកម្ម មានតិចណាស់។ តែលោក Bahiss ថា៖ «ប្រទេសជិតខាង និងមហាអំណាច ក្នុងតំបន់ជាច្រើន ហាក់ដូចជាកំពុងបន្តការចូលរួមរបស់ពួកគេ ហើយក្នុងករណីកម្រមួយចំនួន ថែមទាំងផ្តល់ការបិទបាំង ចំពោះសកម្មភាពរបស់ពួកតាលីបង់ ដោយកំណត់បញ្ហាទាំងនេះថា ជាសិទ្ធិអធិបតេយ្យភាពរបស់អាហ្វហ្គានីស្ថាន»។
ទន្ទឹមនឹងនេះ ពេលការប្រកួតប្រជែងអំណាច មានកាន់តែខ្លាំងឡើង ហើយការបែកបាក់រវាងលោកខាងកើត និងលោកខាងលិច មានគម្លាតកាន់តែធំ ជុំវិញសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី អាហ្វហ្គានីស្ថាន អាចកាន់តែមានសារៈសំខាន់ ចំពោះយុទ្ធសាស្ត្រចិន និងរុស្ស៊ី សម្រាប់ប្រជែងនឹងសហរដ្ឋអាមេរិក។
សម្រាប់ចិនទំនាក់ទំនងជាមួយប៉ាគីស្ថាន អាចនឹងផ្ដល់ប្រយោជន៍ឱ្យខ្លួនខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងសន្តិសុខជាតិ។ នៅពេលចិន រុស្ស៊ី និងអ៊ីរ៉ង់ កាន់តែមានកិច្ចសហប្រតិបត្តិការខ្លាំងឡើង ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រជែងនឹងអនុត្តរភាពរបស់អាមេរិក មហាអំណាចទាំងនេះ ទំនងជាមកមើលក្រុមតាលីបង់ជាដៃគូ ដែលពួកគេអាចពង្រីកឥទ្ធិពល នៅអាស៊ីកណ្តាល។
លោក Anatol Lieven អ្នកជំនាញខាងពួកតាលីបង់ និងអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថាន Quincy និយាយថា ដោយសារចិន រុស្ស៊ី និងអ៊ីរ៉ង់ចាត់ទុកថា ក្រុម ISIS-K ផ្ដល់ការគំរាមកំហែងខ្លាំងជាងក្រុមអាល់កៃដា ប្រទេសទាំងនេះ នឹងបន្ទន់ឥរិយាបថដល់រដ្ឋាភិបាល IEA របស់តាលីបង់ ដរាបណារដ្ឋាភិបាលនេះ បន្តប្រយុទ្ធប្រឆាំងក្រុម ISIS-K។
តែរដ្ឋាភិបាលចិនមានកង្វល់ចម្បងទាក់ទងនឹងរបៀប ដែលក្រុមតាលីបង់ នឹងដោះស្រាយជាមួយក្រុមប្រដាប់អាវុធជនជាតិអ៊ុយហ្គ័រ ដែលមានប្រវត្តិជ្រកកោន នៅអាហ្វហ្គានីស្ថាន ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ ចិនបារម្ភថា ក្រុមតាលីបង់ អាចនឹងផ្តល់សេរីភាពដល់ក្រុមបែបនេះ ធ្វើប្រតិបត្តិការប្រឆាំងខ្លួន។ ក្រុងប៉េកាំង គាំទ្រផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍដល់ក្រុមតាលីបង់ ក្នុងលក្ខខណ្ឌដែលមានការសហការជាមួយចិន ប្រឆាំងក្រុមប្រដាប់អាវុធបែបនេះ និងចៀសវាងការផ្តោតលើផលប្រយោជន៍របស់ចិន ជាពិសេសគំនិតផ្តួចផ្តើមផ្លូវ ១ ខ្សែក្រវាត់ ១ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសកលរបស់ចិន។
លោក Claude Rakisits សាស្ត្រាចារ្យកិត្តិយសរងនៃសាកលវិទ្យាល័យជាតិអូស្ត្រាលីនិយាយថា ការការពាររបស់ក្រុមតាលីបង់ អាចនឹងក្លាយជាការរួញរាមួយចំនួន៕
ហួន ឌីណា