អាជ្ញាធរ​ចិន​បាន​ប្រញាប់​ប្រញាល់ បង្កើត​ភ្លៀង​សិប្ប​និម្មិត ក្នុង​ខេត្ត​មួយ​ចំនួន នៅ​ភាគ​កណ្តាល និង​ភាគនិរតី ដែល​ជាកិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ទល់​នឹង​គ្រោះ​រាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ និង​រលក​កម្តៅ​ដ៏វែង​បំផុត​ជា​កំណត់ត្រា ​រយៈពេល​ជាង ២ ខែ។

ផល​ប៉ះ​ពាល់​ពី​គ្រោះ​រាំងស្ងួត និង​រលក​កម្តៅ​នេះ នាំ​ឱ្យ​ទន្លេ Yangtze ដែល​ជា​ទន្លេ​វែង​ជាងគេ នៅ​អាស៊ី មាន​កម្រិត​ទឹក ក្នុង​ពេល​ខ្លះ ធ្លាក់​ទាប​បំផុត​ជា​ប្រវត្តិសាស្ត្រ ខណៈពេល​ដែល​ទឹក​ភ្លៀង​ធ្លាក់​តិច​ខុសពី​ប្រក្រតី​ជាងពាក់​កណ្តាល។

ខេត្ត​ជាច្រើន​នៅ​ជុំវិញ​ទន្លេ Yangtze ដូច​ជា​ខេត្ត Hubei បាន​បាញ់​រ៉ុក្កែត ដែល​ផ្ទុក​សារធាតុ​គីមីចូល​ទៅ​ក្នុង​ពពក ដើម្បី​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត តែ​ដោយសារ​តំបន់​ខ្លះ មាន​ពពក​តិចតួច ធ្វើឱ្យ​ការ​ប្រឹងប្រែង ក្នុង​ការ​ធ្វើឱ្យ​មាន​ភ្លៀង​សិប្បនិម្មិត​ជួប​នឹង​ការ​លំបាក។

ជាមួយគ្នា​នេះ រលក​កម្តៅ ដែល​បាន​បណ្តាលឱ្យ​សីតុណ្ហ​ភាព នៅ​តំបន់​ជាច្រើន ឡើង​លើស​ពី ៤០ អង្សាសេ ​នាំ​ឱ្យ​មាន​ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​កាន់តែ​ច្រើន​ឡើង ហើយ​បរិមាណ​នៃការ​ប្រើប្រាស់​អគ្គិសនី ក្នុង​រយៈពេល​នេះ មាន​ការ​កើនឡើង​គួរ​ឱ្យកត់​សម្គាល់ ដោយបង្ក​ឱ្យ​មានការ​តឹងតែង​ខ្លាំង​លើ​ការផលិត​ថាមពល ក្នុង​តំបន់​ជា​ច្រើន និង​ការដាច់​ចរន្ត​អគ្គិសនី នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​រាប់លាន​នាក់។

នៅ​ខេត្ត​ស៊ីឈួន (Sichuan) ដែល​មាន​សីតុណ្ហភាព​លើស​ពី ៤០ អង្សាសេ អាជ្ញាធរ​មូលដ្ឋាន ​ស្នើឱ្យ​ការិយាល័យ​រដ្ឋា​ភិបាល​ទាំងអស់ ក្នុង​ខេត្ត បើក​ម៉ាស៊ីន​ត្រជាក់​នៅ​សីតុណ្ហភាព​​មិន​ទាប​ជាង ២៦ អង្សាសេ ដើម្បី​សន្សំ​សំចៃ​អគ្គិសនី ហើយ​សុំឱ្យ​បុគ្គលិក​ប្រើ​ជណ្តើរ ជំនួស​ឱ្យ​ជណ្តើរយន្ត ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។

ចំណែក​ឯ​នៅ​ទីក្រុង Dazhou ដែលមាន​ប្រជាជន​ប្រហែល ៥,៤ លាន​នាក់ ត្រូវបាន​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា មាន​ ការ​ដាច់​ចរន្តអគ្គិសនី ទូទាំង​ក្រុង រយៈពេល​ជាង ៣ ម៉ោង។

លើស​ពី​នេះ​ គេ​បាន​ឃើញ​ផងដែរ​ថា រោងចក្រ​ជាច្រើន ត្រូវបង្ខំ​ឱ្យ​កាត់បន្ថយ​ផលិតកម្ម ឬ​បញ្ឈប់​ប្រតិបត្តិការ ដែល​ជា​ផ្នែក​នៃ​វិធានការ​សង្គ្រោះ-​បន្ទាន់ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដើម្បី​ផ្លាស់ប្តូរ​ការ​ផ្តោត​ជាសំខាន់​​លើ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​អ្នក​ប្រើប្រាស់ ក្នុង​គ្រួសារ៕

វីដេអូ៖