ប្រទេស​អ៊ីស្រាអែល​ និង​តួកគី បាន​ប្រកាស​ពី​ការ​បន្ត​ចំណង​ទាក់ទងការ​ទូត​ពេញ​លេញ​​ឡើង​វិញ ក្រោយ​ពី​ទំនាក់​ទំនាក់ ​រវាង​ប្រទេស​សមុទ្រ​មេឌីទែរ៉ាណេ​ទាំង ២ នេះ បាន​ជាប់គាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

ការ​ប្រកាស កាល​ពី​ថ្ងៃ​ពុធ ​បាន​កើតឡើង​បន្ទាប់​ពី​កិច្ចសន្ទនា​រវាង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Yair Lapid និង​ប្រធានាធិបតី​តួកគី ​រ៉េសិប ​តៃយីប​ អេរដូហ្គែន (Recep Tayyip Erdogan)។​ ការសន្ទនា​នេះ​ បាន​កើតឡើង​រយៈពេល ៤ ឆ្នាំ​ ក្រោយ​​ពី​ប្រទេស​​ទាំង ២ ​បាន​បណ្តេញ​ឯកអគ្គ​រដ្ឋទូត​ចេញ​ជុំវិញ​ការ​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន ៦០ នាក់ ​ដោយ​កងកម្លាំង​អ៊ីស្រាអែល​ក្នុង​អំឡុង​ការតវ៉ា​នៅ​ព្រំដែន​ហ្គាហ្សា​ប្រឆាំង​នឹងការ​បើក​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ទីក្រុង ហ្ស៊េរុយសាឡិម។

សេចក្តី​ថ្លែង​ការណ៍ ១ ​ចេញពី​ការិយាល័យ​លោក​ Lapid បាន​ឱ្យ​ដឹង​ថា៖ «ការិយាល័យ​ បាន​សម្រេច​ចិត្តជា​ថ្មី​ ក្នុង​ការ​ធ្វើឱ្យ​ល្អ​ប្រសើរ​ឡើងនូវ​ទំនាក់ទំនង​ រវាង​ប្រទេស​ទាំង ២ ​ដើម្បី​ចំណង​ទាក់ទង​ការទូត​ពេញលេញ ​និង​ឱ្យ​ឯកអគ្គរដ្ឋទូត ​និង​អគ្គកុងស៊ុល​វិល​ត្រឡប់​ទៅ​វិញ»។

ការិយាល័យ​នោះ ​បាន​បន្ថែម​​ទៀត​ថា​៖ «​ការ​ធ្វើឱ្យ​ទំនាក់​ទំនង​ល្អ​ប្រសើរ​ឡើង​វិញ​ នឹង​ចូលរួម​ចំណែក​ដល់​ការធ្វើ​ឱ្យ​ចំណង​ទំនាក់ទំនង​កាន់​តែស៊ី​ជម្រៅ​ រវាង​ប្រជាជន​ទាំង ២​ ដោយ​ការ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និង​វប្បធម៌​ និង​ពង្រឹង​ស្ថិរភាព​ក្នុង​តំបន់»។

លោក​រដ្ឋមន្ត្រី​ការបរទេសតួកគី Mevlut Cavusoglu ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន​ក្នុង​ទីក្រុង​អង់ការ៉ា​ថា ការ​តែងតាំង​ឯក​អគ្គ​រដ្ឋទូត គឺជា​ជំហាន ១ ក្នុង​ចំណោម​ជំហាន​ជាច្រើន ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​ប្រក្រតី​​ឡើងវិញ»។ ជំហាន​វិជ្ជមាន​បែប​នេះ​ បាន​កើត​ចេញពី​អ៊ីស្រាអែល និង​កិច្ចខិតខំ​ប្រឹងប្រែង ហើយ​ក្នុង​នាម​ប្រទេស​តួកគី ​យើង​ក៏​បាន​សម្រេច​ចិត្ត​តែងតាំង​ឯកអគ្គ​រដ្ឋទូត ១ រូប​ទៅ​កាន់​អ៊ីស្រាអែល គឺ​ប្រចាំ​នៅ​ទីក្រុង​តែលអាវីវ»។

លោក​ Cavusoglu បាន​បន្ថែម​ទៀតថា ​វិធានការ​នេះ​ មិនមាន​ន័យ​ថា ​តួកគី​នឹង​បោះបង់​ចោល​បុព្វហេតុ នៅ​ប៉ាឡេស្ទីន​ទេ។

លោក​រដ្ឋមន្រ្តីការបរទេស​រូប​នេះ​ បាន​បន្ត​ថា៖ «យើង​ជានិច្ចកាល​ និយាយ​ថា ​យើង​នឹង​បន្តការ​​ពារសិទ្ធិ​របស់​ប៉ាឡេស្ទីន​ នៅទី​ក្រុង​ហ្ស៊េរុយសាឡិម​ និង​តំបន់​ហ្គាហ្សា»។ វា​ពិតជា​សំខាន់​ណាស់​ថា ​សារ​របស់​យើង​ត្រូវ​ផ្ញើ​ជូន​នៅ​កម្រិត​ការទូត​ ក្នុង​ទីក្រុង​តែលអាវីវ»។​

ទំនាក់ទំនង ដែល​ធ្លាក់ចុះ​ បាន​កើត​ឡើង ​ក្រោយ​ពី​មាន​ភាព​តានតឹង​រយៈពេល​ជាង ១០ ឆ្នាំ។ ​ដំណើរ​ទស្សនកិច្ច ១ ទៅ​កាន់​​តួកគី​របស់​លោក​​ប្រធានាធិបតី​អ៊ីស្រាអែល ​កាល​ពីខែ​មីនា​ បាន​កើតឡើង​ បន្ទាប់​ពីដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង ២ ។​

លោក Herzog​ បានប្រាប់​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​ស្តារ​ទំនាក់ទំនង​ពេញលេញ​ នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​​សេដ្ឋកិច្ច​កាន់តែធំ ​ទេសចរ កាន់​តែច្រើន ​និង​ចំណង​មិត្តភាព​កាន់តែ​ស្អិតល្មួត រវាង​ប្រជាជន​អ៊ីស្រាអែល និង​តួកគី​។

ទោះមាន​ភាព​ខ្វែង​គំនិត​គ្នា​ផ្នែក​ការ​ទូត ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ក្តី ​ក៏ការ​ធ្វើ​ពាណិជ្ជកម្ម ​នៅ​តែ​បន្ត​ ​ហើយ​តួកគី​នៅ​តែជា​គោលដៅ​ពេញនិយម​​ សម្រាប់​ទេសចរ​អ៊ីស្រាអែល​ដែរ។

ទោះ​ជា​យ៉ាង​ណាក៏​​ដោយ​ក៏អ៊ីស្រាអែល បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​​វិលត្រឡប់​ទៅ​ប្រទេស​​វិញ នៅ​ក្នុង​ខែ​មិថុនា​ ដោយ​បាន​លើក​ឡើង​ពី​ផែនការ​​ធ្វើឃាត​របស់​អ៊ីរ៉ង់​ប្រឆាំង​នឹង​ប្រជាជន​ខ្លួន នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល។

ចំណែក​លោក Lapid បាន​អរគុណទី​ក្រុង​អង់ការ៉ា ចំពោះ​​កិច្ចសហការ​របស់​ខ្លួន​លើ​បញ្ហានៃ​ការ​ស្តារ​ទំនាក់ទំនង​ការ​ទូត​នេះ ឡើង​វិញ៕

ហួន ឌីណា