ក្រុមហ៊ុន Terra Power របស់មហាសេដ្ឋី​​បច្ចេកវិទ្យា​ Bill Gates ​រៃអង្គាស​ប្រាក់​បាន​ចំនួន $៧៥០ លាន​សម្រាប់​កិច្ចការ​វិនិយោគ​​​លើ​​វិស័យ​​ថាមពល​នុយក្លេអ៊ែរ និង​ការ​ច្នៃប្រឌិត​ថ្នាំពេទ្យ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ CNBC ដែលមាន​មូលដ្ឋាន​​ នៅ​សហរដ្ឋអាមេរិក។​

​បើយើង​តាម​សេចក្តី​រាយការណ៍​​របស់ Terra Power ដែល​ជា​ក្រុមហ៊ុន​ច្នៃប្រឌិត នុយក្លេអ៊ែរ​របស់​មហាសេដ្ឋី​​បច្ចេកវិទ្យា​លោក Bill Gates បាន​ប្រកាស​ នៅ​ដើម​សប្ដាហ៍​នេះ​ថា ខ្លួន​ទទួល​បាន​ការ​បណ្តាក់​ទុន​វិនិយោគ​យ៉ាងហោច​ណាស់ $៧៥០ លាន ក្នុងការ​ផ្តល់​មូលនិធិ​ថ្មី​​​ សម្រាប់​កិច្ចការ​វិនិយោគ​​លើ​ថាមពល​នុយក្លេអ៊ែរ​​ និង​ថ្នាំពេទ្យ។

មូល​និធិ​​វិនិយោគ​ថ្មី​​នេះ ត្រូវ​បានដឹកនាំ ដោយលោក Gates និង SK ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ប្រទេស​កូរ៉េខាងត្បូង។ លោក Gates គឺជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Terra Power ខណៈ​ដែល​​ក្រុមហ៊ុន SK ដែល​ជាក្រុមហ៊ុន​ផ្តល់​ថាមពល​ដ៏ធំ​បំផុត​មួយ​របស់​ប្រទេស​កូរ៉េខាងត្បូង​ បាន​វិនិយោគ $២៥០ លាន។

ប្រាក់នេះ​នឹងត្រូវបានប្រើ ដើម្បី​​អភិវឌ្ឍបច្ចេក​វិទ្យា​ថាមពល​​នុយក្លេអ៊ែរ និង​ការ​ច្នៃប្រឌិត​​ថ្មី នៅ​ក្នុង​ឱសថ​នុយក្លេអ៊ែរ។ នេះ​បើយោង​តាម​សេចក្តី​ថ្លែង​ការណ៍​ពី​ក្រុមហ៊ុន Terra​ Power។

លោក Chris Levesque នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Terra Power បាន​និយាយ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ១ ថា​៖ «មិន​ថា ​វា​កំពុង​ដោះស្រាយ​ជាមួយការ​ប្រែប្រួល​អាកាសធាតុ​ ជាមួយ​នឹង​ថាមពល​នុយក្លេអ៊ែរ​កម្រិត​ខ្ពស់​ ដែល​មិនមាន​ការ​បំភាយ​កាបូន ឬ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ជំងឺ​មហារីក​ជាមួយ​នឹង​អ៊ីសូតូប (Isotopes) នុយក្លេអ៊ែរ ក្រុម​ការងារ​របស់​យើង​ កំពុង​ដាក់​ពង្រាយ​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា ហើយ​អ្នក​វិនិយោគ​ទូទាំង​ពិភពលោក កំពុង​យកចិត្ត​ទុកដាក់»។

សម្រាប់ថាមពល​នុយក្លេអ៊ែ​វាបាន​និង​កំពុងត្រូវ​ដំណើរការ​​ឡើង​វិញ ដោយសារ​តែ​ថាមពល​ ដែល​បង្កើត​ឡើង​ ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ មិនបាន​បញ្ចេញ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​បណ្តាល​ឱ្យ​មាន​បម្រែបម្រួល​​អាកាសធាតុ​ទេ។

តែទោះយ៉ាងណា​ក៏ដោយ ក៏មាន​កាកសំណល់​របស់​នុយក្លេអ៊ែរ​ ដែល​ប្រើប្រាស់​បានយូរ ​ចាំបាច់​ត្រូវ​តែ​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន​បំផុត៕