­ក្រោយ​រុស្ស៊ី​បើក​ការឈ្លានពាន​អ៊ុយក្រែន នៅ​ចុងខែ​កុម្ភៈ ការ​ប្រកាន់​អព្យាក្រឹត​ភាព នៅ​ទ្វីបអឺរ៉ុប​ មាន​ការ​ប្រែប្រួល​ខ្លាំង ដោយ​ស៊ុយអែត និង​ហ្វាំងឡង់ បាន​បោះបង់​ចោល​គោល​នយោបាយ​មិន​ចូល​បក្សសម្ព័ន្ធ​របស់ខ្លួន ហើយ​សូម្បីតែ​ប្រទេស​ស្វ៊ីស ក៏ហាក់​ខិត​កាន់តែ​ទៅ​ជិត​សម្ព័ន្ធភាព​យោធា​ណាតូ​ដែរ។

តែទោះ​យ៉ាងណា​ក៏ដោយ ខណៈ​សង្គ្រាម​នៅ​អ៊ុយក្រែន​បន្ត​ជិត ៦ ខែ អូទ្រីស ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប (EU) និង​ជា​ដៃគូ ១ របស់​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង (ណាតូ) នៅ​រក្សា​​អព្យាក្រឹត​ភាព​របស់ខ្លួន ហើយ​មិន​បង្ហាញ​សញ្ញា​ណាមួយ​ចូលរួម​ជាមួយ​សម្ព័ន្ធភាព​យោធា​នេះ​ទេ។

ក្នុង​បរិបទ​នេះ អ្នក​វិភាគ​ខ្លះ​ចាត់​ទុក​អូទ្រីស​ថា ជា​អ្នក​ទទួលផល​ស្រួលៗ​ដោយ​សំណាង ខណៈ​រក្សាខ្លួន​ឱ្យនៅ​ក្រៅ​ណាតូ ទន្ទឹម​នឹង​ការបន្ត​ទំនាក់ទំនង​ផ្សេងៗ​ជាមួយ​រុស្ស៊ី ជា​ពិសេស​លើ​វិស័យ​សេដ្ឋកិច្ច។

កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា រដ្ឋ​មន្ត្រី​ការ​បរទេស​អូទ្រីស និយាយ​ថា ការ​រក្សា​ជំហរ​អព្យាក្រឹត គឺ​ដោយសារ​តែ «ស្ថានភាព​របស់​យើង​ខុសគេ» ហើយ​សាធារណជន​ភាគច្រើន គាំទ្រ​នូវ​គោល​នយោបាយ​នេះ​។ បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ផ្សេងៗ ៨០% នៃ​ប្រជាជន​អូទ្រីស​បដិសេធ​សមាជិកភាព​របស់​អង្គការ​ណាតូ ហើយ​សូម្បីតែ​បក្ស​នយោបាយ​ខុសៗគ្នា ក៏គាំទ្រ​ការ​មិន​ចង់​បាន​នេះដែរ។

លោក Wolfgang Pusztai អ្នក​វិភាគ​សន្តិសុខ និង​គោល​នយោបាយ បាន​និយាយ​ប្រាប់​បណ្ដាញ​សារព័ត៌មាន Al Jazeera ថា​៖ «បន្ទាប់ពី​មានបទ​ពិសោធ​ដ៏អាក្រក់​នៃ​សង្គ្រាម​លោក​លើក​ទី ២ និង​របប​ណាស៊ី អព្យាក្រឹតភាព​បាន​ចាក់ឫស​យ៉ាងជ្រៅ នៅក្នុង​ផ្នត់​គំនិត​របស់​ប្រជាជន​អូទ្រីស»។

ក្រោយ​សង្គ្រាមលោក​លើក​ទី ២ ប្រទេស​អ្នក​ឈ្នះ​សង្គ្រាម បាន​បំបែក​អូទ្រីស​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​តាម​តំបន់​របស់​ខ្លួន​រៀងៗ​ខ្លួន​។ បន្ទាប់​មក​នៅ​ឆ្នាំ ១៩៥៥ សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស បារាំង និង​សហភាព​សូវៀត បាន​ចុះហត្ថ​លេខា​លើ​សន្ធិសញ្ញា​រដ្ឋ​អូទ្រីស ដែល​តម្រូវឱ្យ​ប្រទេស​នេះ ប្រកាស​អព្យាក្រឹត​ភាព​ជា​អចិន្ដ្រៃយ៍ និង​មាន​ជា​តំបន់​ការពារ រវាង​លោក​ខាងលិច និង​បូព៌ា។

លោក Christoph Schwarz អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អូទ្រីស សម្រាប់​គោល​នយោបាយ​អឺរ៉ុប និង​សន្តិសុខ​និយាយ​ថា​៖ «សាធារណជន​អូទ្រីស​ទូទៅ ភ្ជាប់​អព្យាក្រឹតភាព​ជាមួយ​នឹង​វិបុលភាព​សេដ្ឋកិច្ច និង​សន្តិសុខ ដែល​ប្រទេស​ទទួល​បាន​ភាព​សម្បូរ​បែប ក្នុង​រយៈពេល ៦០-៧០ ឆ្នាំ​កន្លង​មក»។

ប៉ុន្មាន​ឆ្នាំ​មកនេះ​អព្យាក្រឹត​ភាព ជួយ​អូទ្រីស​រក្សា​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់ខ្លួន​ទាប​។ យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​ដដែល ក៏​ជួយ​ឱ្យ​ប្រទេស​នេះ ចូលរួម​ធ្វើ​សេដ្ឋកិច្ច​ជាមួយ​បស្ចិម​ប្រទេស ខណៈ​ទទួល​អត្ថប្រយោជន៍​នៃ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​សូវៀត និង​ក្រោយមក​រុស្ស៊ី។

អូទ្រីស​ជា​ប្រទេស​លោក​ខាងលិច​ដំបូង​គេ ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឧស្ម័ន​ធម្មជាតិ​ជាមួយ​សហភាព​សូវៀត ក្នុង​ឆ្នាំ ១៩៦៨ ហើយ​នៅតែ​ពឹងផ្អែក​លើ​អ៊ីដ្រូកាបូន​របស់​រុស្ស៊ី​។ សព្វថ្ងៃ​នេះ​ហ្គាស​បាន​ជះ​ឥទ្ធិពល​យ៉ាងខ្លាំង ដល់​ផល​ប្រយោជន៍​របស់​អូទ្រីស ក្នុងការ​ចៀស​វាង​សកម្មភាព ដែល​អាច​បង្កជម្លោះ​ហួសហេតុ​ដល់​រដ្ឋាភិបាល​របស់​ប្រធានា​ធិបតី​លោក វ្ល៉ាឌីមៀរ ពូទីន។

លោក Schwarz ពន្យល់​ថា ក្រៅពី​សេដ្ឋកិច្ច និង​ថាមពល អព្យាក្រឹត​ភាព​ក្នុង​សម័យ​ និង​ក្រោយ​សង្គ្រាម​ត្រជាក់ ក៏​លើក​តួនាទី​របស់​អូទ្រីស​នៅ​លើ​ឆាក​អន្តរជាតិ​ថា ជា «កន្លែង​សម្រាប់​ទំនាក់ទំនង រវាង​លោក​ខាងកើត និង​លោក​ខាងលិច»។

ដូច​ក្រុង​ញូវយ៉ក ហ្ស៊ឺណែវ និង​ណៃរ៉ូប៊ី​ដែរ រដ្ឋធានី​វីយែន​របស់​អូទ្រីស បាន​ក្លាយ​ជា​ទីតាំង​ការិយាល័យ​ដ៏សំខាន់​របស់​អង្គការ​សហប្រជាជាតិ (UN) ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) អង្គការ​សន្តិសុខ និង​កិច្ច​សហ​ប្រតិបត្តិការ​អឺរ៉ុប (OSCE) និង​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង (OPEC)។ ជនជាតិ​ភាគច្រើន​អូទ្រីស​​ជឿថា ប្រទេស​ខ្លួន​ជាស្ពាន​ការទូត និង​សសរ​ទ្រូង រវាង​លោក​​ខាងកើត និង​ខាងលិច​ ដែល​ផ្ដល់​ប្រយោជន៍​ដល់ការ​ការពារ​ជាតិ។

លោកស្រី Pamela Rendi-Wagner សមាជិក​ក្រុម​ប្រឹក្សាជាតិ​អូទ្រីស និង​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិប​តេយ្យ​សង្គម​អូទ្រីស (SPO) ប្រាប់​ថា​៖ «រដ្ឋ​អព្យាក្រឹត​មិន​តំណាង​ឱ្យ​ការ​គំរាម​ដល់​មហាអំណាច ហើយ​បែប​នោះ ​ពង្រឹង​សន្តិសុខ​របស់​យើង»។

បើតាម​ភូមិសាស្ត្រ អូទ្រីស​មាន​ព្រំដែន​ព័ទ្ធ​ជុំវិញ​ដោយ​សមាជិក​ EU ផ្សេង​ទៀត ក៏ដូចជា​ស្វ៊ីស និង​លិចតិនស្តាញ ដែល​នៅ​ទាំង​ក្រៅ​ប្លុក​អឺរ៉ុប និង​អង្គការ​ណាតូ​ដូចគ្នា​។ ខុសពី​ស៊ុយអែត និង​ហ្វាំងឡង់ អូទ្រីស​មិន​ត្រូវ​បាន​ការពារ​ពី​ណាតូ ដែល​ត្រូវ​បំពេញ​កាតព្វកិច្ច​រួមជា​ធ្លុង ១ ក្នុង​សម្ព័ន្ធភាព​នោះទេ។

លោក Benjamin L Schmitt សហការី​ស្រាវជ្រាវ នៅ​សាកល​វិទ្យាល័យ Harvard ​ប្រាប់ Al Jazeera ថា សង្គ្រាម​អ៊ុយក្រែន បាន​ប៉ះពាល់​ដល់​តួនាទី​របស់​អូទ្រីស ក្នុង​នាម​ជា «ស្ពាន» សម្រាប់​លោក​​ខាងលិច និង​ខាងកើត ព្រោះ​អព្យាក្រឹត​ភាព មិន​ត្រូវ​ច្រឡំ​នឹង​ភាព​ព្រងើយ​កន្តើយ ឬ​ភាព​អសកម្ម​នោះ​ឡើយ។

ទោះ​មិនបាន​ផ្ដល់​សព្វាវុធ​ឱ្យ​អ៊ុយក្រែន​ដូច​សម្ព័ន្ធមិត្ត​ផ្សេង​​ក្ដី អូទ្រីស​ផ្ដល់​ជំនួយ​អ្វី​ច្រើន រាប់​ពី​មនុស្សធម៌ រហូតដល់​ឧបករណ៍​ការពារ​ ហើយ​ក៏បាន​ចូលរួម​ជាមួយ​រដ្ឋ​ជា​សមាជិក UN ចំនួន ១៤០ ផ្សេង​​ទៀត ក្នុងការ​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហាសន្និបាត នៅ​ថ្ងៃទី ២ ខែ​មីនា​ ថ្កោល​ទោស​រុស្ស៊ី។

ទំនាក់​ទំនង​រុស្ស៊ី-អូទ្រីស ក៏​ថយចុះ នៅ​ពេល​អូទ្រីស​បង្កក​ទ្រព្យសម្បត្តិ​បុគ្គល និង​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី ក្នុង​ប្រទេស​របស់ខ្លួន​។ លើសពី​នេះ ក៏​ចូលរួម​ជាមួយ​ EU ក្នុងការ​ដកខ្លួន​ពី​ថាមពល​រុស្ស៊ី ដោយ​កាត់​បន្ថយ​ការ​នាំចូល​ហ្គាស​រុស្ស៊ី​មក​ត្រឹម ៥០% ពី ​៨០% មុនពេល​សង្គ្រាម​ផ្ទុះឡើង៕

ហួន ឌីណា​