បើទោះបី​ភ្លើង​សង្គ្រាម នៅ​អ៊ុយក្រែន ហាក់​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​គ្មាន​ស្រាកស្រាន្ត នៅ​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី ទៅ​កាន់​អឺរ៉ុប តាមរយៈ​ផ្លូវ​នាំ​ចេញ​សំខាន់ៗ​ឆ្លង​កាត់​អ៊ុយក្រែន​មាន​កម្រិត​ខ្ពស់​នៅឡើយ​។ នេះ​បើ​តាម​ការ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី ដែល​បាន​ដកស្រង់​ទិន្នន័យ​ពី​ក្រុមហ៊ុន​ចែកចាយ​ឧស្ម័ន។

TASS បាន​រាយការណ៍​ថា បរិមាណនៃ​ការចែក​ចាយ​ឧស្ម័ន នៅ​មាន​កម្រិត​ខ្ពស់​ស្មើ​កម្រិត កាល​ពី​មុន​ ប្រហែល ៤២,២ លាន​ម៉ែត្រគុប ក្នុង ១ ថ្ងៃ ដែល​បញ្ជូន​ឆ្លងកាត់​អ៊ុយក្រែន និង ៣៤ លាន​ម៉ែត្រ​គុប តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream កាលពី​ថ្ងៃ​ពុធ។

ការ​កំណត់​សម្រាប់​ការដឹកជញ្ជូន​ឧស្ម័ន​រុស្ស៊ី​ឆ្លងកាត់​អ៊ុយក្រែន នៅ​ថ្ងៃពុធ​នោះ តាមរយៈ​ស្ថានីយ​ចែកចាយ​ឧស្ម័ន Sokhranovka មិន​ដំណើរការ​ទេ ខណៈការ​កំណត់​សម្រាប់​ការ​ដឹកជញ្ជូន​តាម​ស្ថានីយ Sudzha មាន​ប្រហែល ៤២,២ លាន​ម៉ែត្រគុប​។ នេះ​បើ​តាម​ទិន្នន័យ​ ​នៅលើ​គេហទំព័រ​របស់​ប្រតិបត្តិករ​ប្រព័ន្ធ​បញ្ជូន​ឧស្ម័ន​​របស់​អ៊ុយក្រែន (GTSOU)។

ទន្ទឹម​នឹង​នេះ ការចែក​ចាយ​ឧស្ម័ន​របស់​រុស្ស៊ី​តាម​ Nord Stream ដែល​ជា​បំពង់​បង្ហូរ​ដ៏សំខាន់ សម្រាប់​ការ​នាំចេញ​ឧស្ម័ន​រុស្ស៊ី​ទៅ​កាន់​អឺរ៉ុប នៅ​ស្ថិត​ក្នុង​កម្រិត​នៃ​ប៉ុន្មាន​ថ្ងៃ​មុន​ប្រហែល ៣៤ លាន​ម៉ែត្រគុប ក្នុង ១ ថ្ងៃ​។ នេះ​បើ​យោង​តាម​ Nord Stream AG។

បើតាម​ក្រុមហ៊ុន Gas Infrastructure Europe (GIE)​ ចំ​ពេល​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទាបពី​រុស្ស៊ី បណ្តា​ប្រទេស នៅ​អឺរ៉ុប បន្ត​បូម​ឧស្ម័ន​ចូលទៅ​ក្នុង​កន្លែង​ផ្ទុក​ឧស្ម័ន​ក្រោម​ដី (UGSF) ជាមួយ​នឹង​ការស្តុក​ទុក​ឧស្ម័ន នៅ​អឺរ៉ុប​លើស​ពី ៧៤ % នាពេល​នេះ។

គណៈ​កម្មការ​អឺរ៉ុប (EC) ធ្លាប់​​ស្នើ​ថា កម្រិត​បម្រុង​ទុក ត្រូវបាន​ណែនាំ សម្រាប់​កន្លែង​ស្តុក​ឧស្ម័ន​របស់​អឺរ៉ុប​យ៉ាងហោច​ណាស់ ៨០% សម្រាប់​រដូវរងា​ឆ្នាំ ២០២២-២០២៣ និង ៩០ % សម្រាប់​​រដូវ​រងា​ខាងមុខ៕

វីដេអូ៖