​នយោបាយ​ថៃអាច​ប្រឈម​​នឹង​ភាពចលាចល​ជាថ្មីទៀត​នៅពេល​ការបង្ហាញ​ផ្លូវច្បាប់ ដែល​អាច​បណ្តេញ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ធ ចាន់​-​អូ​ចា (Prayut Chan-o-cha) ចេញពី​តំណែង ដែល​ពេញ​ដោយ​ការ​​ដុកដាន់​ពី​បក្សប្រឆាំង ខណៈ​ច្បាប់រដ្ឋធម្មនុញ្ញ​ប្រទេស​ថៃ ដែល​ត្រួតពិនិត្យ​ដោយ​លោក​ខ្លួនឯង កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម ៨ ​ឆ្នាំ ដែល​មានន័យថា ពេល​​វេលា​កំណត់​តួនាទី​នាយករដ្ឋមន្ត្រី​របស់លោក ផុត​នៅ​ថ្ងៃទី​ ២៤ ខែសីហា​នេះហើយ​។​

​មានការ​វិភាគ​ជាច្រើន និង​សង្ស័យថា ប្រទេស​ថៃ អាច​វិល​ទៅរក​ភាពចលាចល​សង្គម​ជាថ្មីទៀត បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ដែល​ឡើងកាន់​អំណាច​ដោយ​ទម្លាក់​នាយករដ្ឋមន្ត្រី​ឈ្នះឆ្នោត ដោយ​រដ្ឋប្រហារ​កាលពី​ឆ្នាំ ​២០១៤ ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ថៃ​សម្រេច​ព្យួរ ឬក៏​ផ្តល់​សុពលភាព​ឱ្យ​លោក​បន្ត​រហូតដល់​ការបោះឆ្នោត​សកល​ថ្មី នៅ​ខែមីនា ឆ្នាំក្រោយ​។

​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ផ្សព្វផ្សាយ​ថា ការបង្ហាញ​ផ្លូវច្បាប់ ដែល​អាច​បណ្តេញ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ដោយ​តុលាការ​ធម្មនុញ្ញក្នុង​សប្តាហ៍​នេះ អាច​បង្ក​ការគំរាមកំហែង​ដល់​ភាពចលាចល​នយោបាយ​ថ្មី សម្រាប់​ប្រទេស​ថៃ ដែល​នឹងត្រូវ​រៀបចំ​បោះឆ្នោត​សកល នៅ​ប៉ុន្មាន​ខែ​ទៀត​នេះ​។​

​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ប្រទេស​នេះផ្សាយ​ថា បក្សប្រឆាំង​នៅ​ថៃបានដាក់​ពាក្យបណ្តឹងរ​ដ្ឋ​សភា​ថៃ ដែល​បញ្ជូនបន្ត កាលពី​ថ្ងៃ​ចន្ទ ទៅកាន់​តុលាការ​ធម្មនុញ្ញ​របស់​ថៃ ដើម្បី​ស្វែងរក​សេចក្តី​​សម្រេច​អំពី​តំណែង​នយោបាយ​ស្របច្បាប់​របស់​នាយករ​ដ្ឋ​មន្ត្រី​លោក ​ប្រា​យុ​ធ​។​

​ញត្តិ​ដែល​ត្រូវបាន​ចុះ​ហត្ថ​​លេខា​ដោយ​សមាជិកសភា ១៧១​ រូប ក្នុងចំណោម​សមាជិកសភា​សរុប ៥០០ ​រូប ត្រូវបាន​ប្រគល់ជូន​ប្រធានរដ្ឋសភា លោក Chuan Leekpai នៅ​ថ្ងៃទី​ ១៧ ខែសីហា ហើយ​ត្រូវបាន​ពិនិត្យ​មុននឹង​បញ្ជូន​បន្តទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ ដែល​ទាមទារ​ឱ្យ​បញ្ចប់​តំណែង​របស់លោក ប្រា​យុ​ធ ផ្អែក​តាមច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ថៃ ដែល​កំណត់​អាណត្តិ​របស់​នា​​យក​រដ្ឋមន្ត្រី​ត្រឹម ៨ ​ឆ្នាំ​គត់​។​

​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍ រហូតដល់​ថ្ងៃ​អង្គារ តុលាការមិនបាន​កំណត់​កាលបរិច្ឆេទ ដើម្បី​សម្រេច​ថា តើ​តុលាការនឹង​ទទួលយក​ញត្តិ​សម្រាប់​ការពិភាក្សា​នោះទេ ប៉ុន្តែ​គេ​រំពឹងថា នឹងធ្វើ​ការកោះហៅ​នៅ​ថ្ងៃ​ពុធ​។​

​ប្រសិនបើ​តុលាការ​ទទួលយក​ករ​ណី​នេះ វា​នឹងមាន​ការសម្រេច​មួយទៀត​ថា តើ​លោកនាយក​​រដ្ឋមន្ត្រី ប្រា​យុ​ធ គួរតែ​ត្រូវបាន​ព្យួរ​ពី​តំណែង​ជា​បណ្តោះអាសន្ន​រហូតដល់​ចៅក្រម​សម្រេច​លើ​បញ្ហា​នេះ ឬ​ប្រសិនបើ​គាត់​គួរតែ​បន្តធ្វើ​ការងារ​នោះ​តាម​ធម្មតា រហូតដល់​ការបោះឆ្នោត​ថ្មី​ដែល​គ្រោង​ធ្វើ​នៅ​ដើម​ឆ្នាំក្រោយ​។​

​នាយករដ្ឋមន្ត្រី ប្រា​យុ​ធ ចាន់​-​អូ​ចា ទើប​ឆ្លង​ផុត​ការបោះឆ្នោត​ដក​ទំនុក​ចិត្តជា​លើក​ទី​៤ កាលពី​ចុងខែ​កក្កដា​មុន ដើម្បី​បន្ត​ដឹកនាំ​រដ្ឋាភិបាល រហូតដល់​ឆ្នាំ ​២០២៣ ប៉ុន្តែ​លោក​ងាក​មក​ប្រឈម​នឹង​រដ្ឋធម្មនុញ្ញ ដែល​ចែង​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម ៨ ​ឆ្នាំ ដែល​ដល់​កាលបរិច្ឆេទ​នៅ​ថ្ងៃទី ​២៤ ខែសីហា​នេះ​។

AFP បាន​ផ្សាយ​ថា អតីត​​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ឡើងកាន់តំណែង​តាមរយៈ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ធំៗ ក្នុង​ឆ្នាំ ​២០២០ ដែលជា​ជំងឺ​រាតត្បាត​ដ៏​ជូរចត់ សេដ្ឋកិច្ច​ធ្លាក់ចុះ និង​ការបរាជ័យ​ផ្នែក​នយោបាយ​ជាច្រើន ប៉ុន្តែ​ឥឡូវនេះ​រដ្ឋធម្មនុញ្ញ​ដែល​រចនា​ឡើង ក្រោម​ការត្រួតពិនិត្យរ​បស់​គាត់ កំពុង​ត្រូវបាន​យកមកប្រើ​ប្រឆាំងនឹង​រូបគាត់​វិញ​៕