មិន​ខុសពី​ប្រទេស​ក្បែរ​ខាង​ជប៉ុន​ឡើយ កូរ៉េខាងត្បូង​កំពុង​ប្រឈម​នឹង​វិបត្តិ​អត្រាកំណើត​ធ្លាក់ចុះ​ជាខ្លាំង​។ ទោះបីជា​បាន​ខំប្រឹងប្រែង​ទប់ស្កាត់​និន្នាការ​នៃ​ការធ្លាក់ចុះ​នេះ​យ៉ាងណាក្តី ក៏​កូរ៉េខាងត្បូង នៅតែ​ចៀស​មិន​ផុតពី​ការ​បំបែក​កំណត់ត្រា អត្រា​មានកូន​ទាប​បំផុត​របស់​ពិភពលោក​ជាថ្មី​ម្តងទៀត​។ នេះ​បើ​យោងតាម​តួលេខ​ផ្លូវ​ការដែល​ចេញផ្សាយ​កាលពី​ចុងខែ​សីហា​នេះ​។

​យោងតាម​ទិន្នន័យ​ផ្លូវការ អត្រាកំណើត​ក្នុងប្រទេស​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ​ទាប​ខ្លាំង​ដំបូង​ក្នុង​ឆ្នាំ ២០១៨ ដោយ​អត្រា​បង្កើត​ក្នុង​ស្ត្រី​ម្នាក់ មាន​ចំនួន​ទារក​តិចជាង​ម្នាក់​ទៅទៀត​។ ក៏ប៉ុន្តែ កាលពី​ចុងខែ​សីហា ឆ្នាំ​២០២២​នេះ តួលេខ​ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​បង្ហាញថា​អត្រា​ខាងលើ​បាន​ធ្លាក់ចុះ​ដល់ ០,៨១ ពោលគឺ​ធ្លាក់ចុះ​ពី​ចំនួន ០,៨៤ កាលពី​ឆ្នាំមុន និង​ការធ្លាក់ចុះ​ ៦ ​លើក​ជាប់ៗ​គ្នា​។​

​គួរ​បញ្ជាក់ថា អត្រាកំណើត​កូន​ជា​មធ្យម​នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​របស់​ពិភពលោក​គឺមាន​ចំនួន ១,៦​ ទារក​។ ហើយ​ជាទូទៅ ប្រទេស​នានា ត្រូវ​ការឱ្យ​ស្វាមីភរិយា​មួយគូ​មានកូន​យ៉ាងហោចណាស់​ក៏​ក្នុង​អត្រា ២,១ ដែរ​ដើម្បី​រក្សា​ចំនួន​ប្រជាជន​របស់​ពួកគេ​ឱ្យនៅ​ថេរ​។​

​ទាក់ទង​ចំណុច​នេះ​គួរ​រំឭក​ដែរ​ថា អត្រា​នៃ​ការ​មានកូន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ ៦ ​ទសវត្សរ៍​កន្លងមក​នេះ​។ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ស្ត្រី​កូរ៉េ​មានកូន​ចំនួន ៤​ នាក់​ជា​មធ្យម​។ ការថយចុះ​ចំនួន​ប្រជាជន​បានធ្វើឱ្យ​ប្រទេស​អាស៊ី​បូព៌ា​មួយ​នេះ រង​ភាព​តានតឹង​យ៉ាងខ្លាំង​។ ក្រៅពី​រង​សម្ពាធ​កើន​ឡើងលើ​ការចំណាយ​សាធារណៈ ការថយចុះ​ចំនួន​យុវជន​វ័យក្មេង​ក៏​នាំឱ្យមាន​ការខ្វះខាត​កម្លាំង​ពលកម្ម​ដែលជា​កត្តា​ជះ​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផងដែរ​។​

​កាលពី​ឆ្នាំ ២០២០ រដ្ឋ​កូរ៉េខាងត្បូង បានប្រកាស​ជូនដំណឹង​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំងប្រទេស នៅពេល​កត់ត្រា​រកឃើញ​ថា ​អត្រា​អ្នក​ស្លាប់មាន​ច្រើនជាង​អត្រា​កើតជា​លើកដំបូង​។ បើតាម​អ្នកជំនាញ កម្រិត​នៃ​ប្រាក់ចំណូល និង​កត្តា​ការងារ​មិន​ស្ថិតស្ថេរ​ គឺជា​ហេតុផល​សំខាន់​ដែល​បណ្តាលឱ្យ​អត្រាកំណើត​ធ្លាក់ចុះ​ខ្លាំង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕