
គូស្វាមីភរិយាចិនរៀបអាពាហ៍ពិពាហ៍នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន នាពេលកន្លងទៅ។ រូបថត AFP
អត្រាអាពាហ៍ពិពាហ៍នៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបខ្លាំងមិនធ្លាប់មានទាល់តែសោះក្នុងឆ្នាំ ២០២១។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងកិច្ចការស៊ីវិលចិន។ យុវជនវ័យក្មេងចិន សម្រេចជ្រើសរើសនៅលីវកាន់តែច្រើនឡើងៗ រហូតធ្វើឱ្យរដ្ឋាភិបាលបារម្ភថា ប្រទេសនេះអាចប្រឈមនឹងវិបត្តិប្រជាសាស្ត្រធ្ងន់ធ្ងរក្នុងពេលឆាប់ៗ។
យោងតាមទិន្នន័យផ្លូវការ អត្រាអាពាហ៍ពិពាហ៍ចំនួន ៧,៦ លាន ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសចិន ក្នុងឆ្នាំ ២០២១។ អត្រានេះ ធ្លាក់ចុះ ៦,១% ពីឆ្នាំ ២០២០ ហើយជាចំនួនទាបបំផុតនៅក្នុងកំណត់ត្រា រាប់ចាប់តាំងពីអាជ្ញាធរចិនចាប់ផ្តើមបញ្ចេញតួលេខអាពាហ៍ពិពាហ៍ជាសាធារណៈនាឆ្នាំ ១៩៨៥ មក។ ចំនួនអាពាហ៍ពិពាហ៍ក្នុងមនុស្ស ១ ០០០ នាក់ បានធ្លាក់ចុះមកត្រឹម ៥,៤ ដែលជាកម្រិតទាបថ្មី និងធ្លាក់ចុះចំនួនជិតពាក់កណ្តាលបើធៀបនឹងឆ្នាំ ២០១១ ដែលមានចំនួន ៩,៧។
ប្រជាជនចិនកាន់តែច្រើនចង់នៅលីវ ឬក្ររៀបការ ពលរដ្ឋចិនជាច្រើន កំពុងតែពន្យារពេលរៀបការ ហើយប្រមាណពាក់កណ្តាលនៃអ្នកដែលបានរៀបការកាលពីឆ្នាំទៅមិញសុទ្ធតែជាក្រុមមនុស្សដែលមានអាយុ ៣០ ឆ្នាំឡើងទៅ។ រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលសេដ្ឋកិច្ចចិនពឹងផ្អែកលើប្រជាជនសកម្មដ៏ច្រើនរបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
បច្ចុប្បន្ននេះ ដោយសារប្រជាជនវ័យក្មេងចិនជាច្រើនកាន់តែពន្យារពេលរៀបការ ឬបដិសេធការរៀបអាពាហ៍ពិពាហ៍និងការមានកូនទាំងស្រុង រដ្ឋាភិបាលក្រុងប៉េកាំង កំពុងកើនចិត្តព្រួយបារម្ភពីផលប៉ះពាល់លើកម្លាំងការងារដែលធ្លាក់ចុះរួចទៅហើយ ចំពេលដែលសេដ្ឋកិច្ចចិនធ្លាក់ចុះខ្លាំង។
យោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ ប្រជាជនសកម្មចិនចំនួនជិត ១ ពាន់លាននាក់ ដែលជាកាតាលីករជួយរុញច្រានសេដ្ឋកិច្ចចិនឱ្យកើនឡើងក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ និងចាប់ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័សនៅក្នុងទសវត្សរ៍ឆ្នាំ ២០៣០ ហើយនឹងធ្លាក់ចុះជិត ២ ភាគ ៣ នៅចុងសតវត្សរ៍នេះ។
គោលនយោបាយកូនតែមួយរបស់ចិនដែលចាប់អនុវត្តពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៥ ត្រូវគេមើលឃើញថាជាកត្តារួមចំណែកធ្វើឱ្យធ្លាក់ចុះនូវចំនួនអ្នករៀបអាពាហ៍ពិពាហ៍ និងការបង្កកំណើតកូន។ ចំនួនប្រជាជនចិនអាយុចន្លោះពី ២០ ទៅ ៥០ ឆ្នាំ បានធ្លាក់ចុះមកត្រឹម ៥៩៧ លាន នាក់ក្នុងឆ្នាំ ២០២០ ពី ៦៧៤ លាន នាក់កាលពីមួយទសវត្សរ៍មុន។
ប្រជាជនចិនកាន់តែច្រើន កំពុងពន្យារផែនការរៀបអាពាហ៍ពិពាហ៍និងយកកូន ស្របតាមនិន្នាការដែលបាននិងកំពុងកើតឡើងនៅក្នុងបណ្តាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក ព្រោះតែតម្លៃនៃការចិញ្ចឹមកូនកើនឡើង កត្តាការងារមិនស្ថិតស្ថេរ និងភាពស្រពេចស្រពិលនៃជំងឺរាតត្បាតពិភពលោកជាដើម។ល។
ដើម្បីដោះស្រាយវិបត្តិអត្រាកំណើតធ្លាក់ចុះ រដ្ឋាភិបាលចិនបានដាក់ចេញនូវកម្មវិធីថ្មីដើម្បីលើកទឹកចិត្តប្រជាជនវ័យក្មេងរបស់ខ្លួនឱ្យរៀបការ និងមានកូនបន្ថែមទៀត ដូចជាការអនុញ្ញាតឱ្យគ្រួសារមានកូនបីនាក់ និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់គូស្វាមីភរិយាដែលមានកូនច្រើន៕