អតីត​ប្រធានាធិបតី​ស្រីលង្កា លោក ហ្កូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) បាន​វិលត្រឡប់​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​សៅរ៍​ទី ០៣ ខែកញ្ញា នេះ បន្ទាប់ពី​និរទេស​ខ្លួន​អស់​រយៈពេល​ជិត ២ ខែ ដោយសារ​ការបះបោរ​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​លោក​។ នេះ​បើតាម​ការរាយការណ៍រ​បស់​សារព័ត៌មាន​ក្នុងស្រុក​របស់​ស្រីលង្កា​។​

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា លោក រ៉ា​ចា​ប៉ាក​សា ទៅ​ស្នាក់​នៅផ្ទះ​ឯកជន​របស់លោក ឬក៏​បន្ទាយ​ទាហាន ដែលមាន​ការការពារ​សុវត្ថិ​ភាពរឹងមាំ បន្ទាប់ពី​ចុះ​ពីលើ​យន្តហោះ​ដាក់​ជើង​ជាន់​មាតុប្រទេស​វិញ​ភ្លាម​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​មាន​សេចក្ដីរាយការណ៍​មុន​លោក​ទៅដល់​ទីក្រុង​កូឡុំបូ​ថា រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​ថ្មី រ៉ានី​ល វី​គ្រី​មេ​ស៊ី​ង​ហ្កេ (Ranil Wickremesinghe) បាន​ចាត់ចែង​កន្លែង​មួយ​នៅ​កណ្ដាល​ក្រុង​សម្រាប់​លោក​។

​ការវិល​ចូល​ស្រុក​របស់លោក រ៉ា​ចា​ប៉ាក​សា ត្រូវបាន​គេ​ដឹងថា អាចធ្វើ​ទៅបាន​តាមរយៈ​ការស្នើសុំ​ទៅ​រដ្ឋាភិបាល របស់​សមាជិកសភា​នៃ​គណបក្ស Sri Lanka Podujana Peramuna របស់លោក​។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ហោះ​ចេញពី​ក្រុង​បាងកក​នៅ​យប់​ថ្ងៃ​សុក្រ ជា​កន្លែង​ដែល​លោក​ស្នាក់អាស្រ័យ​ចុងក្រោយបង្អស់ បន្ទាប់ពី​និរទេស​ខ្លួន​។

​លោក រ៉ា​ចាក់​ប៉ាក​សា បាន​រត់​ចេញពី​ស្រីលង្កា ទៅ​កោះ​ម៉ា​ល់​ឌី​វ​នៅ​ដើមខែ​កក្កដា រួច​បន្តដំណើរ​ទៅ​សិង្ហ​បុរី ជា​កន្លែង​ដែល​លោក​ប្រកាស​លាលែង​ចេញពី​តំណែង ហើយ​បន្តទៅ​ស្នាក់នៅ​ប្រទេស​ថៃ ដោយ​កាន់​ទិដ្ឋាការ​ការទូត​។

​ការ​និរទេស​របស់លោក ធ្វើឡើង​ក្រោយ​ពេលដែល​ប្រទេស​ស្រីលង្កា​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ដុនដាប ដែល​បង្កឱ្យមាន​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​លោក​អស់​រយៈពេល​ជាច្រើន​ខែ និង​ទាមទារ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង​។

​ឆ្លើយតប​នឹង​ការវិល​ចូល​ស្រុក​វិញ​របស់លោក រ៉ា​ចាក់​ប៉ាក​សា មេដឹកនាំ​ក្រុមបាតុករ​ល្បីឈ្មោះ​លោក Jeewantha Peiris ចំអក​ថា វា​គឺជា​រឿង​ដ៏​អាម៉ាស់​មួយ​សម្រាប់​អតីត​ប្រធានាធិបតី​រូបនេះ​។ លោក​បន្តថា​៖ «​ប្រជាជន​ស្រីលង្កា​មិន​ជំទាស់​នឹង​ការវិល​ចូល​ស្រុក​របស់លោក​ទេ ហើយក៏​គ្មាន​ការតវ៉ា​ប្រឆាំងនឹង​លោក​ដែរ​។ ប៉ុន្តែ​ការវិលត្រឡប់​នេះ ច្បាស់​ជា​បង្កើត​ភាព​តានតឹង​បន្ថែមទៀត ព្រោះ​លោក​តែ​ម្នាក់​គត់ ដែល​ធ្វើឱ្យ​ស្រីលង្កា​ធ្លាក់​ក្នុង​ភាពចលាចល​»​។

​ជាមួយគ្នានេះ សកម្មជន​ផ្សេងទៀត​និយាយថា ពួកគេ​នឹង​ប្រឆាំងនឹង​ការប៉ុនប៉ង​ណាមួយ​របស់ លោក រ៉ា​ចាក់​ប៉ាក​សា ដើម្បី​ចូលរួម​ធ្វើ​នយោបាយ ឬ​រដ្ឋាភិបាល​ឡើងវិញ​៕