នៅប្រទេសថៃ ខែកញ្ញានេះ គឺជាខួប ១ ទសវត្សរ៍ហើយ ដែលកើតមានព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ល្បីរន្ទឺមួយបណ្តាលមកពីបុត្រាមហាសេដ្ឋី ១ រូប បើកឡានបុកនគរបាលម្នាក់ស្លាប់។ នីតិវិធីស្វែងរកយុត្តិធម៌ សម្រាប់ជនរងគ្រោះ គឺហាក់នៅនឹងថ្កល់។
ចំណែកជនល្មើសបន្តមានសេរីភាព នៅក្រៅឃុំ និងដើរហើរយ៉ាងសប្បាយហុឺហា។ កាសែតបស្ចិមប្រទេសចាប់អារម្មណ៍ផ្សាយរំឭកព្រឹត្តិការណ៍នេះ និងបានសរសេរលើកឡើងថា នេះគឺនិមិត្តរូប១នៃអំពើនិទណ្ឌភាពនៃក្រុមអ្នកមានលុយមានអំណាច នៅទីក្រុងបាងកក និងស្តែងពីអំពើពុករលួយ នៅក្នុងប្រព័ន្ធយុត្តិធម៌ថៃ។
លោក វរយុធ យូវិត្យា (VorayuthYoovidhya) ជាបុត្រាស្នងតំណែងក្នុងវង្សត្រកូលគ្រួសារក្រុមហ៊ុនភេសជ្ជៈគោជល់ Red Bull។ ព្រឹក ១ ក្នុងខែកញ្ញា ឆ្នាំ ២០១២ យុវជនកូនមហាសេដ្ឋីរូបនេះ បើករថយន្តដ៏ទំនើបម៉ាក Ferrarri និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបុកប៉ូលិសថៃម្នាក់ ដែលកំពុងជិះម៉ូតូ រួចហើយក៏បើកឡានគេចខ្លួនចូលភូមិគ្រឹះបាត់។ ជនរងគ្រោះត្រូវឡានបុក និងអូសចម្ងាយប្រមាណ ២០០ ម៉ែត្រ ហើយបណ្តាលឱ្យបាត់បង់ជីវិត។ នៅពេលនោះ គឺជនបង្កហេតុ ស្រវឹងស្រា និងប្រើគ្រឿងញៀនកូកាអុីន ដែលពិនិត្យទឹកនោមឃើញនៅពេលក្រោយមក។ ប៉ុន្មានម៉ោងក្រោយកើតហេតុ បុរសចំណាស់ម្នាក់ជាអ្នកថែសួនច្បារ ក្នុងគ្រួសារមហាសេដ្ឋីនេះ បានទៅបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិស និងបានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យស្លាប់មនុស្សនេះ។
បើទោះបីពេលវេលារំលងផុតទៅ ១០ ឆ្នាំក្តី ប៉ុន្តែសំណុំរឿងស៊ើបអង្កេតរបស់នគរបាល ក្នុងអំពើឃាតកម្មនេះ គឺនៅជាប់គាំងទ្រឹង។ ជនសង្ស័យលោក វរយុធ ហាក់គ្មានព្រួយភ័យអ្វីសោះ និងមិនដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឡើយ។ លោករស់នៅក្នុងជីវភាពមានបានសប្បាយហ៊ឺហា និងដើរហើរទៅមកនៅទីក្រុងឡុងដ៍, ឌូបៃ និងបាងកកយ៉ាងរំភើយ។
ហេតុការណ៍នេះ តែងលងបន្លាចរៀងរាល់ឆ្នាំ ហើយរឹងរឹតតែត្រូវពលរដ្ឋថៃយកមកជជែកគ្នាយ៉ាងផុលផុស ក្នុងខួប ១០ ឆ្នាំនេះ។ ក្នុងវិស័យនយោបាយថៃ ក៏ត្រូវអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមអ្នកប្រឆាំងរបបសឹកក្រុងបាងកក បានយកទៅរិះគន់ដែរ ព្រមទាំងទាមទារឱ្យកែទម្រង់វិស័យប្រព័ន្ធយុត្តិធម៌។ ប្រជាពលរដ្ឋថៃ ដែលស្រឡាញ់សិទ្ធមនុស្ស និងខ្ពើមអំពើអយុត្តិធម៌ ធ្វើពហិការមិនផឹកភេសជ្ជៈគោជល់របស់ក្រុមហ៊ុន Red Bull ទៀតផង៕