ក្រោយ​បិទ​ព្រំដែន​របស់​ខ្លួន​ប្រមាណ ២ឆ្នាំ ដោយសារ​ជំងឺរាតត្បាត​កូ​វីដ១៩ ប្រទេស​អូស្ត្រាលី ឥឡូវនេះ កំពុង​ប្រឈម​យ៉ាង​ខ្លាំង​នឹង​បញ្ហា​ខ្វះខាត​កម្លាំង​ពលកម្ម​ហើយ​ដើម្បី​ដោះស្រាយ​វិបត្តិ​ចំពោះមុខ​នេះ រដ្ឋាភិបាល​អូស្ត្រាលី បានសម្រេច​បង្កើន​កូតា​ទទួល​ជនបរទេស ដែល​មាន​ជំនាញ​ឱ្យមក​ធ្វើការ​ក្នុង​ប្រទេស​ខ្លួន​ចំនួន ២២% ឬស្មើនឹង​ពលករ ១៩៥ ០០០នាក់ ក្នុង១ឆ្នាំ។

ការសម្រេច​នេះ ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃសុក្រ ទី២ ខែកញ្ញា នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​ការងារ និង​ជំនាញ​ថ្នាក់​ជាតិ ក្នុង​ទីក្រុង​កង់បេរ៉ា ដែល​មានការ​ចូលរួម​ពីសំណាក់​អង្គការ​ការងារ និង​អាជីវកម្ម​ជាច្រើន។

អូស្ត្រាលី​សម្រេច​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​បរទេស​មក​ធ្វើការ ក្នុង​ប្រទេស​ខ្លួន​ច្រើនជាង​មុន រហូតដល់ ១៩៥ ០០០នាក់ ចាប់ពី​ឆ្នាំនេះ ដែល​ជា​ការ​កើនឡើង​ពលករ​ចំនួន ៣៥ ០០០នាក់។

កាលពី​ខែកក្កដា​កន្លងទៅ អត្រា​គ្មាន​ការងារ​ធ្វើ​របស់​អូស្ត្រាលី ឈាន​ដល់កម្រិត​ទាប​ជាង​ពេល​ណាៗទាំងអស់ រាប់​ចាប់តាំងពី​ឆ្នាំ១៩៧៤ មក ដោយ​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម ៣,៤%។ សម្រាប់​ទីផ្សារ​ការងារ​នៅ​ទូទាំង​ប្រទេស នា​បច្ចុប្បន្ន​នេះ​វិញ មានការ​ងារ​ទំនេរ​ជិត​កន្លះ​លាន​កន្លែង។

រដ្ឋអំណាច​អូស្ត្រាលី បាន​បិទ​ព្រំដែន ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ ដើមឆ្នាំ២០២០ ដល់​ខែធ្នូ​ឆ្នាំ២០២១។ វិធានការ​នេះ​ក៏​បិទ​ការ​ចូល​មក​របស់​ពលករ​បរទេស​ដែរ រហូត​បណ្តាល​ឱ្យ​ផ្ទុះឡើង​បញ្ហា​ខ្វះខាត​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ នៅ​អូស្ត្រាលី។ ក្រៅពី​វិធានការ​បិទ​ព្រំដែន អ្នកជំនាញ​ថា ដំណើរការ​សុំ​ទិដ្ឋាការ ក៏​រួមចំណែក​ដល់​ការរអាក់រអួល​រំហូរ​ពលករ​ដែរ។

ការ​បង្កើន​កូតា​ទទួល​ពលករ​បរទេស​នេះ​នាំ​ឱ្យ​ក្រុមហ៊ុន​និយោជក​សង្ឃឹមថានឹង​អាច​ទទួល​បាន​បុគ្គលិក​ដើម្បី​មក​បំពេញ​ចន្លោះប្រហោង​កម្លាំង​ការងារ តែ​ដោយ​តំណែង​ទំនេរ​ជិត​កន្លះ​លាន និយោជក​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​បន្ថែម​ទៀត​៕