ឯកអគ្គរដ្ឋ​ទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​លោក EldeenHusainiMohd Hashim ​បាន​អះអាងថា ​ជនជាតិ​ម៉ាឡេស៊ី​ជាង ​១០០ នាក់ ដែល​រងគ្រោះ​ដោយសារ​ក្រុមឆបោក​ នៅកម្ពុជា ​ត្រូវបាន​ជួយសង្រ្គោះ​ដោយ​សា្ថនទូត​ម៉ាឡេស៊ី ​ចាប់តាំង​ពី​ឆ្នាំ​ ២០១​៨ មក​។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Star​ កាល​នៅថ្ងៃទី ​០៤​ ខែកញ្ញា​។

ក៏​ប៉ុន្តែ​ការ​ជួយសង្រ្គោះ​ជាង ​៤ ឆ្នាំ​មកនេះ ​មាន​ជន​ជាតិ​ម៉ាឡេស៊ីខ្លះ ​បាន​បដិសេធ មិនចង់​បាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល។​ លោក EldeenHusainiMohd Hashim​ លើក​ឡើងថា ​«យើង​បាន​ជួយ​សង្គ្រោះ​មនុស្ស​ជាច្រើន​នាក់​ហើយ ប៉ុន្តែ​មនុស្ស​ជាច្រើន​ក៏​មិន​ចង់​ត្រឡប់​ទៅ​ម៉ាឡេស៊ី​ដែរ ​ព្រោះ​ពួកគេ​ខ្លះ​រត់​ចេញ​ពីផ្ទះ​»។ តាម​ឯកអគ្គរដ្ឋ​ទូត​ម៉ាឡេស៊ី​ការ​បដិសេធនេះ ​ក៏​ព្រោះតែ​ជនជាតិ​ម៉ាឡេស៊ី​ទាំងនោះ មិនចង់​ប្រាប់​គ្រួសារ​របស់​គេពី​រឿង​ពិត​។

ទោះ​យ៉ាងណា ​ចាប់តាំង​ពី​ឆ្នាំ ២០១៨ ​មក​ ឯក​អគ្គរដ្ឋទូត​ម៉ាឡេស៊ី​បាន​អះអាងថា ​ស្ថានទូត​មិន​អាច​គ្រាន់​តែ​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​ចេញ​ភ្លាម​ៗ ​ក្រោយ​ពី​ការ​ជួយ​សង្គ្រោះ​នោះ​ទេ ​តែត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា​។ ច្បាប់​កម្ពុជា​ស្តី​ពីអន្តោ​ប្រវេសន៍​ បញ្ជាក់ថា​ ប្រសិន​បើ​ជនបរទេស​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់ នោះនឹង​ត្រូវ​មានទោស ​មុនពេល​ចាកចេញ​ពីក​ម្ពុជា​។

បើតាមលោក ​EldeenHusainiMohd Hashim ​គឺ​ជនជាតិ​ម៉ាឡេស៊ី​មួយ​ចំនួន បាន​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់​តាមរយៈ​ការ​រត់​ការសម្ងាត់ ​ហើយ​មិន​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​។

ជាមួយគ្នានេះ ​លោក​ជុំ ​សុន្ទរី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​បញ្ជាក់​ថា «ក្រសួង​ការ​បរទេស​ទទួល​បាន​សំណើ​សុំ​កិច្ច​អន្តរាគមន៍​របស់​ស្ថាន​តំណាង​បរទេស​មួយ​ចំនួន​ ហើយ​តែងតែ​សម្របសម្រួល បញ្ជូន​សំណើ​ទាំងនោះ​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ​បាន​យ៉ាង​ឆាប់រហ័ស ​ដើម្បី​ពិនិត្យ និង​ធ្វើ​កិច្ច​អន្តរាគមន៍»។​ លោកថា «ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ស្ថាបន័​ពាក់ព័ន្ធ​កម្ពុជា​ ដើម្បី​លើក​កម្ពស់​យន្តការ​ទទួល​បណ្តឹង​ សំណើ​សុំ​អន្តរាគមន៍​ និង​ចាត់​ការ​ពាក្យ​បណ្តឹង​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​ជា​ជន​សង្ស័យ​ថា​រង​គ្រោះដោយ​អំពើ​ជួញដូរ​មនុស្ស​»។

សម្រាប់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ បទល្មើស​ជួញដូរ​មនុស្ស​គឺ​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែលបាន​និង​កំពុងកើត​មានឡើង​នៅ​គ្រប់តំបន់​ និង​បាន​រីកសាយភាយ​ ប្រទាក់​ក្រឡាគ្នា​យ៉ាង​ស្មុគស្មាញ។ ដូចនេះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរមនុស្ស ​ទាមទារ ​នូវ​កិច្ច​សហ​ប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ​រវាង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​។ ​នេះបើ​តាម​លោក ​ជុំ ​សុន្ទរី។

សូម​បញ្ជាក់ថា ​បទ​ល្មើស​ឆបោក​តាមប្រព័ន្ធអ៊ីនធឺណិ​ត បាន​ក្លាយជា​បញ្ហាចោទ​មួយថ្មី​នៅ​កម្ពុជា ដែល​សារព័ត៌មាន​អន្តរជាតិ​មួយចំនួន ​បាន​លើកយក​មក​ចុះផ្សាយ​ជាហូរហែ​។​ កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា សារព័ត៌មាន ​Al Jazzera ​បាន​ចុះផ្សាយ​វីដេអូស៊ើប​អង្កេត​មួយ​ដោយ​បង្ហាញ​ថា កម្ពុជា​កំពុង​មាន​បទល្មើស​ឆបោកតាម​ប្រព័ន្ធអ៊ីនធឺណិត​ ដែល​ឈានទៅ​ដល់រូបភាព​នៃ​ការ​ជួញ​ដូរ​មនុស្ស​។

សម្រាប់​ការ​ជួញដូរ​មនុស្ស ​របាយកាណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ការបរទេស​អាមេរិក ក៏បាន​ទាញ​សញ្ញាអាសន្នស​ម្រាប់កម្ពុជា។​ ការ​ទាញ​សញ្ញ​អាសន្ននោះ​ដោយ​សារ ​ឆ្នាំ ២០២២​ កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​អំពើ​ជួញដូរ​មនុស្ស ​ដែលទាមទារ​ឱ្យ​ រដ្ឋាភិបាល​កម្ពុជា​ យកចិត្ត​ទុកដាក់​ដោយ​ហ្មត់​ចត់ និង​ប្រសិទ្ធភាព៕