
កម្មករកំពុងធ្វើការក្នុងរោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក នាពេលកន្លងទៅ។ រូបថត AFP
ឧស្សាហកម្មផលិតរថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក បាននិងកំពុងរីកដុះដាលខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស គេឃើញមានការវិនិយោគថ្មីៗជាច្រើន កំពុងតែលេចត្រដែតឡើង ក្នុងទីក្រុង វ៉ាស៊ីនតោន។ ប៉ុន្តែវត្តមានរបស់រថយន្តអគ្គិសនី កាន់តែច្រើនបានធ្វើឱ្យបុគ្គលិកផ្នែកឧស្សាហកម្មរថយន្តបារម្ភថា ទីផ្សារការងាររបស់ពួកគេ នឹងត្រូវបំផ្លាញទៅវិញ។
ក្រុមអ្នកស្រាវជ្រាវជឿថា ការងារនៅតាមរោងចក្រទំនើបៗ នឹងទាមទារចំណេះជំនាញបន្ថែម ហើយចំនួនការងារវិញ អាចនឹងមានតិចជាងមុន។ តាមការប៉ាន់ស្មានរបស់អ្នកជំនាញ ផលិតកម្មរថយន្តអគ្គិសនី អាចត្រូវការកម្លាំងពលកម្ម ៣០% តិចជាង បើធៀបនឹងរថយន្ត ដែលប្រើដោយប្រេងសាំង ឬម៉ាស៊ូត ក្រោមហេតុផលថា ការងារទាក់ទងនឹងខ្សែ ដែលរត់ដើម្បីជំរុញប្រេង ឬឧស្ម័នជុំវិញម៉ាស៊ីនចំហេះខាងក្នុង លែងមានតម្រូវការទៀតហើយ។ ឡានអគ្គិសនីមានភាពសាមញ្ញជាង ហើយមិនត្រូវការប្រព័ន្ធម៉ាស៊ីនចំហេះ ដែលមានភាពស្មុគស្មាញ ក្នុងការផលិត។ នេះបើតាមអ្នកជំនាញដដែល។
ក្រៅពីប៉ះពាល់ដល់ការងាររបស់បុគ្គលិកជាច្រើន និន្នាការនេះក៏អាចប៉ះពាល់ដល់ក្រុមអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ ក្នុងឧស្សាហកម្មរថយន្ត ដែលភាគច្រើនប្រមូលផ្តុំ នៅរដ្ឋរបស់អាមេរិកមួយចំនួន ដូចជា រដ្ឋអូហាយូ៉ (Ohio) អុីនឌីយ៉ាណា (Indiana) និងមីស៊ីហ្គែន (Michigan) ជាដើម។
កាលពីឆ្នាំ ២០២១ កន្លងទៅ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានកំណត់បង្កើនការលក់រថយន្តអគ្គិសនី ដើម្បីបុព្វហេតុអាកាសធាតុ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ធ្លាប់បានលើកឡើងថា ក្នុងចំណោមរថយន្តទាំងអស់ ដែលលក់បានក្នុងសហរដ្ឋអាមេរិក ចាប់ពីពេលប្រកាស រហូតដល់ឆ្នាំ ២០៣០ លោកចង់ឱ្យមានពាក់កណ្តាលជាយានយន្ត ដែលមិនបំភាយផ្សែងពុល និងឧស្ម័នកាបូនិក។
ដើម្បីជំរុញដល់ការលក់រថយន្តអគ្គិសនី ក្នុងស្រុក លោក បៃដិន បានចុះហត្ថលេខា កាលពីខែសីហាលើបទបញ្ញត្តិ ដែលអនុញ្ញាតឱ្យមានកម្មវិធីលើកទឹកចិត្ត ក្នុងតម្លៃទឹកប្រាក់រាប់ពាន់លាន សម្រាប់អាជីវកម្មទាំងឡាយណា ដែលបន្តការផលិតនូវថាមពលស្អាត។
ជាមួយនឹងកញ្ចប់ថវិកាលើកទឹកចិត្តនេះ ក្រុមហ៊ុនផលិតរថយន្ត កំពុងតែងឿងឆ្ងល់ថា តើតម្រូវការរថយន្តអគ្គិសនី នឹងមានសភាពបែបណា នាពេលអនាគត។ តែយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ក្នុងចំណោមរថយន្តទាំងអស់ ដែលត្រូវបានដាក់លក់ នៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០២១ មានរថយន្តអគ្គិសនី ៩% ។
សហរដ្ឋអាមេរិកគឺជាទីតាំងកកើតរបស់ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោក ក្នុងការផលិតរថយន្តអគ្គិសនី។ ប៉ុន្តែអាមេរិកមានភាពយឺតយ៉ាវក្នុងការប្រើប្រាស់យានយន្តប្រភេទនេះ ជាពិសេសបើប្រៀបធៀបជាមួយប្រទេសចិន ឬអឺរ៉ុបនោះ៕