
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (ស្ដាំ) និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Andriy Taran។ រូបថត AFP
សហរដ្ឋអាមេរិក បានសម្រេចអនុម័តលើកញ្ចប់ជំនួយយោធាបន្ថែមថ្មីក្នុងតម្លៃរហូតដល់ជិត ២,៧ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រទេសអឺរ៉ុបជាច្រើនទៀត។ ជំនួយនេះ រួមបញ្ចូលទាំងអាវុធសរុបតម្លៃ ៦៧៥ លានដុល្លារ សម្រាប់អ៊ុយក្រែនយកទៅប្រើក្នុងសមរភូមិប្រយុទ្ធទល់នឹងរុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន បានប្រកាសពីកញ្ចប់ជំនួយយោធាក្នុងទំហំដ៏ធំនេះ នៅឯកិច្ចប្រជុំមួយជាមួយប្រទេសសម្ព័ន្ធមិត្ត នៅឯមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអាល្លឺម៉ង់។ ជំនួយថ្មីខាងលើរួមមាន កាំភ្លើងធំ គ្រាប់បែក រថយន្តយោធា រថយន្តសង្គ្រោះបន្ទាន់ និងប្រព័ន្ធប្រឆាំងរថក្រោះ។ បើគិតទាំងជំនួយយោធាថ្មីនេះ អាមេរិកក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន បានផ្តល់ជំនួយសរុបដល់អ៊ុយក្រែនចំនួន ១៥,២ ពាន់លានដុល្លារហើយ។
សេតវិមានអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៨ កញ្ញាថា អាមេរិកបានផ្តល់ជំនួយរយៈពេលវែងចំនួន ២ ពាន់លានដុល្លារ ក្នុងទម្រង់នៃការវិនិយោគ ដើម្បីពង្រឹងសន្តិសុខអ៊ុយក្រែន និងប្រទេសក្បែរខាងអ៊ុយក្រែនចំនួន ១៨។ ប្រទេសទាំងនោះ មានទាំងសមាជិក និងមិនមែនជាសមាជិកអង្គការអូតង់ ហើយសុទ្ធតែជាប្រទេសដែលមានហានិភ័យខ្ពស់ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងពេលអនាគត។
ក្រសួងការបរទេសអាមេរិក បានប្រាប់សារព័ត៌មាន AP ថា ក្នុងចំណោមជំនួយទាំងអស់ មាន ១ ពាន់លានដុល្លារនឹងផ្តល់ទៅឱ្យអ៊ុយក្រែន ហើយថវិកាដែលនៅសល់នឹងត្រូវបែងចែកក្នុងចំណោមប្រទេស ១៨ ផ្សេងទៀតមានជាអាទិ៍ ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អាល់បានី ប៊ុលហ្គារី សាធារណរដ្ឋឆែក អេស្តូនី និងហ្សកហ្ស៊ី។
ទន្ទឹមនេះ ប្រមុខមន្ទីរបញ្ចកោណអាមេរិកបានសង្កត់ធ្ងន់ថា ការគាំទ្រផ្នែកយោធារបស់ក្រុមប្រទេសសម្ព័ន្ធមិត្ត ចំពោះអ៊ុយក្រែនកំពុងទទួលបានផលហើយនៅឯសមរភូមិ ដោយលោកកត់សម្គាល់ឃើញថា កងកម្លាំងអ៊ុយក្រែន បានចាប់ផ្តើមការវាយលុករបស់ពួកគេនៅភាគខាងត្បូងនៃប្រទេស។
ទាក់ទងរឿងនេះ គួរជ្រាបថា កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី បាននិយាយថា នាពេលថ្មីៗនេះ កងទ័ពអ៊ុយក្រែនបានធ្វើការវាយប្រហារដោយជោគជ័យប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលគ្រប់គ្រងតំបន់ធំៗជាច្រើនរបស់អ៊ុយក្រែននៅភាគខាងត្បូងនិងខាងកើត។ លោកអះអាងដែរថា អ៊ុយក្រែន បានវាយដណ្តើមយកមកវិញនូវទីតាំងភូមិចំនួន ២០ ក្នុងតំបន់ខាកៀវពីការកាន់កាប់របស់ទាហានរុស្ស៊ី៕