ប្រធានា​ធិបតី​បារាំង​លោក ម៉ាក្រុង កាលពី​ថ្ងៃ​អាទិត្យ ទី​ ១១ ខែ​កញ្ញា បាន​ស្នើ​សុំ​ឱ្យ​លោកពូ​ទីនដក​អាវុធ​របស់​កង​កម្លាំង​រុស្ស៊ី​ចេញពី​រោងចក្រ​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​របស់​អ៊ុយក្រែន។ ចំណែក​ពី​ខាង​វិមាន​ក្រឹមឡាំង​វិញ លោក ពូទីន បាន​ព្រមាន​ពី​ផលវិបាក​ដ៏​មហន្តរាយ ដែល​អាច​កើតចេញពី​ការ​វាយប្រហារ​របស់​អ៊ុយក្រែន​ទៅ​លើ​ស្ថានីយ​ហ្សាប៉ូរីចា។

យោង​តាម​វិមាន​ប្រធានា​ធិបតី​បារាំង លោក​ អេម៉ានុយអែល ម៉ាក្រុង បានស្នើ​ទៅកាន់​មេដឹកនាំ​រុស្ស៊ី​លោក ពូទីន តាមរយៈ​ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ ដោយ​លោក​និយាយ​ថា ការ​កាន់កាប់​របស់​រុស្ស៊ី នៅ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា គឺអាច​នាំ​ឱ្យ​មាន​ហានិភ័យ​កើតឡើង។

ដោយឡែក​ក្នុងពេល​សន្ទនា​ជាមួយគ្នា កាលពី​ថ្ងៃ​អាទិត្យ​នោះ លោក​ ពូទីន ​បែរជា​បាន​លើកឡើង​ផ្ទុយ​ពី​មេដឹកនាំ​បារាំង​លោក ​ម៉ាក្រុង ទៅវិញ។ បុរស​ខ្លាំង​រុស្ស៊ី​បាន​ទាញ​ឱ្យ​លោក​ម៉ា​ក្រុង​ងាក​ទៅ​យក​ចិត្ត​ទុកដាក់ ចំពោះ​កងទ័ព​អ៊ុយក្រែន ដែល​លោក​អះអាងថា ​ជា​អ្នក​បាន​បើក​ការវាយប្រហារ​ការបាញ់​ផ្លោង​​គ្រាប់ ទៅលើ​ស្ថានីយ​ហ្សាប៉ូរីចា រួមទាំង​កន្លែង​ស្តុក​ទុក​កាកសំណល់​វិទ្យុ​សកកម្ម​ជាទី​ដែល​ពោរពេញ​ទៅដោយ​គ្រោះថ្នាក់​ខ្លាំង។

បើតាម​សេចក្តី​ថ្លែងការណ៍​របស់​វិមាន​ក្រឹមឡាំង​ការជជែក​គ្នា​តាម​ទូរស័ព្ទ រវាង​លោក ​ម៉ាក្រុង និង​លោក ពូ​ទីន ធ្វើឡើង​តាមរយៈ​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ប្រមុខ​រដ្ឋ​បារាំង​ម៉ាក្រុង ហើយ​កិច្ច​សន្ទនា រវាង​មេដឹកនាំ​ទាំង​២ រួមមាន​តាំងពី​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា​យ៉ាង​លម្អិត និង​ដោយ​ស្មោះត្រង់​អំពី​ស្ថានភាព​នៅក្នុង​ប្រទេស​អ៊ុយក្រែន។

បុរស​ខ្លាំង​រុស្ស៊ី​លោក ពូទីន បាន​គូស​បញ្ជាក់​ថា អ្នកឯកទេស​រុស្ស៊ី​នៅឯ​រោងចក្រ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា កំពុង​ចាត់​វិធានការ ដើម្បី​ធានា​សុវត្ថិភាព​របស់ខ្លួន ហើយ​បាន​និយាយ​ដែរ​ថា ទីក្រុង​ម៉ូស្គូ បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច ក្នុង​ការបន្ត​ធ្វើការ​ជាមួយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (AIEA) ដើម្បី​ដំណោះស្រាយ​បញ្ហា​នៅ​ហ្សាប៉ូរីចា​នេះ។

ក្នុងអំឡុង​ពេល​សន្ទនា​ជាមួយ​លោក ម៉ាក្រុង លោកពូ​ទីន​ក៏បាន​ចោទប្រកាន់​កងទ័ព​អ៊ុយក្រែន​ដែរ​ថា បាន​ប្រើប្រាស់​អាវុធ ដែល​ផ្គត់ផ្គង់​ដោយ​លោក​ខាងលិច ដើម្បី​វាយប្រហារ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ស៊ីវិល នៅក្នុង​តំបន់​ដុន​បាស់​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន៕