វឌ្ឍនភាព​ជាច្រើន​ទសវត្សរ៍​របស់​ពិភពលោក​ទាក់ទង​នឹង​អាយុ​សង្ឃឹម​រស់ ការអប់រំ និង​កំណើន​សេដ្ឋកិច្ច បាន​ចាប់ផ្តើម​ជួប​ភាព​មិន​ប្រក្រតី ចាប់តាំងពី​ផ្ទុះ​មាន​ជំងឺរាតត្បាត​មក។ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការសហប្រជាជាតិ។

រយៈពេល ២ ឆ្នាំ​កន្លងមក​នេះ កម្រិត​នៃ​ការ​អភិវឌ្ឍ​មនុស្ស នៅ​ប្រទេស ៩ ក្នុងចំណោម​ប្រទេស​ចំនួន ១០ បាន​ធ្លាក់ចុះ​នៅ​លើ​តារាង​សន្ទស្សន៍​របស់​អង្គការសហប្រជាជាតិ (UN) ។ ជំងឺ​កូ​វីដ ១៩ សង្គ្រាម​នៅ​អ៊ុយក្រែន និង​ផល​ប៉ះពាល់​បណ្តាល​មក​ពី​ការប្រែប្រួល​អាកាសធាតុ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​កត្តា​ដែល​នាំ​ឱ្យ​ការ​អភិវឌ្ឍ​ពិភពលោក​ដើរ​បញ្ច្រាស​ត្រឡប់​ក្រោយ​វិញ។

សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩០ នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​វាស់វែង​កម្រិត​សុខុមាលភាព នៅ​តាម​បណ្តា​ប្រទេស​នានា ដោយ​ផ្អែកលើ​កត្តា​ផ្សេងទៀត ក្រៅតែ​ពី​មើល​លើ​ផលិតផល​ក្នុង​ស្រុក​សរុប។

នៅ​ឆ្នាំ ២០២២ នេះ ប្រទេស​ស្វ៊ី​ស ឈរ​នៅ​លើ​លេខរៀង​កំពូល​នៃ​សន្ទស្សន៍​ជាមួយនឹង​អាយុ​សង្ឃឹម​រស់​ដល់ ៨៤ ឆ្នាំ ហើយ​ជាមធ្យម​ប្រជា​ពល​រដ្ឋ​ស្វ៊ី​ស បាន​ចំណាយពេល ១៦,៥ ឆ្នាំ ក្នុង​ការអប់រំ និង​មាន​ប្រាក់ចំណូល​ជាមធ្យម ៦៦ ០០០ ដុល្លារ។

ចំណែក​ចំណាត់ថ្នាក់​នៅ​បាត​តារាង​នៃ​សន្ទស្សន៍​វិញ បាន​ទៅ​ស៊ូដង់​ខាងត្បូង ដែល​ជា​ប្រទេស​ស្ថិតនៅ​អាហ្វ្រិក​ខាងជើង។ នៅ​ទីនោះ​អាយុ​សង្ឃឹម​រស់ គឺ ៥៥ ឆ្នាំ ហើយ​ការ​ចំណាយពេល​សិក្សា នៅ​សាលារៀន​ជាមធ្យម​មានតែ ៥,៥ ឆ្នាំ​ប៉ុណ្ណោះ រី​ឯប្រាក់ចំណូល​ដែល​ប្រជាជន​ស៊ូដង់​រកបាន ក្នុង ១ ឆ្នាំ​វិញ មាន​ចំនួន​ត្រឹមតែ ៧៦៨ ដុល្លារ​តែប៉ុណ្ណោះ។

សន្ទស្សន៍ ក្នុង​ឆ្នាំ ២០២២ នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែកលើ​ទិន្នន័យ ដែល​បាន​មក​ពី​ក្នុង​ឆ្នាំ ២០២១ ។ អ្នកជំនាញ​បាន​ព្យាករ​ថា សន្ទស្សន៍​នៃ​ការ​អភិវឌ្ឍ​ឆ្នាំ ២០២៣ ខាងមុខ អាច​នឹង​អាក្រក់​ជាង​នេះ​ទៅទៀត ដោយហេតុថា មាន​ប្រទេស​ជាង ៨០ កំពុងតែ​ប្រឈម​នឹង​បញ្ហា​សងបំណុល​ជាតិ​របស់​ពួក​គេ។ បញ្ហា​នេះ​មាន​សភាព​ធ្ងន់ធ្ងរ ហើយនឹង​អាច​ជះ​ផលវិបាក រយៈពេល​ច្រើន​ឆ្នាំ។ នេះ​បើ​តាម​អ្នកជំនាញ​ដដែល​៕