
ធ្យូងថ្មីត្រូវបានកើបដាក់ចូលទៅក្នុងរថយន្តនៅកំពង់ផែ Marunda ក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃទី ១៧ មករា ២០២២។ AFP
បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលភាគច្រើនចាត់ទុកសហភាពអឺរ៉ុប (EU) ថា ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត មួយរបស់ពួកគេ កំពុងតែតាមដានមើលពីការធ្លាក់ចុះសេដ្ឋកិច្ច នៅអឺរ៉ុបយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ សេដ្ឋកិច្ចរបស់អឺរ៉ុប ដែលធ្លាក់ចុះនាំមកនូវទាំងភាពភ័យខ្លាច និងឱកាសរួមជាមួយគ្នា។
អ្នកជំនាញសេដ្ឋកិច្ចជាច្រើន បានព្យាករថា EU នឹងប្រឈមមុខ ចំពោះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងរដូវការងារខាងមុខ។ អតិផរណា កំពុងកើនឡើង នៅតំបន់ជាច្រើន បូករួមទាំងវិបត្តិថាមពល ដែលកាន់តែដុនដាប ដោយសារសង្គ្រាមអ៊ុយក្រែននោះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ និងបណ្តាអាជីវកម្មជាច្រើន នៅអឺរ៉ុប មិនតែប៉ុណ្ណោះ គេបានប៉ាន់ស្មានដែរថា វិបត្តិសេដ្ឋកិច្ច នៅអឺរ៉ុប នឹងកាន់តែអាក្រក់ខ្លាំង នៅឆ្នាំក្រោយ។
អឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលភាគច្រើនរាប់ទុក EU ថា ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ ក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំង៤ របស់ពួកគេ កំពុងតាមឃ្លាំមើលអ្វី ដែលកំពុងកើតឡើង នៅអឺរ៉ុប លាយឡំ ដោយភាពភ័យខ្លាច អមជាមួយនឹងឱកាស។
លោកស្រី តាម៉ារ៉ា ហេនដេសុន (Tamara Henderson) សេដ្ឋវិទូរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានលើកឡើងថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ EU នឹងមានឥទ្ធិពលខ្លាំងបំផុតទៅលើការនាំចេញទំនិញវិស័យទេសចរណ៍ និងការវិនិយោគរបស់អាស៊ីអាគ្នេយ៍។
បណ្តាប្រទេសអាស៊ាន បាននាំចេញទំនិញ ក្នុងតម្លៃប្រមាណ ១៣៦ ពាន់លានអឺរ៉ូ ទៅកាន់ EU ក្នុងឆ្នាំ ២០២១ កើនឡើងពី ១២០ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យរបស់ EU។ ហើយបើផ្អែកលើស្ថិតិរបស់អាស៊ានវិញ រដ្ឋ EU តំណាងឱ្យប្រមាណ ១៥% នៃការវិនិយោគ ដោយផ្ទាល់ទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីឆ្នាំមុន។
ចំណែកភ្ញៀវទេសចរអឺរ៉ុបវិញ មានចំនួនត្រឹមតែ ៥% នៃអ្នកទេសចរទាំងអស់ ដែលបានចូលមកកាន់ប្លុកអាស៊ាន ក្នុងឆ្នាំ ២០១៩ មុនពេលមានជំងឺរាតត្បាតកូវីដ។ ប៉ុន្តែអ្នកវិភាគនិយាយថា ទេសចរអឺរ៉ុបមានទំនោរជាអ្នកចំណាយធំជាងអ្នកទេសចរមកពីប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ឬមកពីប្រទេសចិន។ ក្រោមហេតុផលនេះទេសចរ អឺរ៉ុបបង្កើតបានជាពាណិជ្ជកម្មទេសចរណ៍ភាគច្រើន នៅក្នុងតំបន់អាស៊ាន។
ហេតុដូចនេះហើយ ទើបលោកស្រីសេដ្ឋវិទូ ហេនដេសុន ពន្យល់ថា ប្រសិនបើសេដ្ឋកិច្ចអឺរ៉ុប ជួបបញ្ហានោះ ទាំងការនាំចេញទំនិញ វិស័យទេសចរណ៍ និងការវិនិយោគរបស់អាស៊ីអាគ្នេយ៍ ទំនងជាធ្លាក់ចុះខ្សោយទៅតាមឥទ្ធិពលនោះដែរ។
ឱកាសសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍?
យ៉ាងណាក៏ដោយ មានមតិខ្លះលើកឡើងថា ការធ្លាក់ចុះសេដ្ឋកិច្ច នៅអឺរ៉ុប ក៏បានបង្កើតជាឱកាសដល់ប្រទេស នៅអាស៊ីអាគ្នេយ៍ដែរ។ ជាក់ស្តែង បើតាមអ្នកជំនាញ តម្រូវការក្នុងស្រុករបស់តំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន កំពុងមានការកើនឡើង ខណៈដែលសេដ្ឋកិច្ចរបស់ពួកគេ បានបើកដំណើរ ការឡើងវិញទាំងស្រុងពីជំងឺរាតត្បាត ដែលនេះមានន័យថា កំណើននៅអាស៊ីអាគ្នេយ៍ភាគច្រើន ក្នុងឆ្នាំ ២០២២ នេះ គួរតែខ្លាំងជាង បើធៀបទៅនឹងឆ្នាំមុន។
ក្រៅពីនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន អាចទទួលបានអត្ថប្រយោជន៍ពីបញ្ហាប្រឈមរបស់ EU។ តួយ៉ាងក្នុងនាមជាប្រទេសនាំចេញប្រេងដូងធំជាងគេមួយរបស់ពិភពលោក ការនាំចេញថាមពលរបស់ឥណ្ឌូនេស៊ី នឹង មានតម្រូវការខ្ពស់ក្នុងរដូវរងាខាងមុខនេះ ប្រសិនបើ សង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ីនៅតែអូសបន្លាយទៀតនោះ។ នេះ គឺជាប្រសាសន៍របស់លោក Miguel Chanco អ្នកជំនាញសេដ្ឋកិច្ច ១រូប នៅចក្រភពអង់គ្លេស។
ឥណ្ឌូនេស៊ី ក៏ជាប្រទេសនាំចេញធ្យូងថ្មដ៏ធំ១ដែរ ហើយការនាំចេញធ្យូងថ្មរបស់ឥណ្ឌូនេស៊ី ក៏ អាចនឹងកើនឡើង នាពេលខាងមុខជាពិសេស នៅបន្ទាប់ពី EU ដែលកាលពីខែមុន បានដាក់បម្រាមលើការនាំចូលធ្យូងថ្មទាំងស្រុងរបស់រុស្ស៊ី។
ទាក់ទងរឿងនេះ លោក Filippo Bortoletti នាយកក្រុមហ៊ុនប្រឹក្សាពាណិជ្ជកម្មមួយ ប្រចាំនៅប្រទេស វៀតណាម បានកត់សម្គាល់ថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ EU អាច ជាកត្តាជំរុញឱ្យក្រុមហ៊ុននៅទីនោះកាន់តែ ច្រើនពិចារណាលើការវិនិយោគ និងផ្លាស់ប្តូរទីតាំងមកកាន់អាស៊ីអាគ្នេយ៍វិញ។ លោកប្រាប់ថា៖ «ក្រុមហ៊ុនម៉ាកយីហោអឺរ៉ុប អាចស្វែងរកទីតាំងរស់ និងឱកាសរីកចម្រើនថ្មី ដោយការវិនិយោគ នៅក្នុងទីផ្សារ ១ ក្នុងចំណោមទីផ្សារ ដែលរីកលូតលាស់លឿនបំផុត នៅលើពិភពលោក»៕