
នាយករងខុទ្ទកាល័យជប៉ុន លោក សៃជិ គីហារ៉ា ថ្លែងនាពេលកន្លងទៅ។ រូបថត Kyodo
មន្ត្រីជប៉ុនទំនងជានឹងបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនបន្ថែមទៀត ចំពោះអ្នកដំណើរបរទេស ដើម្បីជំរុញសេដ្ឋកិច្ច ដែលរងគ្រោះពីវិធានការរឹតត្បិតទប់ស្កាត់ជំងឺកូវីដ ក្នុងរយៈពេលប្រមាណជា ២ ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍ក្នុងស្រុករបស់ជប៉ុនជាច្រើន។
នាយករងខុទ្ទកាល័យជប៉ុន លោក សៃជិ គីហារ៉ា (Seiji Kihara) បានប្រាប់ទូរទស្សន៍ ក្នុងស្រុកថា ប្រាក់យេន ដែលកំពុងចុះថ្លៃខ្លាំង មានប្រសិទ្ធភាពបំផុត ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកប្រទេស ជប៉ុន។
កាលពីសប្តាហ៍មុនប្រាក់យេន ធ្លាក់ចុះដល់កម្រិតទាបបំផុតធៀបនឹងប្រាក់ដុល្លារអាមេរិក ក្នុងរយៈពេល ២៤ ឆ្នាំដោយបានធ្លាក់ចុះរហូតដល់ទៅ ១,៧% ។
លោក គីហារ៉ា បាននិយាយថា វិធានរឹតត្បិតព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ អាចនឹងត្រូវគេដកចេញក្នុងពេលដ៏ខ្លី។
ជប៉ុន បានអនុវត្តវិធានការតឹងរ៉ឹង ដោយហាមអ្នកទេសចរបរទេសភាគច្រើនចូលប្រទេស ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ។ កាលពីឆ្នាំកន្លងទៅ សូម្បីតែទស្សនិកជនបរទេស ក៏ត្រូវបានអាជ្ញាធរជប៉ុនហាមប្រាមពីការចូលរួមតាមដានព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងក្រុងតូក្យូ ដោយផ្ទាល់ដែរ ដើម្បីការពារកុំឱ្យមានហានិភ័យសុខភាព។
យ៉ាងណាក្ដី កាលពីចុងខែ សីហា ជប៉ុនបានប្រកាសលើកលែងតម្រូវការឱ្យធ្វើតេស្តរកកូវីដមុនការមកដល់ ជប៉ុន សម្រាប់អ្នកដំណើរទាំងឡាយណា ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស និងបានប្រកាសទទួលភ្ញៀវទេសចរបរទេសច្រើនជាងមុន ដោយដំឡើងពីចំនួន ២០ ០០០ នាក់ ទៅ ៥០ ០០០ នាក់ ក្នុង ១ ថ្ងៃ។ បន្ថែមលើនេះ អ្នកដំណើរបរទេស ក៏មិនត្រូវបានចាប់តម្រូវឱ្យធ្វើដំណើរជាមួយមគ្គុទ្ទេសក៍ដូចមុនទៀតដែរ៕