
ស្ត្រីសកម្មជននយោបាយម្នាក់ឈ្មោះ ចាទូផន ស្លៀកសម្លៀកបំពាក់ដូចម្ចាស់ក្សត្រីថៃ ស៊ុធីតា ក្នុងអំឡុងពេលចូលរួមធ្វើបាតុកម្ម កាលពី ២ ឆ្នាំមុន។
តុលាការថៃ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានកាត់ទោសស្ត្រីសកម្មជននយោបាយម្នាក់ឈ្មោះ ចាទូផន (Jatuporn) ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការរកឃើញថា នាងបានប្រមាថដល់គ្រួសាររាជវង្ស ដោយស្លៀកសម្លៀកបំពាក់ដូចម្ចាស់ក្សត្រីថៃ ស៊ុធីតា ក្នុងអំឡុងពេលចូលរួមធ្វើបាតុកម្ម កាលពី ២ ឆ្នាំមុន។
សកម្មជននយោបាយថៃវ័យ ២៥ ឆ្នាំ នាង ចាទូផន បានស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូក ពេលបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក កាលពីឆ្នាំ ២០២០ ។ នាងបានបដិសេធចំពោះការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដោយអះអាងថា នាងគ្រាន់តែស្លៀកសម្លៀកបំពាក់ប្រពៃណីតែប៉ុណ្ណោះ។
ថៃមានច្បាប់តឹងរ៉ឹងបំផុត ដែលហាមប្រាមការរិះគន់ព្រះមហាក្សត្រ និងគ្រួសាររាជរង្ស ហើយចាប់តាំងពីព្រះមហាក្សត្រ ម៉ាហាវិជ្ជរ៉ា ឡុងកន ឡើងសោយរជ្យនៅឆ្នាំ ២០១៩ មក ក្រុមសិទ្ធិមនុស្សនិយាយថា អាជ្ញាធរថៃ បានចាប់អនុវត្តច្បាប់ប្រមាថព្រះមហាក្សត្រកាន់តែខ្លាំងឡើង ដើម្បីលុបបំបាត់ចលនាតវ៉ា ដែលទាមទារឱ្យមានកំណែទម្រង់របបរាជានិយមដ៏មានឥទ្ធិពល។
យោងតាមក្រុមអ្នកច្បាប់ថៃ រាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០ មក មានបាតុករយ៉ាងតិច ២១០ នាក់ ត្រូវបានចោទពីបទប្រមាថព្រះមហាក្សត្រ ហើយនាងចាទូផន ក៏ស្ថិតក្នុងចំណោមសកម្មជនទាំងអស់នោះដែរ។ ក្រុមសិទ្ធិមនុស្ស រិះគន់យ៉ាងខ្លាំង ចំពោះសាលក្រមរបស់តុលាការថៃនេះ។
នៅខែតុលា ឆ្នាំ ២០២០ នាងចាទូផន បានដើរលើកម្រាលព្រំក្រហម នៅឯកន្លែងតវ៉ា ដោយស្លៀកសម្លៀកបំពាក់សូត្របែបប្រពៃណីពណ៌ផ្កាឈូក ដោយមានអ្នកចូលរួមម្នាក់បាំងឆត្រឱ្យ។ ខណៈពេលនោះ មានអ្នកតវ៉ាផ្សេងទៀត កំពុងអង្គុយនៅលើដីតាមបែបបទ ដែលវប្បធម៌ប្រពៃណីថៃទាមទារឱ្យធ្វើ នៅចំពោះមុខព្រះមហាក្សត្រ៕