ការប្តូរ​ពី​ឥន្ធនៈ​ហ្វូស៊ីល​ទៅជា​ថាមពល​កកើត​ឡើងវិញ អាចជួយ​ពិភពលោក​ឱ្យ​សន្សំ​សំចៃ​ថវិកា​បាន​រហូត​ដល់ ១២​ ទ្រីលាន​ដុល្លារ ត្រឹម​ឆ្នាំ​២០៥០ ខាងមុខ។ នេះ​បើតាម​ការសិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Oxford នៃ​ប្រទេស​អង់គ្លេស។

របាយ​ការណ៍​ខាងលើ បង្ហាញ​ថា វា​ខុស​និង​ទុទិដ្ឋិ​និយម ក្នុងការ​អះអាង​ថា ការផ្លាស់ប្តូរ​យ៉ាង​លឿន​ឆ្ពោះ​ទៅរក​ប្រភព​ថាមពល​ស្អាតស្អំ គឺមាន​តម្លៃ​ថ្លៃ។ តម្លៃ​ឧស្ម័ន​បាន​កើនឡើង ដោយហេតុតែ​មានការ​ព្រួយបារម្ភ​ជា​ច្រើន​អំពី​ការផ្គត់ផ្គង់​ថាមពល។

ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ ឱ្យ​ដឹង​ថា ការ​ងាក​ទៅប្រើ​ថាមពល​បៃតង​ឥឡូវនេះ គឺជា​រឿង​ត្រឹមត្រូវ សម្រាប់​សេដ្ឋកិច្ច ពីព្រោះ​តម្លៃ​នៃ​ថាមពល​កកើត​ឡើងវិញ​មិន​ថ្លៃ​ដូច​គេ​គិត​ពីមុន​នោះទេ។ លោក​សាស្ត្រាចារ្យ Doyne Farmer នៃ​វិទ្យាស្ថាន សម្រាប់​ការ​គិតពី​សេដ្ឋកិច្ច​ថ្មី នៅ​សាលា ​Oxford Martin បាន​ប្រាប់​សារព័ត៌មាន BBC ថា៖ «ទោះបីជា​គេ​មិនមែនជា​អ្នក​ដែល​ជឿ​លើ​បញ្ហា​អាកាសធាតុ​ក៏ដោយ ក៏​គេ​គួរតែ​ជឿ​នូវ​អ្វី ដែល​អ្នកជំនាញ​កំពុង​តស៊ូ​មតិ។ ការសន្និដ្ឋាន​របស់​យើង គឺថា​យើង​គួរតែ​ឆ្ពោះទៅមុខ​យ៉ាង​ពេញដៃពេញជើង​ជាមួយនឹង​ការ​ផ្លាស់ប្តូរ​ទៅ​អនុវត្ត​ថាមពល​បៃតង ព្រោះ​វា​នឹង​ជួយ​សន្សំ​ប្រាក់កាស​របស់​យើង»។

ការ​រកឃើញ​របស់​របាយ​ការណ៍ Oxford គឺ​ផ្អែកលើ​ការមើល​ទិន្នន័យ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ឥន្ធនៈ​ហ្វូស៊ីល និង​ថាមពល​កកើត​ឡើងវិញ ហើយ​បន្ទាប់មក​ធ្វើ​គំរូ​ពី​របៀប ដែល​វា​អាច​នឹង​ផ្លាស់ប្តូរ ក្នុងពេល​អនាគត។ ទិន្នន័យ​សម្រាប់​ឥន្ធនៈ​ហ្វូស៊ីល រាប់​ពី​ឆ្នាំ​២០២០ ទៅ​ជាង ១០០​ឆ្នាំមុន បង្ហាញ​ថា បន្ទាប់​ពី​ការ​គណនា​អតិ​ផរណា និង​ការប្រែប្រួល ទីផ្សារ​តម្លៃ​របស់​វា ​មិនបាន​ប្រែប្រួល​ច្រើន​នោះទេ។

ថាមពល​កកើត​ឡើង​វិញ បាន​លេច​វត្តមាន​រយៈពេល ២-៣​ទសវត្សរ៍​ប៉ុណ្ណោះ ដូច្នេះ​មាន​ទិន្នន័យ​តិច​ជាង។ ក៏​ប៉ុន្តែ​នៅពេល​មានការ​កែលម្អ​ជា​បន្តបន្ទាប់​នៃ​បច្ចេកវិទ្យា​នោះ មានន័យ​ថា ការចំណាយ​លើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​ខ្យល់ បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស ក្នុង​អត្រា​ជិត ១០​% ក្នុង ១​ឆ្នាំ។

ការ​រំពឹង​ទុក​របស់​របាយការណ៍​ដែល​ថា តម្លៃ​នៃ​ថាមពល​កកើតឡើង​វិញ នឹង​បន្ត​ធ្លាក់ចុះ គឺ​ដោយ​ផ្អែកលើ​គំរូ​«ប្រូបាប៊ីលីក» (Probabilistic) ដោយ​ប្រើ​ទិន្នន័យ​អំពី​របៀប ដែល​ការវិនិយោគ​ធំ និង​សេដ្ឋកិច្ច​នៃ​មាត្រដ្ឋាន បាន​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​ស្រដៀង​គ្នា​ផ្សេងទៀត​មានតម្លៃ​ថោក​ជាង។

«ការស្រាវជ្រាវ​ចុងក្រោយ​បំផុត​របស់​យើង បង្ហាញថា ការពង្រីក​បច្ចេកវិទ្យា​បៃតងសំខាន់ៗ នឹង​បន្ត​ជួយ​កាត់​បន្ថយ​ការចំណាយ ហើយ​នៅពេល​យើង​អនុវត្ត​វា​កាន់តែ​លឿន យើង​នឹង​សន្សំ​សំចៃ​បាន​កាន់តែ​ច្រើន»។ នេះ គឺ​ជា​ប្រសាសន៍​របស់​លោក​បណ្ឌិត Rupert Way ដែល​ជា​អ្នក​ដឹកនាំ​ធ្វើ​របាយ​ការណ៍។

ខ្យល់ និង​ពន្លឺ​ព្រះអាទិត្យ គឺជា​ជម្រើស​ធូរ​ថ្លៃ​បំផុត សម្រាប់​គម្រោង​ថាមពល​ថ្មី ប៉ុន្តែ​សំណួរ​នៅតែមាន​អំពី​របៀប​រក្សា​ទុកដាក់​ថាមពល​ឱ្យ​ល្អ​បំផុត និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​បណ្តាញ​អគ្គិសនី នៅពេលដែល​ការផ្លាស់ប្តូរ​អាកាស​ធាតុ​នាំ​ឱ្យ​ធ្លាក់ចុះ​នូវ​ទិន្នផល​ថាមពល​កកើត​ឡើងវិញ៕