ព្រះរាជបុត្រស្នងរាជ្យអារ៉ាប៊ី សាអ៊ូឌីត ម៉ូហាមេដ បេនសាលម៉ាន ទំនងជាមិនទៅចូលរួមព្រះពិធីបុណ្យព្រះសពរបស់ម្ចាស់ក្សត្រិយ អេលីហ្សាប៊ែត ទី២ ទៀតទេ។ នេះបើតាមប្រភពពីការិយាល័យកិច្ចការបរទេសអង់គ្លេស។

ប្រភពដែលបានដកស្រង់សម្តីដោយសារព័ត៌មាន Reuters បាននិយាយថា ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងដោយភាគីអារ៉ាប៊ី សាអ៊ូឌីត។ ការអញ្ជើញរបស់អង់គ្លេសឱ្យព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត ទៅចូលរួមពិធីបុណ្យសពរបស់ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត បានបង្កឱ្យមានព្យុះនៃការតវ៉ាពីក្រុមអ្នកការពារសិទ្ធិមនុស្ស។

ក្រុមសិទ្ធិមនុស្សបានរិះគន់ជាខ្លាំង ចំពោះការសម្រេចចិត្តអញ្ជើញរាជបុត្រ បេន សាលម៉ាន ដែលជាប់ឈ្មោះថា ជាមេដឹកនាំផ្តាច់ការ ព្រោះមានជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់អ្នកកាសែតអារ៉ាប៊ី សាអ៊ូឌីត លោក ខាស្ហូហ្ស៊ី កាលពីឆ្នាំ ២០១៨។

នៅមុននេះបន្តិចប្រភពស្និទ្ធនឹងស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ថា ព្រះអង្គម្ចាស់បេន សាលម៉ាន នឹងយាងទៅទីក្រុងឡុងដ៍ នៅចុងសប្តាហ៍នេះ។ ប៉ុន្តែព្រះអង្គម្ចាស់ តួគី អាល់ ហ្វេហ្សល (Turki al-Faisal) ដែលជារាជវង្សអារ៉ា ប៊ីសាអ៊ូឌីតម្នាក់ទៀត ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីបុណ្យសពព្រះមហាក្សត្រិយ ជំនួសវិញ។ នេះបើតាមប្រភពពីការិយាល័យកិច្ចការបរទេសអង់គ្លេស។

ក្រុមសិទ្ធិមនុស្ស លើកឡើងថា ការអញ្ជើញរាជបុត្រ បេន សាលម៉ាន តំណាងឱ្យការលាងជម្រះកំណត់ត្រាសិទ្ធិមនុស្សអារ៉ាប៊ី សាអ៊ូឌីត ដ៏គួរឱ្យរន្ធត់មួយ។ ជាមួយគ្នានេះ ការអញ្ជើញប្រទេសចិន ក៏បានបង្កឱ្យមានភាពចម្រូងចម្រាសផងដែរ ព្រោះតែសកម្មជនសិទ្ធិមនុស្ស ចោទចិនថា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើជនជាតិអ៊ុយហ្គ័រ ដែលជាអ្នកកាន់សាសនាអ៊ិស្លាម នៅតំបន់ស៊ីនជាំងភាគពាយព្យនៃប្រទេសចិន។

យ៉ាងណាក៏ដោយចិនបានបញ្ជាក់រួចហើយថា កំពុងបញ្ជូនអនុប្រធានាធិបតីរបស់ខ្លួន គឺលោក វ៉ាង ខឺហ្សាន (Wang Qishan) ទៅចូលរួមពិធីបុណ្យព្រះសពរបស់ម្ចាស់ក្សត្រិយ អេលីហ្សាប៊ែត ទី២៕