នៅ​ប្រទេស​ចិន ឡានក្រុង​ដែល​មាន​ដឹក​មនុស្ស​ចំនួន ៤៧ នាក់ ដើម្បី​ទៅ​ធ្វើ​ចត្តាឡីស័​ក ស្របតាម​វិធានការ​ដ៏​តឹងរ៉ឹង​របស់​អាជ្ញាធរ បាន​ក្រឡាប់​នៅ​លើ​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ហ្គ័ង​ចូវ​នៃ​ភាគ​និរតី នៅ​ព្រឹកព្រហាម​ថ្ងៃទី ១៨ ខែកញ្ញា ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ ឧបទ្ទវហេតុ​ក្រឡាប់​ឡានក្រុង​នេះ បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន ២៧ នាក់​ភ្លាម។

ហេតុការណ៍​ក្រឡាប់​ឡានក្រុង​នេះ កើតឡើង​នៅ​វេលា​ម៉ោង ២ និង ៤០ នាទី​ព្រឹក ឈាន​ចូល​ថ្ងៃទី ១៨ ខែកញ្ញា។ នេះ​គឺជា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​នេះ នៅ​ប្រទេស​ចិន។ តាម​ការ​ឱ្យ​ដឹងពី​អាជ្ញាធរ​ក្នុង​តំបន់ ឡានក្រុង​នោះ មាន​ដឹក​អ្នកដំណើរ​ចំនួន ៤៧ នាក់ ធ្វើដំណើរ​ចេញពី​ទី​រួម​ខេ​ត្ត​ហ្គ័​ងយ៉ាង ឆ្ពោះទៅ​កាន់​ស្រុក​លី​ដូ បាន​ក្រឡាប់​ផ្ងារ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ខេ​ត្ត​ហ្គ័ង​ចូវ។ បើ​តាម​អាជ្ញាធរ មនុស្ស ២៧ នាក់ ស្លាប់​នៅកន្លែង​កើតហេតុ។ ចំណែក​ជនរងគ្រោះ ២០ នាក់​ផ្សេងទៀត ដែល​មានរបួស​ធ្ងន់​ស្រាល​ត្រូវ​បាន​ជួយសង្គ្រោះ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

ក្នុង​ហេតុការណ៍​នេះ អាជ្ញាធរ​មិនបាន​និយាយ​អ្វី ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​កូ​វីដ ១៩ ឡើយ ប៉ុន្តែ​សារព័ត៌មាន ក្នុង​ស្រុក​វិញ អះអាង​ថា អ្នកដំណើរ​ខេ​ត្ត​ហ្គ័​ងយ៉ាង​ទាំងនោះ បាន​ជួប​គ្រោះថ្នាក់ អំឡុង​ពេល​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ធ្វើ​ចត្តាឡីស័​កកូ​វីដ ១៩។

ខេ​ត្ត​ហ្គ័​ងយ៉ាង ដែល​មាន​ពលរដ្ឋ​រស់នៅ​ចំនួន ៦ លាន​នាក់ ត្រូវ​បាន​បិទ​ខ្ទប់ តាំងពី​ដើមខែ​កញ្ញា​មក ​ដើម្បី​ទប់ស្កាត់​កូ​វីដ ខណៈ​គោលនយោបាយ​កូ​វី​ដសូន្យ​ដ៏​តឹងតែង​របស់​ចិន បាន​តម្រូវ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ធ្វើ​ចត្តាឡីស័​ក។ ខេ​ត្ត​ហ្គ័​ងយ៉ាង ត្រូវ​បាន​គេ​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ ថ្មី​ចំនួន ៩០០ ករណី ក្នុងរយៈពេល ២ ថ្ងៃ​ចុងក្រោយ​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បង្ហាញ​ការ​ខឹងសម្បា និង​ទាមទារ​ការ​ពន្យល់​របស់​អាជ្ញាធរ​ពី​មូលហេតុ ដែល​ឡានក្រុង​ដឹក​អ្នកដំណើរ ១ គ្រឿង​នេះ អាច​ធ្វើដំណើរ​លើ​ដងផ្លូវ​នៅ​ព្រលឹម​ស្រាងៗ នៅពេល​ដែល​ផ្លូ​វធំៗជាច្រើន ក្នុង​ខេត្ត ត្រូវ​បាន​បិទ​មិន​ឱ្យធ្វើ​ចរាចរណ៍​ធម្មតា។ ហើយ​ព្រោះតែ​ការ​រឹត​បន្តឹង​កូ​វីដ បញ្ជរ​គិត​ប្រាក់ នៅ​តាម​ដងផ្លូវ ក្នុង​ខេ​ត្ត​ហ្គ័ង​ចូវ ចំនួន ១០០ កន្លែង ត្រូវ​បាន​បិទ​ចោល​ទាំងអស់ ហើយ​ការ​ធ្វើដំណើរ​ឆ្លងកាត់​វិញ ត្រូវ​បាន​ហាមឃាត់​ចាប់ពី​ម៉ោង ២ ទៀបភ្លឺ ដល់ម៉ោង ៥ ព្រឹក​៕