
លោក Johannes Hahn ធ្វើសន្និសីទកាសែតស្តីពីការការពារថវិកា EU នៅហុងគ្រី នៅស្នាក់ការ EU ក្នុងទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី ១៨ កញ្ញា។ AFP
គណៈកម្មការអឺរ៉ុប បានស្នើឱ្យផ្អាកការផ្តល់ហិរញ្ញប្បទានចំនួន ៧,៥ ពាន់លានអឺរ៉ូ សម្រាប់ប្រទេសហុងគ្រីទាក់ទងអំពើពុករលួយ។ នេះគឺជាករណីដំបូងដែលកើតឡើងនៅសហភាពអឺរ៉ុប ក្រោមទណ្ឌកម្មថ្មីក្នុងន័យការពារនីតិរដ្ឋឱ្យបានល្អប្រសើរ។
ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងហុងគ្រី បានជួបភាពល្អក់កករនឹងគ្នាអស់ជាច្រើនខែមកហើយ ខណៈដែលទីក្រុងប្រ៊ុចសែលសង្ស័យថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជាតិនិយមលោកវិកទ័រអក បានមិនសូវគោរពច្បាប់ខ្ជាប់ខ្ជួន និងប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុប ដើម្បីពង្រឹងអំណាចបក្ខពួក របស់ខ្លួន។
ស្នងការទទួលបន្ទុកផ្នែកថវិការបស់គណៈកម្មការអឺរ៉ុបលោក Johannes Hahn បានប្រាប់អ្នក សារព័ត៌មានកាលពីថ្ងៃអាទិត្យ ទី ១៨ កញ្ញាថា គណៈកម្មការអឺរ៉ុប បានស្នើឱ្យផ្អាកការផ្តល់មូលនិធិចំនួនប្រមាណ ៧,៥ ពាន់លានអឺរ៉ូសម្រាប់ប្រទេសហុងគ្រី។
កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលហុងគ្រីបាននិយាយថា សមាជិកសភារបស់ខ្លួន នឹងបោះឆ្នោតនៅសប្តាហ៍នេះ លើច្បាប់មួយចំនួន ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។ គេរំពឹងថា វិធានការនេះ នឹងរួមបញ្ចូលការបង្កើតក្រុមឃ្លាំមើលឯករាជ្យប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យតាមដានការប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុបក៏ដូចជាវិធី សាស្ត្រផ្សេងទៀត ដើម្បីធ្វើឱ្យដំណើរការនីតិប្បញ្ញត្តិរបស់ហុងគ្រីកាន់តែមានតម្លាភាព។
ទាក់ទិនរឿងនេះ ស្នងការទទួលបន្ទុកផ្នែកថវិការបស់អឺរ៉ុបនិយាយថា លោកមានទំនុកចិត្តថាគណៈកម្មការ នឹងមើលឃើញពីកណែទម្រង់សំខាន់ៗនៅក្នុងប្រទេសហុងគ្រី។ ហុងគ្រីបានប្តេជ្ញាថា នឹងជូនដំណឹងទៅកាន់ស្នងការទទួលបន្ទុកផ្នែកថវិការបស់គណៈកម្មការអឺរ៉ុបអំពីការអនុវត្តវិធានការ ផ្សេងៗ ដើម្បីដោះស្រាយក្តីព្រួបារម្ភរបស់គណៈកម្មការ ឱ្យបាននៅត្រឹមថ្ងៃទី ១៩ វិច្ឆិកាខាងមុខ។
កាលពី ២ ឆ្នាំមុន សហភាពអឺរ៉ុបបានដាក់ចេញនូវទណ្ឌកម្មហិរញ្ញវត្ថុថ្មី ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួននិយាយថា ស្មើនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសប៉ូឡូញនិងហុងគ្រី។ ចាប់ពីពេលនេះ សហភាពអឺរ៉ុបមានពេល ៣ខែដើម្បីសម្រេចចិត្តលើការផ្អាកការផ្តល់មូលនិធិសម្រាប់ហុងគ្រី ជុំវិញការចោទប្រកាន់ពីបទបំផ្លាញលទ្ធិប្រជាធិបតេយ្យ៕