
ស្ត្រីឥណ្ឌា បេះស្លឹកតែនៅក្នុងសួនតែ Dagapur នៅជាយក្រុង Siliguri ប្រទេសឥណ្ឌា។ AFP
ស្ត្រីឥណ្ឌា ប្រឈមនឹងការរើសអើង នៅក្នុងទីផ្សារការងារ និងទទួលបានប្រាក់ចំណូលតិចជាងបុរស ទោះបីជាពួកគេមានលក្ខណសម្បត្តិ និងបទពិសោធដូចគ្នាក៏ដោយ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិអុកស្វាម (Oxfam)។
របាយការណ៍ស្តីពីការរើសអើងរបស់អង្គការអុកស្វាមឥណ្ឌា ឆ្នាំ ២០២២ បានស្តីបន្ទោសកត្តារើសអើង ក្នុងសង្គម និងក្នុងចំណោមនិយោជកថា ជាហេតុផលរុញច្រានឱ្យស្ត្រីឥណ្ឌា ទទួលបានប្រាក់ឈ្នួលទាប និងថា ការរើសអើងយេនឌ័រ គឺជាហេតុផល ៩៨% នៃគម្លាតការងារ រវាងបុរស និងស្ត្រី នៅឥណ្ឌា។
របាយការណ៍បានរកឃើញថា សហគមន៍មួយចំនួនទៀត ក៏ទទួលរងការរើសអើង ក្នុងទីផ្សារការងារដែរ។ សហគមន៍ទាំងនោះ រួមបញ្ចូលអ្នកដែលមានវណ្ណៈទាប ក្រុមកុលសម្ព័ន្ធ និងសមាជិកនៃសហគមន៍អ្នកកាន់សាសនាអ៊ិស្លាម។
នាយកប្រតិបត្តិអង្គការអុកស្វាមឥណ្ឌា លោក អាមីតា បេហា (Amitabh Behar) មានលើកឡើងថា៖ «ការរើសអើង នៅក្នុងទីផ្សារការងារ គឺជាពេលដែលមនុស្សមានសមត្ថភាពដូចគ្នា តែត្រូវបានគេចាត់ទុកថា ខុសគ្នាដោយសារអត្តសញ្ញាណ ឬប្រវត្តិដើមទងរបស់ពួកគេ។ វិសមភាព សម្រាប់ស្ត្រី និងវណ្ណៈសង្គមផ្សេងទៀតមិនមែន ព្រោះតែការទទួលបានការអប់រំ ឬបទពិសោធការងារមិនល្អនោះទេ ប៉ុន្តែដោយសារការរើសអើង»។
អ្នកស្រាវជ្រាវរបស់អុកស្វាម បានពិនិត្យមើលទិន្នន័យរបស់រដ្ឋាភិបាលស្តីពីការងារប្រាក់ឈ្នួល សុខភាព និងការទទួលបានឥណទានកសិកម្ម ក្នុងចំណោមក្រុមមនុស្សផ្សេងៗ ក្នុងសង្គម ចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០២០ ហើយបានប្រើគំរូស្ថិតិ ដើម្បីកំណត់កម្រិតនៃការរើសអើង។
អ្នកជំនាញបានរកឃើញថា ជារៀងរាល់ខែ ជាមធ្យមបុរសឥណ្ឌារកចំណូលបាន ៤ ០០០ រូពី ( ៥០ ដុល្លារ) ច្រើនជាងស្ត្រី ប្រជាជនមិនមែនអ្នកកាន់សាសនាអ៊ិស្លាមរកបាន ៧ ០០០ រូពី ( ៨៧,៥ ដុល្លារ) ច្រើនជាងអ្នកកាន់សាសនាអ៊ិស្លាម និងក្រុមអ្នកដែលកើតចេញពីត្រកូលវណ្ណៈទាប ចំណែកពួកកុលសម្ព័ន្ធវិញ រកចំណូលបានតិចជាងអ្នកផ្សេងទៀត ៥ ០០០ រូពី ( ៦២,៥ ដុល្លារ)។
ស្ត្រីឥណ្ឌា ជារឿយៗ ត្រូវរងការរើសអើង ហើយទោះបីជាពួកគេ មានលក្ខណសម្បត្តិ និងចំណេះដឹងគ្រប់គ្រាន់ក៏ដោយ ក៏សង្គមឥណ្ឌាមិនឱ្យតម្លៃពួកគេដូចបុរសដែរ។ នៅក្នុងប្រទេសឥណ្ឌា មានទារិការាប់រយពាន់នាក់ ត្រូវបានរម្លូតជារៀងរាល់ឆ្នាំ។ ចំណែកក្មេងស្រី ដែលចាប់កំណើតវិញ ចាប់តាំងពីពេលកើតមក ពួកគេភាគច្រើន តែងប្រឈមទៅនឹងការរើសអើងមិនឱ្យតម្លៃ រងអំពើហិង្សា និងការមិនយកចិត្តទុកដាក់ ដែលអាចបន្តពេញមួយជីវិតរបស់ពួកគេទៀតផង។
ឥណ្ឌាក៏ល្បីឈ្មោះដែរថា មានវិសមភាពយេនឌ័រ នៅក្នុងកម្លាំងពលកម្ម ដោយមានស្ត្រីតិចជាងមុន ក្នុងកម្លាំងការងារទូទៅ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងឆ្នាំ ២០២១-២០២២ មានស្ត្រីត្រឹមតែ ២៥,១% នៃកម្លាំងពលកម្ម។ អត្រានេះមិនត្រឹមតែទាបជាងប្រទេសជាច្រើន ដូចជា ប្រេស៊ីល រុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែវាមានការធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងអត្រា ក្នុងប្រទេសឥណ្ឌាខ្លួនឯងផ្ទាល់ ដែលកាលពីឆ្នាំ ២០០៤-២០០៥ មានស្ត្រី ៤២,៧% នៃកម្លាំងពលកម្មសរុប។
ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះជំងឺរាតត្បាត អាចជាហេតុផលបង្កើនល្បឿន ក្នុងការផាត់ស្ត្រីឥណ្ឌាចេញពីការងារ។ ជាក់ស្តែងក្នុងអំឡុងពេលបិទខ្ទប់មុខតំណែងការងារ នៅឥណ្ឌា ត្រូវបានកាត់បន្ថយ ហើយស្ត្រីត្រូវបានគេរុញច្រានចេញពីទីផ្សារការងារ៕