បុរស​ជប៉ុន​ម្នាក់ បាន​ដុត​ខ្លួនឯងនៅ​ក្បែរ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក្នុង​ទីក្រុង​តូក្យូ នា​ព្រឹក​ថ្ងៃពុធ ទី ២១ កញ្ញា​នេះ ដើម្បី​ប្រឆាំង​តវ៉ា ចំពោះ​ពិធីបុណ្យ​សព​ថ្នាក់​រដ្ឋ​សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ ដែល​ត្រូវ​បាន​គេ​ធ្វើឃាត កាលពី​ខែកក្កដា។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

ភ្លាមៗបន្ទាប់​ពី​ប្រ​ទេះ​ឃើញ​បុរស​ម្នាក់ កំពុង​ត្រូវ​ភ្លើង​ឆេះ នៅ​ជិត​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន សាក្សី​បាន​ទូរស័ព្ទ​ទៅ​ប៉ូល​លិស។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ជប៉ុន​រាយការណ៍​ថា មន្ត្រី​ជប៉ុន បាន​ពន្លត់ភ្លើង ហើយ​ដឹក​យក​បុរស ដែល​នៅ​ដុត​ខ្លួន​នោះ ទៅកាន់​មន្ទីរពេទ្យ។

ខណៈ​ពេលនេះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ អំពី​ទំហំ​នៃ​របួស និង​ស្ថានភាព​របស់​បុរស​នោះ។ សារព័ត៌មាន​ជប៉ុន គ្រាន់តែ​រាយការណ៍​ថា បុរស​នោះ ទំនងជា​មាន​អាយុ​ខ្ទង់ ៧០ ឆ្នាំ។ ជុំវិញ​ហេតុការណ៍​នេះ រដ្ឋាភិបាល​ក្រុង​តូក្យូ នៅ​មិនទាន់​អត្ថា​ធិប្បាយ​អ្វី​ឡើយ។

ប៉ុន្តែ​ការ​ប្រឆាំង​នឹង​ពិធីបុណ្យ​សព​ថ្នាក់​រដ្ឋ សម្រាប់​លោក អាបេ បាន​កើនឡើង​ជាបន្តបន្ទាប់ ដោយសារ​ការ​មានការលាតត្រដាង​ថា ការ​សម្លាប់​រូបលោក​អតីត​នាយក​រដ្ឋមន្ត្រី​មាន​ជាប់ពាក់ព័ន្ធ​រឿងរ៉ាវ រវាង​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​កំពុង​កាន់អំណាច និង​អង្គការ​វិហារ​បង្រួបបង្រួម​ដ៏​ចម្រូងចម្រាស​មួយ។

ខ្មាន់​កាំភ្លើង ដែល​ជា​ឃាតករ​សម្លាប់​លោក អាបេ ធ្លាប់​បាន​និយាយ​ថា រូបគេ​ខឹង​នឹង​អង្គការ​សាសនា​នេះ ដែល​បាន​បញ្ចុះបញ្ចូល​ម្តាយ​ខ្លួន​ឱ្យ​បរិច្ចាគ រហូត​ជាប់ផុង​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ។

ពិធីបុណ្យ​សព​របស់​លោក ​អាបេ នឹង​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ទៅ​នៅ​ថ្ងៃទី ២៧ ខែកញ្ញា ខាងមុខ។ គេ​រំពឹង​ថា ព្រះមហាក្សត្រ ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​អន្តរជាតិ​ជាច្រើន​រយ​នាក់ នឹង​ចូលរួម​ក្នុង​ពិធី​នេះ។

លោក​ អាបេ ត្រូវ​បាន​បាញ់សម្លាប់ កាលពី​ថ្ងៃទី ៨ ខែ កក្កដា ក្នុង​វ័យ ៦៧ ឆ្នាំ ពេល​កំពុង​ជួយ​ឃោសនា​ឱ្យ​បេក្ខជន​គណបក្ស​របស់​លោក សម្រាប់​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​ជប៉ុន។ ការ​សម្លាប់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​កាន់អំណាច​យូរ​ជាងគេ​នេះ ត្រូវ​បាន​ថ្កោលទោស​ជា អន្តរជាតិ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ទូទាំង​ជប៉ុន ដែល​ជា​ប្រទេស​មានកំណត់​ត្រា​អំពើ​ហិង្សា នយោបាយ និង​ឧក្រិដ្ឋ​កម្ម​កាំភ្លើង​តិចតួច​បំផុត​៕