The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហ្វាំងឡង់​សរសើរតួកគី​​ ដែល​ធ្លាប់ជូរចត់​នឹងគ្នា​លើ​​សមាជិកភាព​ណាតូ

ហ្វាំងឡង់​សរសើរតួកគី​​ ដែល​ធ្លាប់ជូរចត់​នឹងគ្នា​លើ​​សមាជិកភាព​ណាតូ

Content image - Phnom Penh Post
លោកប្រធានាធិបតី ហ្វាំង​​ឡង់ Sauli Niinisto ជួប​ជាមួយ​លោកអគ្គលេខាធិការ​ UN អង់តូនីញ៉ូ ហ្គុយតឺ​រេស នៅ​​ស្នាក់ការ​UN ក្នុង​ទីក្រុងញូវយ៉​ក​ កាលពី​ថ្ងៃទី​២០ កញ្ញា​។ AFP

ហ្វាំងឡង់​សរសើរតួកគី​​ ដែល​ធ្លាប់ជូរចត់​នឹងគ្នា​លើ​​សមាជិកភាព​ណាតូ

ប្រទេស​ហ្វាំង​ឡង់​​​ ដែល​ត្រូវ​បានតួកគី​​ប្រើសិទ្ធិ​វេតូ​​មិន​គាំទ្រ​ឱ្យ​ចូលជាសមាជិក​របស់​អង្គការ​​​សន្ធិសញ្ញា​​​អាត្លង់ទិក​ខាងជើង ហៅ​កាត់ «ណា​តូ» បាន​ងាក​មកល្អូកល្អើន​​ជាមួយ​​ប្រទេស​តួកគី​​​​វិញ​ លើ​​សមិទ្ធផល​ចុង​ក្រោយ​​ស្តី​ពីកិច្ច​ព្រម​ព្រៀង​នាំ​ចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន​​។​

​ក្នុង​​​​សន្ទរកថា​​ថ្លែង​ទៅ​កាន់​​​សន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី​៧៧ ​​នៅ​ទីក្រុងញូវយ៉ក ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto កាលពីថ្ងៃ​អង្គារ បានសរសើរសមភាគីតួក​គី លោក​ Recep Tayyip Erdogan និង​ប្រធា​នអង្គការ​សហប្រជាជាតិ Antonio Guterres «សម្រាប់​ការខិតខំ​ប្រឹងប្រែង​មិន​ចេះនឿយហត់​របស់​ពួកគេ»​ សម្រាប់​កិច្ចព្រម​ព្រៀង​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន។

លោក Sauli Niinisto ថ្លែង​ថា៖​ «​មាន​វិបត្តិ​ស្បៀងអាហារ​សកល​មួយ សូម្បីតែ​មុនពេល​ការ​លុកលុយ​​របស់​​រុស្ស៊ី​​ទៅ​កាន់​អ៊ុយ​ក្រែន​​ក៏ដោយ។ មនុស្ស​ជាង ៨០០​ លាន​នាក់ ​នៅលើ​ពិភពលោក​បានស្រេក​ឃ្លាន​រ៉ាំរ៉ៃ​។ សង្គ្រាម​​​ធ្វើ​ឱ្យ​រឿងនេះ​ ​កាន់តែអាក្រក់ទៅៗ»។

លោកលើក​ឡើង​បន្តថា៖​ «ខ្ញុំសូម​សរសើរ​អគ្គលេខាធិការអង្គការសហប្រជាជាតិ ​និង​ប្រធានាធិបតីតួក​គីសម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​មិន​ចេះនឿយ​ហត់​របស់​ពួកគេ​ក្នុង​ការឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ ដើម្បី​ធានាការ​ដឹកជញ្ជូនគ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន។ ប្រសិន​បើ​​អនុវត្ត​​ដូច​​ការ​ព្យាករ​​នោះ វា​​នឹង​មាន​​​ឥទ្ធិពល​​​​យ៉ាង​ខ្លាំង​​ដល់​ជីវិត​​មនុស្ស​រាប់​​សិប​លាន​នាក់​ដែល​ត្រូវ​ការ» ។

ដោយ​ថ្កោលទោស​សង្គ្រាម «ដ៏ឃោរឃៅ និងគ្មាន​ញញើត» របស់​រុស្ស៊ី​លើ​អ៊ុយក្រែន លោក​បាននិយាយថា «ឥទ្ធិពល​រលក​របស់សង្គ្រាម​... គឺទូលំទូលាយ និងធ្ងន់ធ្ងររួចទៅហើយ»​។

ប្រទេសតួកគី ​​ជា​សមាជិក​របស់​អង្គការ​ណា​តូ​​​ដែល​មិន​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំ​ងប្រទេសរុស្ស៊ី​ ទោះបី​ជា​ខ្លួ​ន​​ថ្កោលទោស​​ការឈ្លាន​ពាន​​របស់រុស្ស៊ី​លើ​ប្រទេសអ៊ុយក្រែន។ តួកគី ​ក៏​ជា សមា ជិក​ណា​តូ​តែ ១ គត់​ ដែល​បដិសេធ​​ការ​ចូល​ជាសមាជិកណាតូ​របស់​ប្រទេស​ហ្វាំងឡង់​ និង​ស៊ុយអែត​ ដោយ​ចោទ​ប្រកាន់​ប្រទេសទាំង ២ ​​​គាំទ្រ​ក្រុមសមកម្ម​ប្រយុទ្ធ​ឃើដ​ដែល​ប្រយុទ្ធ​នឹង​កងទ័ព​តួកគី​ នៅភាគខាងជើង​ប្រទេសស៊ីរី​។ ​

ប៉ុន្តែ​តាមដំណោះស្រាយការទូត​ ប្រទេសទាំង ៣ ​ក៏សម្រេចបានកិច្ច​ព្រមព្រៀង​​​យល់ព្រម​ឱ្យ​ប្រទេសស៊ុយអែត ​និង​ហ្វាំងឡង់ចូលជាសមាជិក​របស់អង្គការ​ណាតូ ​ដោយ​ពេលនេះ​ កំពុង​ដំណើរ​ការ​ផ្តល់សច្ចាប័ន​ពីរដ្ឋសភាពីប្រទេសនី​មួយៗ៕

អត្ថបទគួរចាប់អារម្មណ៍