The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បៃដិន៖ រុស្ស៊ី​គ្មាន​ថ្ងៃ​ឈ្នះ​សង្រ្គាម​នុយក្លេអ៊ែរ ដែល​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​នោះ​ទេ​

បៃដិន៖ រុស្ស៊ី​គ្មាន​ថ្ងៃ​ឈ្នះ​សង្រ្គាម​នុយក្លេអ៊ែរ ដែល​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​នោះ​ទេ​

Content image - Phnom Penh Post
លោក​ប្រធានាធិបតី ​ចូ បៃដិន ថ្លែង​នៅ​ក្នុង​សន្និសីទ​ការ​បំពេញ​បន្ថែមមូលនិធិ​សកល​លើកទី​៧ នៅ​ទីក្រុង​ញូវយ៉ក ​កាលពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា ។

បៃដិន៖ រុស្ស៊ី​គ្មាន​ថ្ងៃ​ឈ្នះ​សង្រ្គាម​នុយក្លេអ៊ែរ ដែល​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​នោះ​ទេ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ចូ បៃដិន​ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូវ​យ៉ក​ កាល​ពី​ថ្ងៃ​ពុធ​ ទី​ ២១ ខែ​កញ្ញា​ បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ​ ពូទីន ថា​​យក​អាវុធ​​នុយក្លេអ៊ែរ​មក​គំរាម​កំហែង​ហួស​ហេតុ​ ដោយ​មិន​​ប្រុង​ប្រយ័ត្ន​ និង​គ្មាន​ការទទួល​ខុស​ត្រូវ​ ហើយ​ថា​ ​រុស្ស៊ី​​គ្មាន​ថ្ងៃ​ឈ្នះ​សង្រ្គាម​នុយក្លេអ៊ែរ​ឡើយ។ ​​

លោក​ បៃដិន​ ថ្លែង​ថា​ មេ​ដឹក​នាំ​រុស្ស៊ី​បាន​​រំលោភ​បំពាន​លើ​​គោលការណ៍​ស្នូល​​នៃ​ធម្មនុញ្ញ​​របស់​អង្គការ​សហប្រជាជាតិ​។​ លោក​​​អះ​អាង​ថា​ លោក​ ពូទីន តែងប្រើ​នុយក្លេអ៊ែរ​គំរាមកំហែង​អ៊ុយក្រែន​ ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ទទួល​​ខុស​ត្រូវ​របស់ខ្លួន​ក្នុង​នាម​ជា​​ប្រទេស​ហត្ថលេខីនៃ​សន្ធិសញ្ញា​ស្តី​ពី​ការ​មិន​រីក​សាយ​ភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ​នោះឡើយ។​​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដដែល​ថ្លែង​ទៀត​ថា​៖ «​​ឥឡូវ​នេះ​ រុស្ស៊ី​កំពុង​​កេណ្ឌ​ទ័ព​បន្ថែម​ទៀត​ ដើម្បី​យក​ទៅ​ប្រយុទ្ធ​ ហើយ​វិមាន​ក្រឹមឡាំងនឹង​​រៀប​ចំ​​ការ​ធ្វើ​ប្រជាមតិ​ក្លែង​ក្លាយ​។​ ពិភព​លោក​គួរ​តែ​ឃើញ​អំពើ​ដ៏​អាក្រក់​ទាំង​នេះ​។​ គ្មាន​​នរណា​​គំរាម​​រុស្ស៊ី​​ទេ​ ហើយ​​​ក៏​​គ្មាន​​នរណា​​ក្រៅ​​ពី​​​រុស្ស៊ី​​ខ្លួន​ឯងដែរ​ ​ដែលឈ្មុល​​​រក​​ជម្លោះ​នោះ​​​»​។

បន្ថែម​ពី​លើ​នេះ​ លោក​ បៃដិន​ បានបញ្ជាក់​ជំហ​រដដែល​របស់​​អាមេរិក​ ​ដោយ​លើក​ឡើង​ថា​៖ «​យើង​នឹង​ឈរ​ជា​ធ្លុង​មួយ​ជាមួយ​អ៊ុយក្រែន​។ យើង​នឹង​ពួត​ដៃ​គ្នា​​​ប្រឆាំង​នឹង​ការ​លុកលុយ​​របស់​រុស្ស៊ី​»។ លោក​ បៃដិន​ គូស​បញ្ជាក់​ច្បាស់​ៗ​ថា​៖ «​សង្រ្គាម​នុយក្លេអ៊ែរ​មិន​អាច​មាន​ជ័យជម្នះ​​ ហើយ​ការ​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​នុយក្លេអ៊ែរ​មិន​ត្រូវ​កើត​មាន​ជា​ដាច់​ខាត​»។

​ប៉ុន្មាន​ថ្ងៃ​មុន លោក​ បៃដិន​ បាន​ព្រមាន​ទៅ​លោក​ ពូទីន​ ​ថា​ រុស្ស៊ី​នឹង​ទទួល​រង​នូវ​ផល​វិបាក​​នៃ​ការ​ឆ្លើយ​តប​របស់​អាមេរិក​ ប្រសិន​​បើ​​ប្រទេស​​នេះ​​ហ៊ាន​​​​ប្រើ​អាវុធ​នុយក្លេអ៊ែរ​គីមី​ ឬ​យុទ្ធសាស្ត្រ​ ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយក្រែន​។

យ៉ាង​ណា​ក៏​ដោយ​ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ទៅ​​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​​ដដែល​ លោក​ បៃដិន​ ​​អះអាង​ថា​៖ «​មិន​ថា​មាន​អ្វី​កើត​ឡើង​នៅ​លើ​ពិភព​លោក​ សហរដ្ឋ​​អាមេរិក​នៅ​តែ​ត្រៀម​ខ្លួន​រួច​រាល់ ​ក្នុង​ការ​​បន្ត​វិធាន​ការ​គ្រប់​គ្រង​អាវុធ​សំខាន់​ៗ​»​

សូម​បញ្ជាក់​ថា​ ការ​ថ្លែងយ៉ាង​ដូច្នេះ​​របស់​លោក​ បៃដិន​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​ បន្ទាប់​ពី​លោក​ ពូទីន​ ប្រកាស​កេណ្ឌ​ទ័ព​ជាង​ ៣០០​ ០០០ នាក់​ ដើម្បី​យក​ទៅ​ច្បាំង​នៅ​អ៊ុយក្រែន​ ហើយ​ថា​ រុស្ស៊ី​នឹង​ប្រើ​គ្រប់​អាវុធ​ដែល​ខ្លួន​មាន រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ​​ ដើម្បី​ប្រឆាំង​នឹង​​​ការ​គំរាម​កំហែង​​​ និង​ការ​ពារ​ប្រទេស​ និង​ប្រជាជន​របស់​ខ្លួន​ ​ហើយ​ «វា​​មិន​មែន​ជា​ការ​ព្រមាន​បំភាន់​នោះ​ទេ​»៕​

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍