The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រុស្ស៊ី​ចង់​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​នតាមរយៈ​ប្រជាមតិ ខណៈ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្តថ្កោលទោស​ដាច់អហង្ការ

រុស្ស៊ី​ចង់​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​នតាមរយៈ​ប្រជាមតិ ខណៈ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្តថ្កោលទោស​ដាច់អហង្ការ

Content image - Phnom Penh Post
អគ្គលេខាធិការអង្គការណាតូលោក Jens Toltenberg ។ AFP

រុស្ស៊ី​ចង់​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​នតាមរយៈ​ប្រជាមតិ ខណៈ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្តថ្កោលទោស​ដាច់អហង្ការ

សាធា​រណ​រដ្ឋ​ប្រជាមានិត​ដុនណិតស្ក៍ (DPR) និង​សាធា​រណ​រដ្ឋ​ប្រជាមានិត​លូហានស្ក៍ (LPR) បាន​ប្រកាស កាល​ពី​ថ្ងៃ​អង្គារ ទី​ ២០ ខែ​កញ្ញា​ថា ពួកគេ​ចង់​ធ្វើ​ប្រជាមតិ ដើម្បី​បំបែក​ចេញពី​អ៊ុយក្រែន និង​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី ចាប់ពី​ថ្ងៃទី​ ២៣ ដល់​ទី​ ២៧ ខែ​កញ្ញា ពោល​គឺ​ចាប់​ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

ផែនការ​នេះ ទទួល​បាន​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ប្រទេស​រុស្ស៊ី ដែល​ទទួល​ស្គាល់​ឯករាជ​ភាព​របស់​សាធា​រណ​រដ្ឋ​ផ្ដាច់ខ្លួន​ទាំង​ ២ មុន​ចាប់​ផ្ដើម​ប្រតិបត្តិការ​លុកលុយ​លើ​អ៊ុយក្រែន ដែល​ជា​ប្រទេស​មាន​អធិប​តេយ្យ​ភាព​ផ្ទាល់ខ្លួន។ ប៉ុន្តែ​តំបន់​ខឺសុន (Kherson) និង​ហ្សាប៉ូរីចា ដែល​រុស្ស៊ី​មិន​ទាន់​ទទួល​ស្គាល់​ឯករាជ្យ​នោះ ក៏​គ្រោង​នឹង​ធ្វើ​ដូច្នេះ នៅ​ថ្ងៃ​ជាមួយ​គ្នា​ផងដែរ។

ផែនការ​ដដែល ក៏​ទទួល​រង​នូវ​ការ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ពី​ប្រទេស​អ៊ុយក្រែន និង​លោក​ខាងលិច ដែល​អះអាង​ថា ការធ្វើ​ប្រជាមតិ​ខុសច្បាប់ ដែល​ជ្រោមជ្រែង ដោយ​អាជ្ញាធរ​រុស្ស៊ី នឹង​ក្លាយ​ជា​ការ​បង្ខិតបង្ខំ​លើទឹក​ដី ដែល​ប្រជាជន​អ៊ុយក្រែន​រាប់លាន​នាក់ បង្ខំ​ខ្លួន​រត់​ភៀសចេញ ដោយសារ​សង្គ្រាម​លុកលុយ។

អភិបាល​តំបន់​ខឺសុន លោក Vladimir Saldo ដែល​រុស្ស៊ី​លើក​បន្តុប បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ នៅ​ថ្ងៃ​អង្គារ​ថា​៖ «ខ្ញុំ​ប្រាកដថា ការ​បញ្ចូល​តំបន់​ខឺសុន​ទៅ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី នឹង​ធានា​បាន​នូវ​យុត្តិធម៌​ប្រវត្តិ​សាស្ត្រ​របស់​យើង»។ លោក​បន្ថែម​ថា៖ «វា​គឺ​ជា​ការ​សម្រេច​ចិត្ត​ចាំបាច់ ដើម្បី​ប្រឈម​មុខ​ភេរវកម្ម​របស់​កងកម្លាំ​ង​អ៊ុយក្រែន និង​ការផ្គត់ផ្គង់​សព្វា​វុធ​របស់​ណាតូ ដើម្បី​សម្លាប់​ជន​ស៊ីវិល នៅលើ​ទឹកដី​របស់​យើង»។

រុស្ស៊ី​គាំទ្រ​ផែនការ​នេះ បើ​ទោះបី​ជា​ខ្លួន​មិន​បាន​គ្រប់គ្រង​តំបន់​ណាមួយ​ពេញទី​ក្ដី ហើយ​សម្រាប់​តំបន់​ដុនណិតស្ក៍ រុស្ស៊ី​គ្រប់គ្រង​តែ​ប្រហែល ៦០% ​ប៉ុណ្ណេះ។ យ៉ាងណា​ក៏ដោយ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​អះអាង​បន្ទាប់​ពី​ការធ្វើ​ប្រជាមតិ ត្រូវបាន​ប្រកាស​ឡើង​ថា៖ «ចាប់​ពី​ប្រតិបត្តិការ​យោធា​ចាប់ផ្ដើម យើង​បាន​និយាយ​ថា ប្រជាជន​នៃ​ទឹកដី​រៀងៗខ្លួន គួរតែ​សម្រេច​ជោគ​វាសនា​របស់​ពួកគេ ហើយ​ស្ថានភាព​បច្ចុប្បន្ន​ទាំងមូល បាន​បញ្ជាក់ថា ពួកគេ​ចង់​ក្លាយជា​ម្ចាស់ការ​លើ​ជោគ​វាសនា​របស់​ខ្លួនឯង»។

ស្រដៀង​នឹង​គ្នា​នេះ លោក Dmmry Medvedev អតីត​ប្រធានា​ធិបតី​រុស្ស៊ី ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​រុស្ស៊ី បាន​គាំទ្រ​ការ​ផែនការ​នេះ​ដូចគ្នា ដោយ​លោក​គូស​បញ្ជាក់​ថា វា​នឹង​ផ្លាស់ប្តូរ​ផ្លូវ​នៃ​ប្រវត្តិសាស្ត្រ​រុស្ស៊ី និង​អនុញ្ញាតឱ្យ​រុស្ស៊ី​មាន​ជម្រើស​បន្ថែមទៀត សម្រាប់​ការពារ​ទឹកដី​រុស្ស៊ី។ លោក​និយាយថា៖ «ការរំលោភ​លើទឹក​ដី​របស់​រុស្ស៊ី គឺ​ជា​បទ​ឧក្រិដ្ឋ ដែល​អនុញ្ញាត​ឱ្យ​រុស្ស៊ី​ប្រើ​កម្លាំង​ការពារ​ខ្លួន។ នេះ​ជា​មូលហេតុ ដែល​ការ​ធ្វើប្រជាមតិ​ទាំងនេះ ធ្វើឱ្យ​អ៊ុយក្រែន និង​លោកខាង​លិច​ខ្លាច​រអា»។

ជំហាន​របស់​រុស្ស៊ី នាពេលនេះ ធ្វើឡើង​បន្ទាប់​ពី​កងទ័ព​លុកលុយ​របស់​ខ្លួន បាក់ទ័ព និង​បាត់បង់​ការ​គ្រប់គ្រង​លើទឹក​ដី​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ដែល​ខ្លួន​ដណ្ដើម​បាន។ ប្រសិនបើ​ផែនការ​នេះ សម្រេច​ជាផ្លែផ្កា នោះ​ភាព​តានតឹង​នៃ​សង្គ្រាម នឹង​កើន​កាន់តែ​ខ្លាំងឡើងៗ និង​អាច​មាន​លទ្ធភាព ដែល​រុស្ស៊ី ត្រូវ​ប្រឈម​ជាមួយ​យោធា​របស់​លោកខាងលិច ជាពិសេស​ណាតូ។

ជុំវិញ​បញ្ហា​នេះ អ៊ុយក្រែន​បាន​លើកឡើង​ថា ការ​យក​ការធ្វើ​ប្រជាមតិ​មក​គំរាមកំហែង​អ៊ុយក្រែន គឺជា «ភាព​ល្ងីល្ងើ» ហើយ​ជាសញ្ញា​ថា រុស្ស៊ី​កំពុង​ភ័យខ្លាច។ រដ្ឋ​មន្ត្រីការ​បរទេស​អ៊ុយក្រែន លោក ឌ្មីត្រូ គូឡេបា និយាយ​តប​ទៅនឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅពេល​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​ជាមួយ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield នៅ​ថ្ងៃ​អង្គារ​ថា​៖ «ជនជាតិ​រុស្ស៊ី​អាចធ្វើ​អ្វី ដែល​ពួកគេ​ចង់បាន ប៉ុន្តែ​វា​នឹង​គ្មានអ្វី​ប្រែប្រួល​ទេ»។

ក្នុងន័យ​ថា ទឹកដី​របស់​អ៊ុយក្រែន នៅតែ​ជា​របស់អ៊ុយក្រែន លោក គូឡេបា បាន​សរសេរ​បន្ថែម​នៅ​បណ្ដាញ​សង្គម​ធ្វីតធឺរ​បន្ថែមថា៖ «រុស្ស៊ី​គឺជា​អ្នក​លុកលុយ ដោយ​ខុសច្បាប់ ដោយ​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ទឹកដី​អ៊ុយក្រែន។ អ៊ុយក្រែន​មាន​សិទ្ធិ​គ្រប់យ៉ាង ក្នុងការ​រំដោះទឹកដី​របស់​ខ្លួន»។

កន្លងមក អ៊ុយក្រែន​អះអាង​ថា ខ្លួន​នឹងមិន​ឈប់​ប្រយុទ្ធ​ទេ ទាល់តែ​រុស្ស៊ី​ដកទ័ព​លុកលុយ​ចេញពី​ទឹកដី​របស់ខ្លួន ហើយ​ទទូចថា ខ្លួន​នឹង​មិន​ទទួលយក​ការគ្រប់គ្រង​របស់​រុស្ស៊ី​លើ​ទឹកដី​របស់ខ្លួន​ឡើយ ដោយ​ថែម​ទាំង​បន្ត​អំពាវនាវ​ឱ្យ​លោក​ខាងលិច​បន្ត​ផ្គត់ផ្គង់​សព្វាវុធ។

ប្រសិនបើ​ការធ្វើ​ប្រជាមតិ លើ​ទឹកដី​អ៊ុយក្រែន នឹង​ប្រព្រឹត្ត​ទៅ​តាម​ផែនការ វា​នឹង​អាចឱ្យ​រុស្ស៊ី​កាត់​យក​ទឹកដី​អ៊ុយក្រែន​ជា​ផ្លូវការ​បន្ថែម​ទៀត ដូចដែល​ខ្លួន​បានធ្វើ​ចំពោះ​តំបន់​គ្រីមា ក្នុង​ពី​ឆ្នាំ​២០១៤ ដែល​អ៊ុយក្រែន​ផ្ទាល់ និង​លោកខាងលិច បាន​ច្រានចោល ដោយ​ចោទ​ប្រកាន់​ថា ជា​ប្រជា​មតិ​ខុសច្បាប់ គ្មាន​តម្លាភាព និង​បង្ខិតបង្ខំ។

យ៉ាងណា​ក៏ដោយ អ្នកវិភាគ​មើលឃើញ​ថា ប្រជាមតិ​លើក​នេះ នឹង​បង្កើន​ហានិភ័យ​នៃ​ការ​ប្រឈមមុខ​យោធា​ដាក់គ្នា ដោយផ្ទាល់ រវាង​រុស្ស៊ី និង​សម្ព័ន្ធ​យោធា​របស់​ណាតូ ក្នុង​សេណារីយោ ដែល​លោក​ប្រធានា​ធិបតី​អាមេរិក លោក ចូ បៃដិន ធ្លាប់​បាន​ព្រមាន​ថា ជា​ផ្លូវ​ឆ្ពោះទៅ​សង្គ្រាមលោក​លើក​ទី​៣។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកល​វិទ្យាល័យ​អ៊ឺរ៉ុប នៅឯ​ទីក្រុង St. Petersburg លោក​ Grigorii Golosov បាន​មាន​ប្រសាសន៍ប្រាប់​កាសែត​ញូវយ៉កថែមស៍​ថា ការធ្វើ​ប្រជាមតិ​របស់​រុស្ស៊ី អាច​ជា​ការបើកផ្លូវ​ឱ្យ​រុស្ស៊ី​បង្កើន​ភាព​តានតឹង​ផ្នែក​យោធា​របស់ខ្លួន នៅ​អ៊ុយក្រែន និង​ជាការ​ខិតខំ​មួយ​របស់​រុស្ស៊ី ក្នុងការ​បន្លាច​រដ្ឋាភិបាល​លោក វ៉ូឡូ ឌីមៀរ ហ្សេលេនស្គី (ប្រធានាធិបតី​អ៊ុយក្រែន) និង​សម្ព័ន្ធ​មិត្ត​លោកខាងលិច។ លោក Golosov បន្ថែម​ថា វា​ជា​យន្តការ​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ ដូចជា​លោក ពូទីន បង្កើន​ភាព​តានតឹង ដើម្បី​បង្ខំ​ឱ្យ​អ៊ុយក្រែន​ចូល​តុ​ចរចា។

ប៉ុន្តែ​លើសពីនេះ អ្នកវិភាគ​អ៊ុយក្រែន លោក Volodymyr Fesenko ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឯករាជ្យ Penta ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​កៀវ បាន​ថ្លែងប្រាប់​សារព័ត៌មាន Euronews ថា ជំហាន​របស់​រុស្ស៊ី នាពេលនេះ ឆ្លុះបញ្ចាំង​ពី​ភាពទន់ខ្សោយ​របស់​វិមាន​ក្រឹមឡាំង ក្នុងការ​គ្រប់គ្រង​លើ​តំបន់ ដែល​ខ្លួន​កាន់កាប់ ដោយសារតែ​ប្រតិបត្តិការ​វាយបក​ដ៏​មាន​ប្រសិទ្ធភាព​របស់​អ៊ុយក្រែន ក្រោម​ជំនួយ​សព្វាវុធ​ពី​សម្ព័ន្ធមិត្ត។

នាពេលនេះ រុស្ស៊ី កំពុងកាន់​កាប់​ទឹកដី​អ៊ុយក្រែន​ទំហំ ៩០ ០០០ ​គីឡូម៉ែត្រ​ការ៉េ ឬ​ស្មើនឹង ១៥% នៃ​ផ្ទៃដី​សរុប​របស់​អ៊ុយក្រែន។ ហើយ​ខណៈដែល​ការធ្វើ​ប្រជាមតិ អាច​ធ្វើឱ្យ​មានការ​ប្រឈម​មុខ​ដាក់គ្នា ដោយ​កម្លាំងយោធា ជាមួយ​លោកខាងលិច សភា​ឌូម៉ា​របស់​រុស្ស៊ី កាលពី​ថ្ងៃ​អង្គារ បានធ្វើ​វិសោធន​កម្ម​ច្បាប់ ដោយ​កម្រិត​ការ​ដាក់ទោស​ពី ១០ ទៅ ១៥ ​ឆ្នាំ លើ​ទាហាន​ណា ដែល​រត់​ចេញពី​ជួរ ឬ​បដិសេធ​មិន​ធ្វើតាម​បញ្ជា​នៃ «ការ​កេណ្ឌ​ទ័ព» «ច្បាប់អាជ្ញាសឹក» និង​ក្នុងអំឡុង​ពេល​សង្គ្រាម។ វិសោធន​កម្មនេះ ធ្វើឡើង​មុនពេល ដែល​ការ​ធ្វើប្រជាមតិ នៅ​អ៊ុយក្រែន​ប្រកាសឡើង ដែល​ជំរុញឱ្យមាន​ការព្យាករ​ថា លោក ពូទីន អាច​ប្រកាស​សង្គ្រាម នៅ​អ៊ុយក្រែន ហើយ​ធ្វើការ​កេណ្ឌ​ទ័ព​ទូទាំង​ប្រទេស។

ចាប់តាំង​ពី​រុស្ស៊ី ចាប់ផ្ដើម​ការ​លុកលុយ​មក ការធ្វើ​ប្រជាមតិ​លើទឹក​ដី​អ៊ុយក្រែន គឺជា​ប្រធាន​បទ​ក្ដៅ ដែល​វិលវល់ៗ នៅក្នុង​ការពិភាក្សា​ដេញដោល​គ្នា ហើយ​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ មន្ត្រី​នៅក្នុង​តំបន់​អ៊ុយក្រែន ដែល​រុស្ស៊ី​គ្រប់គ្រង ទាំង​នៅ​ភាគខាងត្បូង និង​ភាគ​ខាងកើត បានទាមទារ​ថា ពួកគេ​ចង់​ធ្វើ​ប្រជាមតិ ដើម្បីឱ្យ​តំបន់​ទាំងនោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​ជា​ផ្លូវការ ទោះបីជា​វិមាន​ក្រឹមឡាំង មិនបាន​បង្ហាញ​ពី​ពេលវេលា​ច្បាស់លាស់ ឬ​ភាពជាក់លាក់​ណាមួយ ចំពោះ​ផែនការ​នេះ​ក្ដី។

យ៉ាងណា​ក៏ដោយ ក្រុម​អ្នកវិភាគ​ខ្លះ​មើលឃើញ​ថា ការចុះចាញ់​អ៊ុយក្រែន ក្នុង​សមរភូមិ​ប្រយុទ្ធ នៅ​ភាគ​ខាងកើត​មួយ​រយៈ​ចុងក្រោយ​នេះ បង្ខំ​ឱ្យ​លោក ពូទីន ពន្លឿន​ផែនការ​ប្រជាមតិ ខណៈ​ខ្លះទៀត លើកឡើង​ថា ប្រសិន​បើ​រុស្ស៊ី​អាច​កាត់​ទឹកដី​អ៊ុយក្រែន​តាមរយៈ​ការធ្វើ​ប្រជាមតិ នោះ​រុស្ស៊ី នឹង​អាច​ប្រើ​លេស រួមទាំង​អាវុធ​នុយក្លេអ៊ែរ (តាម​គោលការណ៍​នុយក្លេអ៊ែរ​របស់​រុស្ស៊ី) ដើម្បី​ការពារ​ទឹកដី និង​ប្រជាជន​របស់ខ្លួន បាន​យ៉ាង​ពេញ​ទំហឹង។

ឆ្លើយតប​នឹង​ជំហាន​ចុងក្រោយ​របស់​រុស្ស៊ី នៅពេលនេះ ប្រធាន​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​មេដឹកនាំ អាមេរិក លោក Jake Sullivan លើក​ឡើង កាលពី​ថ្ងៃ​អង្គារថា ផែន​ការ​ធ្វើប្រជាមតិ គឺជា​រឿង​អាម៉ាស់ សម្រាប់​រុស្ស៊ី ហើយ «សហរដ្ឋ​អាមេរិក នឹង​គ្មាន​ថ្ងៃ​ទទួលស្គាល់​ការទាមទារ​របស់​រុស្ស៊ី​លើ​ផ្នែក​មួយ ក្នុង​ទឹកដី​របស់​អ៊ុយក្រែន​ឡើយ» ។

បន្ថែម​ពីលើ​នេះ មន្ត្រី​ការ​បរទេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់អះអាង កាលពី​ថ្ងៃ​អង្គារ​ដូចគ្នា​ថា សហ​រដ្ឋ​អាមេរិក បានបញ្ជាក់​យ៉ាង​ច្បាស់​ថា រុស្ស៊ី​នឹង​បង្កើន​ផលវិបាក សម្រាប់​ខ្លួនឯង ប្រសិន​បើ​កងទ័ព​រុស្ស៊ី​បង្កើន​ការ​គ្រប់គ្រង​លើទឹក​ដី ដែល​ខ្លួន​ដណ្ដើមបាន​ពី​អ៊ុយក្រែន តាមរយៈ​ការ​លុកលុយ។ មន្ត្រី​ដដែល​បញ្ជាក់​ថា សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​ដៃគូ នឹង​ត្រៀមខ្លួន​ចូលរួម ក្នុងការ​បង្កើន​ភាព​តានតឹង​ណាមួយ​របស់​រុស្ស៊ី ប៉ុន្តែ​មិនបាន​បង្ហាញ​ព័ត៌មាន​អំពី​ផែនការ​បែបណា​មួយ​នោះទេ។

អគ្គលេខាធិការ​អង្គការ​ណាតូ​លោក Jens Toltenberg ដែល​ថ្កោលទោស​ផែន​ការធ្វើ​ប្រជាមតិ​នេះ​ថា ខុសច្បាប់​អន្តរ​ជាតិ និង​បង្កើន​ភាព​តានតឹង បាន​មាន​ប្រសាសន៍​ថា៖ «សហគមន៍​អន្តរ​ជាតិ ត្រូវតែ​ថ្កោលទោស​ការរំលោភ​ច្បាប់​អន្ដរជាតិ ដោយ​ឥត​លាក់លៀម [របស់​រុស្ស៊ី] និង​បង្កើន​ការគាំទ្រ​ដល់​អ៊ុយក្រែន»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍