អគ្គមេធាវី នៅក្រុងញូវយ៉កលោកស្រី Letitia James បានប្ដឹងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងកូនៗ ៣ នាក់របស់លោក ដោយបានចោទប្រកាន់ពីបទក្លែងបន្លំ និងការបំភាន់រកផលចំណេញទ្រង់ទ្រាយធំ តាមរយៈការបំប៉ោងតួលេខទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ និងចេញរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗ ដោយបំភ្លៃខុសពីការពិត។
ពាក្យបណ្ដឹងដាក់ជូនទៅតុលាការក្រុងញូវយ៉ក កាលពីថ្ងៃពុធ ទី ២១ ខែកញ្ញានេះ លោកស្រី James ចោទប្រកាន់អង្គការត្រាំ (Trump Organization) ថាបានបង្ខុសរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់លោកត្រាំ ចន្លោះពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២១។ ពាក្យបណ្ដឹងដដែល ក៏មានដាក់ឈ្មោះជនជាប់ចោទផ្សេងទៀត ដែលជាកូនប្រុស-ស្រីរបស់លោកត្រាំរួមមានលោក Donald Trump Jr. លោកEric Trump និងលោកស្រីIvanka Trump។
លោកស្រីអគ្គមេធាវី James ថ្លែង នៅឯសន្និសីទកាសែត កាលពីថ្ងៃពុធថា ការិយាល័យរបស់លោកស្រី បានរកឃើញភ័ស្តុតាងចំនួនជាង ២០០ ពីការវាយតម្លៃទ្រព្យសម្បត្តិដែលធ្វើឡើងដោយបំភាន់។ ពាក្យបណ្ដឹងរបស់លោកស្រី បានភ្ជាប់ថា របាយការណ៍ពីទ្រព្យសម្បត្តិចំនួន ២៣ របស់ត្រកូលត្រាំ ត្រូវបានបំប៉ោង និងក្លែងបន្លំ។
ពាក្យបណ្ដឹងដដែល បានចោទប្រកាន់ថា ការបំប៉ោងទ្រព្យសម្បត្តិរបស់លោក ត្រាំ ធ្វើឡើង ដើម្បីឱ្យធនាគារផ្ដល់ប្រាក់កម្ចីឱ្យក្រុមហ៊ុនរបស់លោក ព្រមទាំងបញ្ចុះបញ្ចូលក្រុមហ៊ុនធានារ៉ាប់រងឱ្យផ្តល់ការធានារ៉ាប់រង ដោយទាញយកប្រយោជន៍ពន្ធ និងគោលបំណងផ្សេងៗទៀត។
លោកស្រី James បានប្រាប់ទៀតថា ពាក្យបណ្ដឹងរបស់លោកស្រីសុំឱ្យមានការរារាំងជាអចិន្រ្ដៃយ៍ ចំពោះលោកត្រាំ និងកូនទាំង ៣ នាក់របស់លោក ពីការបម្រើការងារជាអ្នករដ្ឋការ ឬនាយកនៃសាជីវកម្ម ក្នុងទីក្រុងញូវយ៉កណាមួយ។
ពាក្យបណ្ដឹងនោះ ក៏មាននូវការហាមឃាត់ ចំពោះលោកត្រាំ និងអង្គការត្រាំ ពីការទិញអចលនទ្រព្យ ក្នុងទីក្រុងញូវយ៉ក រយៈពេល ៥ ឆ្នាំ និងសងប្រាក់ដែលខ្លួនរកបានពីការក្លែងបន្លំ សរុបប្រមាណ ២៥០ លានដុល្លារមកវិញ។
តែទោះយ៉ាងណាក៏ដោយ លោក ត្រាំ ដែលត្រៀមខ្លួន ក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ បានចំអកខ្លាំងៗទៅលោកស្រី James វិញថា៖ «លោកស្រី James ទេ គឺជាអ្នកក្លែងបន្លំ ដែលមានចេតនា ដើម្បី «ផ្ដួលត្រាំ» ក្នុងស្ថានភាព ដែលក្រុងញូវយ៉កស្ថិតក្រោមការឃ្លាំមើលរបស់លោកស្រីសម្បូរដោយការប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម និងឃាតកម្ម។
រីឯមេធាវីរបស់លោក ត្រាំ លោកស្រី Alina Habba អះអាងក្នុងសេចក្តីថ្លែងការណ៍មួយ ដោយហៅការចោទប្រកាន់ថា៖ «ការិយាល័យអគ្គមេធាវី (របស់លោកស្រី James) បានធ្វើលើសពីសិទ្ធិអំណាចច្បាប់របស់ខ្លួន»។
លោក ត្រាំ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាច្រើន ដោយកាលពីដើមខែសីហាកន្លងទៅ ទីភ្នាក់ងារស៊ើបអង្កេត FBI បានចុះឆែកឆេរផ្ទះរបស់លោកនៅរដ្ឋហ្វ្លរីដា និងរឹបអូសបានឯកសារសម្ងាត់របស់រដ្ឋាភិបាលចំនួនជាង ១០០ ដែលលោកត្រាំ បានយកទៅទុកនៅទីនោះ ដោយខុសច្បាប់ បន្ទាប់ពីអាណត្តិរបស់លោក ត្រូវបានបញ្ចប់។
លើសពីនេះទៀត អតីតប្រធានាធិបតីរូបនេះ ក៏ប្រឈមផងដែរនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្ម នៅរដ្ឋចចជា ជុំវិញការខិតខំប្រឹងប្រែងរបស់លោក ក្នុងការមិនព្រមទទួលស្គាល់លទ្ធផលឆ្នោត ក្នុងឆ្នាំ ២០២០ ប៉ុន្តែយ៉ាងណា លោកតែងតែច្រានចោលរាល់នូវការចោទប្រកាន់ទាំងអស់នោះ៕