The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៉ូលិស​ឃាត់ខ្លួន​ជាង ១ ពាន់នាក់ ក្នុង​បាតុកម្ម​ប្រឆាំង​ការ​កេណ្ឌទ័ព​បន្ថែម​ទៀត​របស់​លោក ពូទីន​

ប៉ូលិស​ឃាត់ខ្លួន​ជាង ១ ពាន់នាក់ ក្នុង​បាតុកម្ម​ប្រឆាំង​ការ​កេណ្ឌទ័ព​បន្ថែម​ទៀត​របស់​លោក ពូទីន​

Content image - Phnom Penh Post
ប៉ូលិស​ឃាត់ខ្លួន​ប្រជាពលរដ្ឋ ក្នុង​បាតុកម្ម​ប្រឆាំង​ការ​កេណ្ឌទ័ព​បន្ថែម​ទៀត​របស់​លោក ពូទីន​។ រូបថត AFP

ប៉ូលិស​ឃាត់ខ្លួន​ជាង ១ ពាន់នាក់ ក្នុង​បាតុកម្ម​ប្រឆាំង​ការ​កេណ្ឌទ័ព​បន្ថែម​ទៀត​របស់​លោក ពូទីន​

តាមរយៈ​ការអំពាវនាវ​របស់​មេ​ដឹកនាំ​ប្រឆាំង​នៅ​រុស្ស៊ី លោក Aleksei A. Navalny ដែល​កំពុងតែ​ជាប់​ឃុំ និង​ក្រុម​ប្រឆាំង​សង្គ្រាម Vesna ឬ Spring បាតុករ​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅ​ថ្ងៃ​ពុធ ទី ២១ ខែ​កញ្ញា​។ ជាការ​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍ អំពី​ការ​កេណ្ឌទ័ព​បន្ថែម​ចំនួន ៣០ ម៉ឺន​នាក់ តាមរយៈ​ក្រឹត្យ​មួយ ដែល​ចុះ​ហត្ថលេខា​ចូល​ជាធរមាន នៅ​ថ្ងៃ​ពុធ​នោះ​តែម្ដង។

​ក្នុង​បាតុកម្ម​ដែល​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​ចំនួន ៣៨ របស់​រុស្ស៊ី ក្រុម​ប៉ូលិស បាន​ចាប់​ខ្លួន​បាតុករ​ចំនួន ១ ២៥២ នាក់​។ នេះ​បើតាម​សេចក្ដី​រាយការណ៍​ពី​ក្រុម​អ្នក​សិទ្ធិ​មនុស្ស ដែល​តាម​ដាន​ការវិវឌ្ឍ​ចុងក្រោយ​នៅ​រុស្ស៊ី​យ៉ាង​យកចិត្ត​ទុកដាក់។​

​នៅ​ក្រុង​ម៉ូស្គូ បាតុករ​រាប់រយ​នាក់ ប្រមូល​ផ្ដុំគ្នា នៅ​ដង​វិថី Old Arbat កណ្ដាល​ក្រុង​តែម្ដង ដោយ​អ្នក​ទាំងនោះ នាំគ្នា​ស្រែក​ពាក្យស្លោក​ជាច្រើន ដែល​មាន​ខ្លឹមសារ​ថា​៖ «​បញ្ជូន​លោក ពូទីន ទៅ​លេណដ្ឋាន​ឱ្យ​បាត់ទៅ ហើយ​ទុកឱ្យ​កូនចៅ​របស់​ពួកគេ​រស់នៅ​ដោយ​ស្ងប់​សុខ!» ។ ក្នុង​ឃ្លីប​វីដេអូ​នៃ​ព្រឹត្តិការណ៍​នេះ គេ​ឃើញ​ក្រុម​ប៉ូលិស​ប្រើ​កម្លាំង​លើ​ក្រុម​បាតុករ ដោយ​អូស​ពួកគេ​ចេញ​ពី​ការ​ប្រមូលផ្ដុំ។​

​ចំណែក​នៅ​ក្រុង Tomsk ស្ដ្រី​ម្នាក់ លើកស្លា​កថា​៖ «​ឱប​ខ្ញុំ​បាន បើ​អ្នក​ក៏​ភ័យខ្លាច​ដូចគ្នា» ។ ហើយ​ទោះ​ត្រូវ​ប៉ូលិស ៣ នាក់​អូស​ចេញ​ពី​ការ​ជួបជុំ ១ ក្រុម​តូច​របស់​នាង​ក៏ដោយ ក៏​នាង​នៅតែ​រក្សា​ស្នាម​ញញឹម​ជានិច្ច​។ នៅ​ក្រុង Novosibirsk ដែលជា​ទីក្រុង​ដ៏ធំ​បំផុត ១ របស់​រុស្ស៊ី អ្នក​តវ៉ា​ម្នាក់ ស្រែក​ក្ដែងៗ​ថា​៖ «​ខ្ញុំ​មិន​ចង់​ស្លាប់ ដើម្បី​ពូទីន និង​ដើម្បី​អ្នក​នោះទេ​!» មុន​នឹង​រូបគេ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដែរ។​

​ការប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម គឺជា​អំពើ ដែល​ងាយ​នឹង​ទាញ​ភ្ជាប់​នឹង​បទឧក្រិដ្ឋ​បំផុត នៅ​រុស្ស៊ី​។ របាយការណ៍​ពី​ក្រុម អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ដដែល​បង្ហាញ​ថា កាល​ពី​សប្ដាហ៍​មុនៗ មនុស្ស​ចំនួន ១៦ ៥០០ នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ដោយសារ​សកម្មភាព​ប្រឆាំង​នឹង​សង្គ្រាម​។ ខ្លះ​ជា​សកម្មភាព​តូចតាច​បំផុត ដូចជា​ឈរ​តែ​ម្នាក់ឯង នៅ​ទីសាធារណៈ ដោយ​កាន់​ក្រដាស​ស ១ សន្លឹក​តែប៉ុណ្ណោះ​។ ក្នុង​ខែមីនា សកម្មភាព​តិចតួច​អស់​ទាំង​នេះ ត្រូវបាន​រដ្ឋ​រុស្ស៊ី​ចាត់ទុក​ថា ជា «​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​សង្គ្រាម» ដែល​ធ្វើឱ្យ «​ខូចខាត​ដល់​មុខមាត់​កងទ័ព​រុស្ស៊ី»។​

​ជាការ​កត់សម្គាល់ ប្រជាជន​រុស្ស៊ី​ហ៊ាន​ចេញមុខ​តវ៉ា​ប្រឆាំង​នឹង​ការ​កេណ្ឌទ័ព​បន្ថែម​របស់​លោក​ពូទីន ទោះ​ការិយាល័យ​រដ្ឋអាជ្ញា​រុស្ស៊ី ចេញ​សេចក្ដី​ព្រមាន កាល​ពី​ថ្ងៃ​ពុធ ទី ២២ ខែ​កញ្ញា​ថា អ្នក​ដែល​ប្រមូលផ្ដុំ​តវ៉ា អាច​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូតដល់ ១៥ ឆ្នាំ​ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតពី «​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន» ដែល​ត្រូវបាន​ចាត់​ជា​បទឧក្រិដ្ឋ ក្នុង​ខែកុម្ភៈ។​

​ក្រឹត្យ​របស់លោក ពូ​ទីន អំពី​ការ​កេណ្ឌ​ទ័ព​បន្ថែមចំនួន ៣០ ម៉ឺន​នាក់ ដើម្បី​ជា​កម្លាំង​បន្ថែម​សម្រាប់​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន ធ្វើឱ្យ​ពលរដ្ឋ​រុស្ស៊ី​មិន​សប្បាយចិត្ត និង​ខ្លះ​មាន​ទំនោរ​ប្រឆាំង​តែម្ដង​។ នោះ​ក៏​ព្រោះតែ​បុរស​រុស្ស៊ី​ភាគច្រើន ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ ដល់ ២៧ ឆ្នាំ ត្រូវ​ជាប់​កាតព្វកិច្ច​យោធា ដែល​បាន​កំណត់​ដោយ​ច្បាប់។​

​រដ្ឋមន្ដ្រី​ការពារជាតិ​រុស្ស៊ី លោក Sergei K. Shoigu ធ្លាប់បាន​បញ្ជាក់ថា មាន​តែ​អ្នក ដែល​មាន​បទពិសោធ​យោធា​ពី​មុន​ទេ ទើបត្រូវ​កេណ្ឌ​យកទៅ​សមរភូមិ​។ ប៉ុន្តែ​កន្លង​មក​នេះ កងទ័ព​រុស្ស៊ី​រាប់ពាន់​នាក់ ដែល​ស្លាប់​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​សហគមន៍​អន្ដរជាតិ​វាយ​តម្លៃ​ថា ដោយសារ​អ្នក​ទាំង​នោះ ខ្វះ​បទពិសោធ​ក្នុង​សមរភូមិ និង​ខ្លះ​ទៀត មិន​ទាំង​បាន​ឆ្លងកាត់​ហ្វឹកហ្វឺន​ផ្នែក​យោធា​ឱ្យបាន​ត្រឹមត្រូវ​ទៀតផង។​

​ក្រោយ​លោកពូ​ទីន​ប្រកាស​ពី​ការ​កេណ្ឌ​ទ័ព​បន្ថែម មេ​ប្រឆាំង នៅ​រុស្ស៊ី លោក Navalny បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់មតិ ១ របស់​អង្គការ​លោក ដែល​សាកសួរ​ពី​ប្រតិកម្ម​របស់​ពលរដ្ឋ​អំពី​ការ​កេណ្ឌទ័ព​នេះ។

លទ្ធផល​បង្ហាញថា ជិត​ពាក់កណ្ដាល​នៃ​អ្នក​ដែល​ត្រូវបាន​សាកសួរ មិន​យល់​ស្រប​ចំពោះ​ទង្វើ​នេះ​ទេ៕

អត្ថបទគួរចាប់អារម្មណ៍