ពលរដ្ឋ​រុស្ស៊ី​មួយចំនួន ជាពិសេស​បុរសបាន​ប្រញាប់ប្រញាល់​រត់​ភៀសខ្លួន​ទៅកាន់​តំបន់​ជាប់​ព្រំដែន ហើយ​អ្នក​ខ្លះទៀត​ហោះហើរ​ចេញពី​ប្រទេស​តាម​យន្តហោះ បន្ទាប់ពី​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រកាស​កេណ្ឌ​ទ័ព ៣ ​សែន​នាក់ ទៅ​ជួយ​ច្បាំង​នៅ​អ៊ុយ​ក្រែ​ន​។​

​វិមាន​ក្រឹម​ឡាំងនិយាយថា​ របាយការណ៍​អំពី​ការរត់​ភៀសខ្លួន​របស់​ពលរដ្ឋ​រុស្ស៊ី​ដែល​គ្រប់​វ័យ​បម្រើ​ក្នុង​ជួរ​កងទ័ព ​គឺជា​ការ​បំផ្លើស​។ ប៉ុន្តែនៅតាម​ព្រំដែន​ជាមួយ​ហ្ស​ក​ហ្ស៊ី គេ​ប្រទះឃើញ​ជួរ​រថយន្ត​ដែលមាន​ប្រវែង​រាប់​ម៉ា​យល៍​កំពុង​បន្តកន្ទុយ​គ្នា រួមមាន​ទាំង​ក្រុម​បុរសៗ​រុស្ស៊ី​ដែល​កំពុង​ព្យាយាម​រត់គេច​ពី​ការ​កេណ្ឌ​យកទៅ​ធ្វើសង្គ្រាម​ផងដែរ​។

​សាក្សី​ខ្លះ បាន​ប៉ាន់​ស្មានថា​ជួរ​រថយន្ត​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​រវាង​ព្រំដែន​រុស្ស៊ី​-​ហ្ស​ក​ហ្ស៊ី នៅ Upper Lars មាន​ប្រវែង​ប្រមាណ ៥ ​គីឡូម៉ែត្រ (៣ ម៉ា​យល៍​) ខណៈដែល​អ្នក​ខ្លះទៀត​និយាយថា គេ​ត្រូវ​ចំណាយពេល​ខ្ទង់ ៧ ​ម៉ោង ដើម្បី​ឆ្លងកាត់​ព្រំដែន​។​

​រីឯ ជើងហោះហើរ​ចេញពី​រុស្ស៊ី​បាន​ពេញ​កាលពី​ថ្ងៃ​ពុធ ហើយ​តម្លៃ​សំបុត្រ​យន្តហោះ​វិញ បាន​ហក់​ឡើង​លឿន​ស្លេវ ដោយហេតុ​មាន​ពលរដ្ឋ​រុស្ស៊ី​ជាច្រើន​បាន​ព្យាយាម​ចាកចេញ​ពី​ប្រទេស​។ ទិន្នន័យ​របស់ Aviasales ដែលជា​គេហទំព័រ​កក់​សំបុត្រ​យន្តហោះ​ដ៏​ពេញនិយម​បំផុត​របស់​រុស្ស៊ីបង្ហាញថា​ ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​មូ​ស្គូ​ទៅកាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី និង​រដ្ឋធានី​យ៉េ​រ៉េ​វ៉ាន់​របស់​អា​មេ​នី កាលពី​ថ្ងៃ​ពុធ​ត្រូវបាន​លក់​អស់​គ្មាន​សល់ ខណៈដែល​ប្រទេស​តួ​ក​គី​និង​អា​មេ​នី អនុញ្ញាតឱ្យ​ជនជាតិ​រុស្ស៊ី​ចូល​ដោយ​គ្មាន​ទិដ្ឋាការ​។​

​គួររំឭកថា នៅ​ថ្ងៃ​ពុធ​ទី ២១ ​កញ្ញា ២០២២​ នេះ លោក​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ ប្រកាស​កេណ្ឌ​ទ័ព​ចំនួន ៣ ​សែន​នាក់ ទៅ​ជួយ​ក្នុង​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​។ វិមាន​ក្រឹម​ឡាំង និយាយថា មានតែ​ពលរដ្ឋ​រុស្ស៊ី​ដែល​ធ្លាប់បាន​បំពេញ​កាតព្វកិច្ច​យោធា មាន​ជំនាញ​ពិសេស និង​មាន​បទពិសោធ​ប្រយុទ្ធ​ប៉ុណ្ណោះ ដែល​ត្រូវ​កេណ្ឌ​ឱ្យជួយ​ជា​កម្លាំង​ទ័ព​។​

​សេចក្តីប្រកាស​នេះ បាន​បង្កឱ្យមាន​ការតវ៉ា​នៅក្នុង​ទីក្រុង​ធំៗ​របស់​រុស្ស៊ី រួមមាន​ទីក្រុង​មូ​ស្គូ និង​សាំង​ពេ​ទឺ​ប៊ឺ​គ (St Petersburg) រហូត​បណ្តាលឱ្យ​មានកា​រ​ចាប់ខ្លួន​បាតុករ​ប្រមាណ ១ ៣០០ ​នាក់​ទៀតផង​៕