The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ្សេឡេនស្គី អំពាវនាវ​ឱ្យ​ប្រជាជន​រុស្ស៊ី​ប្រឆាំងនឹង​ការបញ្ជា​កេណ្ឌ​ទ័ព​របស់ លោក ពូ​ទីន

លោក ហ្សេឡេនស្គី អំពាវនាវ​ឱ្យ​ប្រជាជន​រុស្ស៊ី​ប្រឆាំងនឹង​ការបញ្ជា​កេណ្ឌ​ទ័ព​របស់ លោក ពូ​ទីន

Content image - Phnom Penh Post
ស្ត្រីម្នាក់លើបដា​ប្រឆាំងនឹង​ការបញ្ជា​កេណ្ឌ​ទ័ព​របស់ លោក ពូ​ទីន នៅកណ្ដាលទីក្រុងម៉ូស្គូ កាលពីថ្ងៃទី ២២ ខែកញ្ញា។ រូបថត AFP

លោក ហ្សេឡេនស្គី អំពាវនាវ​ឱ្យ​ប្រជាជន​រុស្ស៊ី​ប្រឆាំងនឹង​ការបញ្ជា​កេណ្ឌ​ទ័ព​របស់ លោក ពូ​ទីន

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែ​កញ្ញា បាន​អំពាវនាវ​ឱ្យ​ប្រជាជន​រុស្ស៊ី ប្រឆាំង​តវ៉ា​នឹង​បទបញ្ជា​កេណ្ឌ​ទ័ព ៣​ សែន​នាក់ របស់​មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូទីន ចំពេល​មាន​បាតុកម្ម​តវ៉ា​នឹង​ការ​កេណ្ឌ​ទ័ព និង​ការ​ភៀសខ្លួន​របស់​ប្រជាជន​រុស្ស៊ី​ទ្រង់ទ្រាយ​ធំ​។

លោក ហ្សេឡេនស្គី ថ្លែង​ក្នុង​សេចក្ដី​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​លោក​ថា​៖ «ត្រឹមតែ​ ៦ ​ខែ ទាហាន​រុស្ស៊ី ៥៥ ០០០ នាក់ បាន​ស្លាប់​ក្នុង​សង្គ្រាម​»​ ។ បើទោះ បីជា​ចំនួន​នេះ ខុស​ឆ្ងាយ​ពី​តួលេខ​របស់​ក្រសួង​ការពារជាតិ​រុស្ស៊ី​ក្ដី លោក ហ្សេឡេនស្គី បន្ត​ថា​៖ «​ចង់​ទៅ​ស្លាប់​ថែម​ទៀត​? បើ​អត់​ទេ ត្រូវ​ប្រឆាំង​តវ៉ា រត់ចេញ ឬ​ចុះចូល ជាមួយ​ទ័ព​អ៊ុយក្រែន​។ អ្នក​ទាំងអស់គ្នា (ប្រជាជន​រុស្ស៊ី) គ្មាន​ជម្រើស​អ្វី​ផ្សេង ដើម្បី​រស់​នោះ​ទេ​» ។

មេដឹកនាំ​អ៊ុយក្រែន​ដដែល​លើកឡើង​ទៀត​ថា​៖ «​ដោយសារ​តែ​អ្នក​ទាំងអស់​គ្នា​នៅ​ស្ងៀម អ្នក​ទាំងអស់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឃាតកម្ម និង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​អ៊ុយក្រែន​» ។

លោក ហ្សេឡេនស្គី បន្ថែម​ទាំង​មុតមាំ​ថា​៖ «​ឥឡូវ​នេះ​ដល់ពេល​ដែល​អ្នក​ត្រូវធ្វើ​ការ​ជ្រើសរើស​។ សម្រាប់​បុរសៗ​រុស្ស៊ី វា​គឺជា​ជម្រើស​ស្លាប់ រស់ ថា​ខ្លួន​ចង់បាន​សុខភាព​ល្អ​រស់នៅ​សុខស្រួល ឬ​ពិការ​ខ្ទេចខ្ទាំ​។ ហើយ​សម្រាប់​ស្ត្រីៗ​រុស្ស៊ី ជម្រើស​របស់​អ្នក​ទាំងអស់គ្នា គឺ​ត្រូវ​សម្រេច​ចិត្ត​ថា ត្រូវ​ព្រាត់ប្រាស់​ប្ដី កូន ចៅ​ជា​រៀងរហូត ឬក៏​ត្រូវការពារ​ពួកគេ​មិន​ឱ្យទៅ​ស្លាប់​ក្នុង​សង្គ្រាម​របស់​លោក ពូទីន​» ។

ការ​អំពាវនាវ​បែប​ចំអក​បែបនេះ​របស់​លោក ហ្សេឡេនស្គី ធ្វើឡើង​ ១ ​ថ្ងៃ បន្ទាប់ពី​លោក ពូ​ទីន ប្រកាស​ពី​ការ​កេណ្ឌ​ទ័ព​បម្រុង ៣ សែន​នាក់ ដើម្បី​យក​ទៅ​ច្បាំង​ជាមួយ​អ៊ុយក្រែន​។ កំណែន​នេះ បង្ក​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​ប្រទេស រួមទាំង​បាតុកម្ម​ប្រឆាំង​តវ៉ា និង​ការ​ភៀសខ្លួន​។

មនុស្ស​ជាង ១ ៣០០ ត្រូវបាន​ប៉ូលិស​រុស្ស៊ី​ចាប់ខ្លួន ក្នុងការ​ប្រឆាំង​តវ៉ា​ទូទាំង​ប្រទេស ខណៈ​មាន​សេចក្ដី​រាយការណ៍​ផ្សេង​ទៀត​ថា ព្រលាន​យន្តហោះ​ចេញ​ត្រូវ​កកស្ទះ ខណៈ​សំបុត្រ​យន្តហោះ​ក៏​ឡើងថ្លៃ​កប់​ពពក ដោយសារតែ​ការ​រត់គេច​ចេញទៅ​ក្រៅ​ស្រុក បន្ទាប់ពី​កំណែន​ទ័ព​ត្រូវបាន​ប្រកាសឡើង​។ ទោះយ៉ាងណា​ក៏ដោយ រុស្ស៊ី​ហៅ​ការ​តវ៉ា​របស់​ប្រជាជន​ថា​ខុសច្បាប់ និង​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច ហើយ​ថា ព័ត៌មាន​ដែល​ថា ពលរដ្ឋ​រុស្ស៊ី​គ្រប់​អាយុ​បម្រើ​ទាហាន​នាំគ្នា​រត់ចេញ​ពី​ស្រុក​នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ​៕

អត្ថបទគួរចាប់អារម្មណ៍