The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិកដាក់​ទណ្ឌកម្ម​ប៉ូលិស​សីលធម៌​អ៊ីរ៉ង់ ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​បំពាន​ស្ដ្រី

អាមេរិកដាក់​ទណ្ឌកម្ម​ប៉ូលិស​សីលធម៌​អ៊ីរ៉ង់ ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​បំពាន​ស្ដ្រី

Content image - Phnom Penh Post
ប្រជាពលរដ្ឋមានការ​ខឹង​សម្បា​ជា​សាធារណៈ​នៅ​អ៊ីរ៉ង់ ដោយសារ​តែ​ការ​ស្លាប់​របស់​នាង ម៉ាសា អាមីនី (Mahsa Amini) ដើម​កំណើត​គួដ កាលពី​សប្តាហ៍​មុន។ រូបថត AFP

អាមេរិកដាក់​ទណ្ឌកម្ម​ប៉ូលិស​សីលធម៌​អ៊ីរ៉ង់ ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​បំពាន​ស្ដ្រី

សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ​កញ្ញា បាន​ដាក់​ទណ្ឌកម្ម​លើ​ប៉ូលិស​សីលធម៌​របស់​អ៊ីរ៉ង់ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​បំពាន​លើ​ស្ត្រី​អ៊ីរ៉ង់ ហើយ​អះអាង​ថា អង្គភាព​នេះ​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការស្លាប់​របស់​នារី​វ័យ ២២ ឆ្នាំ​ម្នាក់ ក្នុង​មន្ទីរ​ឃុំឃាំង ដែល​បង្ក​ឱ្យ​មាន​បាតុកម្ម​តវ៉ា​ទូទាំង​ប្រទេស​។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ក៏​បាន​ចោទប្រកាន់​ផងដែរ​ទៅលើ​ប៉ូលិស​សីលធម៌​ដដែល ថា​បាន​រំលោភសិទ្ធិ​អ្នក​តវ៉ា​ដោយ​សន្តិវិធី ហើយ​អះអាង​ថា ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា និង​សន្តិសុខ​ជាន់ខ្ពស់​អ៊ីរ៉ង់​ចំនួន​ ៧ ​រូបរួម​ទាំង​ប្រធាន​កងកម្លាំង​ជើងគោក​របស់​កងទ័ព​អ៊ីរ៉ង់​ផងដែរ​។

គួរ​បញ្ជាក់​ថា ការ​ខឹង​សម្បា​ជា​សាធារណៈ​នៅ​អ៊ីរ៉ង់ បាន​ផ្ទុះ​ឡើង​ដោយសារ​តែ​ការ​ស្លាប់​របស់​នាង ម៉ាសា អាមីនី (Mahsa Amini) ដើម​កំណើត​គួដ កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ប៉ូលិស​សីលធម៌​ក្នុង​ទីក្រុង​តេហេរ៉ង់​ចាប់ខ្លួន ពី​បទ «​ពាក់​ហ៊ីចាប​បញ្ចេញ​សក់​មិន​សមរម្យ​»​។ នាង​អាមីនី បាន​សន្លប់​នៅ​មន្ទីរ​ឃុំឃាំង មុន​ពេល​ប៉ូលិស ប្រកាស​ថា​នាង​ស្លាប់​ដោយសារ​គាំង​បេះដូង ប៉ុន្តែ​មាន​សេចក្ដី​រាយការណ៍​ជាច្រើន ថា​ប៉ូលិស​នៅ​មន្ទីរ​ឃុំឃាំង បាន​វាយដំ​នាង​រហូតដល់​ដួល​សន្លប់ ហើយ​ស្លាប់ ខណៈ​ម្ដាយ​របស់​នាង​អះអាង​ថា កូនស្រី​របស់​ខ្លួន​គ្មាន​ជំងឺ​បេះដូង​នោះទេ​។

លេខាធិការ​រតនាគារ​អាមេរិក លោកស្រី ចានេត យ៉េឡេន (Janet Yellen) អះអាង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​នាង ម៉ាសា អាមីនី គឺជា​នារី​ក្លាហាន​ម្នាក់ ដែល​ស្លាប់​នៅក្នុង​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស​សីលធម៌ ដោយសារ​តែ​អំពើ​ឃោរឃៅ​របស់​កងកម្លាំង​សន្តិសុខ​របស់​អ៊ីរ៉ង់ ប្រឆាំង​នឹង​ប្រជាជន​របស់ខ្លួន​» ។

ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អង់តូនី ប្ល៊ីងកែន បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ផ្សេង​ទៀត​ថា​៖ «​រដ្ឋាភិបាល​អ៊ីរ៉ង់ ចាំបាច់​ត្រូវ​បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​ប្រព័ន្ធ​លើ​ស្ត្រី និង​អនុញ្ញាត​ឱ្យមាន​ការ​តវ៉ា​ដោយ​សន្តិវិធី​» ។

ការ​ស្លាប់​របស់​នាង អាមីនី បាន​បំផ្ទុះ​បាតុកម្ម​តវ៉ា​ដ៏​ធំ​បំផុត ចាប់តាំង​ពី​បាតុកម្ម​ទាក់ទង​នឹង​ឥន្ធនៈ​ឡើង​ថ្ងៃ​ក្នុង​ឆ្នាំ ២០១៩ ហើយ​មកទល់​ថ្ងៃ​ព្រហស្បតិ៍ ២២ ​កញ្ញា​នេះ ស្ថានភាព​នៃ​កំហឹង​តវ៉ា មិនទាន់​មាន​សញ្ញា​ធូរស្រាល​នៅឡើយ​ទេ ទាំង​នៅ​រដ្ឋធានី​តេហេរ៉ង់ និង​ទីក្រុង​ធំៗ និង​ក្រុង​ផ្សេង​ទៀត​ទូទាំង​ប្រទេស​។

តាំងពី​បាតុកម្ម​ចាប់ផ្ដើម​នៅ​ថ្ងៃទី ១៦ ខែ​កញ្ញា​មក មាន​វីដេអូ​ជាច្រើន​ដែល​ត្រូវបាន​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម បង្ហាញ​ថា ក្រុម​អ្នកតវ៉ា​ជា​ស្ត្រី បាន​តវ៉ា​ដោយ​កាត់សក់​ខ្លួនឯង និង​ដុត​ហ៊ីចាប (​ស្បៃ​រុំ​ក្បាល​) ដែល​ពួកគេ​ពាក់​នៅលើ​ភ្នក់ភ្លើង​កណ្ដាល​ហ្វូង​បាតុករ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​បាតុករ បាន​ដុត​បុស្តិ៍​ប៉ូលិស និង​រថយន្ត​នៅតាម​ទីក្រុង​នានា ខណៈ​ដែល​មាន​ការ​ប៉ះ​ទង្គិច​ផ្សេងៗ​គ្នា​ហិង្សា​នៅតាម​កន្លែង​ជាមួយ​ក្រុម​ប៉ូលិស​។ មន្ត្រី​អ៊ីរ៉ង់​ថា អ្នកស្លាប់​ក្នុង​បាតុកម្ម​មាន​ត្រឹម ១៧ នាក់ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​មួយ​របស់​ប្រទេស​អះអាង​ថា ការ​ប៉ះទង្គិច​គ្នា រួមទាំង​ការបាញ់​គ្រាប់​ពិត​ពី​ប៉ូលិស បាន​សម្លាប់​មនុស្ស ៣១ រួច​មក​ហើយ​។

ខណៈ​ដែល​ភាព​ចលាចល​បន្ត​ពុះកញ្ជ្រោល រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បិទ​អ៊ិនធឺណិត​ក្នុង​ប្រទេស​ស្ទើរតែ​ទាំងស្រុង ហើយ​ប្រជាជន​អ៊ីរ៉ង់​ឥឡូវ​នេះ មិន​អាច​ចូល​ប្រើ​អ៊ីនស្ដាក្រាម ឬ WhatsApp បាន​ទេ​៕

អត្ថបទគួរចាប់អារម្មណ៍