កិច្ច​ប្រជុំ​ដ៏​កម្រ​មួយ​រវាង​ប្រមុខ​ការ​ទូត​អាមេរិក​លោក អង់តូនី ប្ល៊ីងកែន និង​សមភាគី​ចិន​លោក វ៉ាង យី កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើ​ង​នៅ​ថ្ងៃទី ២៣ ខែ​កញ្ញា ឆ្នាំ ២០២២ នេះ។ ជា​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​ចំ​ពេល​មាន​ភាព​តានតឹង​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ កាន់​តែ​ខ្លាំង​វិញ​សំណុំ​រឿង​កោះ​តៃវ៉ាន់។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​អាមេរិក​ឱ្យ​ដឹង​ថា លោក ប្ល៊ីងកែន និង​លោក វ៉ាង យី នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយ​ឡែក​នៅ​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញ៉ូវយក នៃ​សហរដ្ឋអាមេរិក។

សម្រាប់​ក្រសួង​ការបរទេស​អាមេរិក ជំនួប​លើក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​បង្ហាញ​ពី​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​អាមេរិក​ដោយ​បើក​ចំហ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ប្រកួតប្រជែង​រវាង​ប្រទេស​មហា​អំណាច​ទាំង ២ ធ្វើ​ឡើង​ដោយ​ការ​ទទួល​ខុស​ត្រូវ។

នេះ​ជា​កិច្ចប្រជុំ​ផ្លូវ​ការ​ដ៏​កម្រ​មួយ​របស់​ប្រមុខ​ការ​ទូត​នៃ​ប្រទេស​ទាំង​ ២ ក្រោយ​រង​ការ​ប៉ះទង្គិច​ខ្លាំង​ដោយ​សំណុំ​រឿង​កោះ​តៃវ៉ាន់ ដែល​កំពុង​កើន​កម្តៅ​ខ្លាំង។ ជំនួប​នេះ ត្រូវ​បាន​ក្រសួង​ការបរទេស​អាមេរិក​អះអាង​ក្នុង​សេចក្តី​ប្រកាស​ថា ជា​ការ​ស្វែងរក​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជំនួប​ដោយ​ផ្ទាល់​រវាង​លោក​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន​ក្នុង​ពេល​ខាង​មុខ ចាប់​តាំង​ពី​លោក ចូ បៃដិន ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​មក។

សូម​ជ្រាប​ថា ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក បាន​ធ្លាក់ចុះ​ទាប​បំផុត បន្ទាប់​ពី​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បាន​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ ដែលនាំ​ឱ្យ​មាន​សមយុទ្ធ​យោធា​ដ៏​សម្បើម​ពី​សំណាក់​ទីក្រុង​ប៉េកាំង។ ចិន​ក៏​បាន​ប្រកាស​ផ្អាក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​នោះ​គឺ​មាន​សំណុំ​រឿង​អាកាសធាតុ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​កម្តៅ​ផែនដី​ជាដើម។

កាល​ពី​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​បញ្ជាក់​ថា ទ័ព​អាមេរិក​នឹង​ការពារ​តៃវ៉ាន់ បើ​កោះ​មួយ​នេះ​រង​ការ​វាយ​ប្រហារ​ចូល​ឈ្លានពាន​ពី​ចិន។ ហើយ​ចិន​បាន​ឆ្លើយ​តប​វិញ​ក្នុង​ថ្ងៃទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២២ ដោយ​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក បៃដិន ថា ជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​ការ​សន្យា​របស់​អាមេរិក​ដែល​មិន​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់៕