The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ទៅដល់​កូរ៉េ​ខាងត្បូង បង្ហាញ​សាច់ដុំ​ដាក់​កូរ៉េ​ខាងជើង​

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ទៅដល់​កូរ៉េ​ខាងត្បូង បង្ហាញ​សាច់ដុំ​ដាក់​កូរ៉េ​ខាងជើង​

Content image - Phnom Penh Post
នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​អាមេរិក USS Ronald Reagan បាន​មក​ដល់​កំពង់ផែប៊ូសាន របស់​កូរ៉េ​ខាងត្បូង នា​ថ្ងៃ​ទី ​២៣ ខែ​កញ្ញា ឆ្នាំ​ ២០២២ ​នេះ​។ រូបថត AFP

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ទៅដល់​កូរ៉េ​ខាងត្បូង បង្ហាញ​សាច់ដុំ​ដាក់​កូរ៉េ​ខាងជើង​

នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​អាមេរិក USS Ronald Reagan បាន​មក​ដល់​កំពង់ផែ ប៊ូសាន របស់​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​កញ្ញា ឆ្នាំ​ ២០២២ ​នេះ​។ ដំណើរ​មកដល់​នៃ​នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក គឺ​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កូរ៉េ​ខាងត្បូង ក្នុង​គោលបំណង​បង្ហាញ​ភាព​ខ្លាំង​របស់​ពួកគេ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង ដែល​កំពុង​កើនឡើង​។

សមយុទ្ធ​រួមគ្នា​ដែល​គ្រោង​ធ្វើឡើង​នា​ពេលនេះ​នឹង​មាន​វត្តមាន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ផង​នោះ គឺជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​ ២០១៧ ​មក​។ កាលពី​ពេលនោះ សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចំនួន​ ៣ ​រួមទាំង​នាវា Reagan ផង សម្រាប់​សមយុទ្ធ​កងទ័ព​ជើងទឹក​ជាមួយ​កូរ៉េ​ខាងត្បូង ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាងជើង​។

នៅ​ឆ្នាំ​ ២០២២ ​នេះ ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ បាន​ស្តារ​ឡើង​វិញ​នូវ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​ពួកគេ បន្ទាប់ពី​ផ្អាក ឬ​កាត់បន្ថយ​កាលពី​ឆ្នាំ​កន្លង​ទៅ ដើម្បី​គាំទ្រ​ទំនាក់ទំនង​ការទូត​រវាង​ទីក្រុង​ព្យុងយ៉ាង និង​ដោយសារ​ជំងឺ​កូវីដ ១៩ ​ផង​។

កងទ័ព​ជើងទឹក​កូរ៉េ​ខាងត្បូង​បាន​លើក​ឡើង​ថា ការ​ហ្វឹកហ្វឺន​រួមគ្នា​ជាមួយ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក នៅ​ពេលនេះ គឺ​សំដៅ​ជំរុញ​ការ​ត្រៀមខ្លួន​ខាង​យោធា​របស់​សម្ព័ន្ធ​មិត្ត​ទាំងពីរ និង​ដើម្បី​បង្ហាញ​ពី «​ការតាំង​ចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់​កូរ៉េ​-​អាមេរិក ដើម្បី​សន្តិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​» ។

ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង​ក៏​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​របៀបវារៈ​ដ៏​សំខាន់​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក គឺ​លោកស្រី ខាម៉ាឡា ហារីស​។ លោកស្រី​នឹងធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង នៅ​សប្តាហ៍​ក្រោយ​បន្ទាប់ពី​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់​រដ្ឋ​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីនហ្សូ អាបេ នៅ​ទីក្រុង​តូក្យូ។

គួរ​ជ្រាប​ថា ការ​មកដល់​នៃ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Reagan នៅ​ទឹកដី​ប្រទេស​កូរ៉េ​ខាងត្បូង​កើតឡើង​បន្ទាប់ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គីម ជុង អ៊ុន បាន​ប្រាប់​សភា​នៃ​ក្រុង​ព្យុងយ៉ាង​ក្នុង​ខែ​កញ្ញា​នេះ​ថា លោក​នឹង​មិន​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ឡើយ​។ លោក គីម ថា​លោក​ត្រូវការ​វា​ជា​ចាំបាច់ ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​លោក​យល់​ថា​ជា​ការ​បង្ក​អរិភាព​របស់​សហរដ្ឋអាមេរិក​។

ប្រទេស​កូរ៉េ​ខាងជើង​ក៏​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ ដែល​កំណត់​ឋានៈ​របស់​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ និង​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាម​សេណារីយ៉ូ​ដ៏​ធំ​ទូលាយ នៅពេល​ដែល​ប្រទេស ឬ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ទទួល​រង​ការ​គំរាមកំហែង​។

កូរ៉េ​ខាងជើង​បាន​បង្កើន​ការ​សាកល្បង​អាវុធ​ដល់​កម្រិត​កំណត់ត្រា​ថ្មី​ក្នុង​ឆ្នាំ​ ២០២២ ​នេះ ដោយ​បាន​បាញ់​បង្ហោះ​អាវុធ​ផ្លោង​ជាង ៣០​ គ្រាប់ រួមទាំង​មីស៊ីល​ផ្លោង​អន្តរទ្វីប​របស់ខ្លួន​។ នេះ​ជាការ​កើនឡើង​គួរឱ្យ​កត់សម្គាល់​នៃ​ការ​សាកល្បង​អាវុធ​ចាប់តាំងពី​ឆ្នាំ ២០១៧​ មក​។

ខណៈពេល​ដែល​មីស៊ីល ICBMs របស់​កូរ៉េ​ខាងជើង ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​សហរដ្ឋអាមេរិក ព្រោះ​វា​បង្ក​ការ​គំរាមកំហែង​ដល់​ទឹកដី​អាមេរិក កូរ៉េ​ខាងជើង​ក៏​កំពុង​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ និង​កាំជ្រួច​រយៈ​ចម្ងាយ​ខ្លី​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​គេច​ពី​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​កូរ៉េ​ខាងត្បូង​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍